កណ្តាល ៖ មុខសញ្ញាជួញដូរនិងប្រើប្រាស់គ្រឿងញៀនចំនួន៤នាក់ បានត្រូវកម្លាំងនគរបាលប៉ុស្តិ៍រដ្ឋាបតាលន់សហការជាមួយជំនាញផែកប្រឆាំងគ្រឿងញៀនស្រុកស្អាងចាប់បង្ក្រាបនិងដកហូតបានម្សៅក្រាម ពណ៌សសង្ស័យជាសារធាតុញៀនដោយខុសច្បាប់ចំនួន១២កញ្ចប់ ក្រោយពីប្រជាពលរដ្ឋបានរាយការណ៍។ កិច្ចបង្ក្រាបនេះ ធ្វើឡើងនៅថ្ងៃទី ២១ ខែ មករា ឆ្នាំ២០១៩ វេលាម៉ោង ១៤និង០០នាទី ចំណុច ភូមិ ព្រែកតាប្រាក់ ឃុំតាលន់ ស្រុកស្អាង ខេត្តកណ្តាល។
លោកវរសេនីយ៍ឯក សេង សុជាតិ អធិការនគរបាលស្រុកស្អាង បានឲ្យដឹងថា ជនសង្ស័យចំនួន០៤នាក់ (ឃាត់ខ្លួន) / ឈ្មោះ លី ឡា ភេទប្រុស អាយុ១៨ឆ្នាំ ជនជាតិខ្មែរ មុខរបរ កម្មករសំណង់ ទីលំនៅបច្ចុប្បន្នភូមិ ព្រែកតាប្រាក់ ឃុំតាលន់ ស្រុកស្អាង ខេត្តកណ្តាល។ ត្រូវជាប្អូនរបស់ឈ្មោះ លី លាង ។ (ជួញដូរ) ២ / ឈ្មោះ ជួប សុវណ្ណរិទ្ធ ភេទប្រុស អាយុ ១៧ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ កសិករ ។ (ជួញដូរ) ៣ / ឈ្មោះ លី លាង ភេទប្រុស អាយុ ២០ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ កសិករ ។ ធ្លាប់ជាប់ពន្ធនាគារខេត្តកណ្តាលចំនួន ០២លើក ពីបទរក្សាទុកគ្រឿងញៀនខុសច្បាប់ កាលពីឆ្នាំ២០១៤ និងឆ្នាំ២០១៦។ ត្រូវជាបងរបស់ឈ្មោះ លី ឡា ។ (ប្រើប្រាស់)
-អ្នកទាំងបី មានទីលំនៅបច្ចុប្បន្នភូមិ ព្រែកតាប្រាក់ ឃុំតាលន់ ស្រុកស្អាង ខេត្តកណ្តាល ។ ៤ / ឈ្មោះ វុធ ជឿន ភេទប្រុស អាយុ ១៧ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ លក់ដូរ ទីលំនៅបច្ចុប្បន្នភូមិ លេខ ១ ឃុំពោធិបាន ស្រុកកោះធំ ខេត្តកណ្តាល ។ (ជួញដូរ)។ ក្នុងពេលប្រតិបត្តិការបង្ក្រាបវត្ថុតាងចាប់យករួមមាន៖ ១ / ម្សៅក្រាមពណ៌សថ្លាសង្ស័យថា ជាសារធាតុញៀន(ម៉ាទឹកកក) ចំនួន ១២កញ្ចប់ ក្នុងនោះ ធំ ០៨កញ្ចប់ និងតូច ០៤កញ្ចប់។ ២ / សម្ភារៈវេចខ្ចប់ប្រើប្រាស់គ្រឿងញៀនមួយចំនួន ។
លោកអធិការបញ្ជាក់ថា នៅវេលាម៉ោងកើតហេតុ ក្រោយទទួលបានព័ត៌មានពីប្រជាពលរដ្ឋល្អថា មានករណីជួញដូរគ្រឿងញៀន នៅចំណុចកើតហេតុខាងលើ។ ភ្លាមនោះកម្លាំងផ្នែកប្រឆាំងបទល្មើសគ្រឿងញៀន សហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលតាលន់ បានចុះដល់ចំណុចកើតហេតុ ធ្វើការត្រួតពិនិត្យឆែកឆេរឈ្មោះ វុធ ជឿន បានរកឃើញម្សៅក្រាមពណ៌សថ្លាសង្ស័យជាសារធាតុញៀន(ម៉ាទឹកកក)ចំនួន ០៣កញ្ចប់តូច នៅនឹងខ្លួន រួចឃាត់ខ្លួនជនសង្ស័យ ដើម្បីសាកសួរ។
នៅចំពោះមុខសមត្ថកិច្ចនគរបាល ឈ្មោះ វុធ ជឿន បានសារភាពថា គ្រឿងញៀន(ម៉ាទឹកកក)ចំនួន ០៣កញ្ចប់តូចនេះ ឈ្មោះ លី ឡា បានប្រើខ្លួនយកទៅលក់ឲ្យគេ ក្នុងតម្លៃ៨ម៉ឺនរៀល។
ដោយមានការចូលរួមពីលោក មេភូមិ ព្រែកតាប្រាក់ កម្លាំងសមត្ថកិច្ចនគរបាលស្រុកស្អាង ធ្វើការឃាត់ខ្លួនឈ្មោះ លី ឡា , ឈ្មោះ លី លាង និង ឈ្មោះ ជួប សុវណ្ណរិទ្ធ នៅក្នុងផ្ទះរបស់ឈ្មោះ លី ឡា។ បន្ទាប់មកសមត្ថកិច្ចនគរបាល បានធ្វើការត្រួតពិនិត្យឆែកឆេរលំនៅឋានឈ្មោះ លី ឡា បានរកឃើញម្សៅក្រាម ពណ៌សថ្លាសង្ស័យជាសារធាតុញៀន(ម៉ាទឹកកក)ចំនួន ០៩កញ្ចប់ ក្នុងនោះ ធំ ០៨កញ្ចប់ , តូច ០១កញ្ចប់ និងសម្ភារៈវេចខ្ចប់ប្រើប្រាស់គ្រឿងញៀនមួយចំនួន រួចឃាត់ខ្លួនជនសង្ស័យទាំងបួននាក់ រួមនឹងវត្ថុតាង បញ្ជូនមកប៉ុស្តិ៍នគរបាលរដ្ឋបាលតាលន់ ដើម្បីសាកសួរ។
នៅចំពោះមុខសមត្ថកិច្ចនគរបាល ឈ្មោះ លី ឡា បានសារភាពថា គ្រឿងញៀន(ម៉ាទឹកកក)ចំនួន ១២កញ្ចប់នេះ ខ្លួនបានទិញពីបុរសម្នាក់មិនស្គាល់ឈ្មោះ នៅចំណុចផ្លូវជាតិទួលក្រសាំង ឃុំរកាខ្ពស់ ស្រុកស្អាង តម្លៃ ៦០ម៉ឺនរៀល ដើម្បីយកមកវេចខ្ចប់លក់បន្ត ក្នុង០១កញ្ចប់ធំ តម្លៃ ២០ម៉ឺនរៀល និងកញ្ចប់តូច តម្លៃ ០៣ម៉ឺនរៀល។ ចំណែកឈ្មោះជួប សុវណ្ណរិទ្ធ សារភាពថា ខ្លួនមកទិញគ្រឿងញៀនពីឈ្មោះលី ឡាដើម្បីលក់បន្ដ និងឈ្មោះលី លាងសារភាពថា ខ្លួនបានប្រើប្រាស់គ្រឿងញៀន។
បច្ចុប្បន្នជនសង្ស័យទាំងបួននាក់ បានឃាត់ខ្លួននៅអធិការដ្ឋាននគរបាលស្រុកស្អាងតាមបញ្ជាលោក លាវ ស្រេង ព្រះរាជអាជ្ញាសាលាដំបូងខេត្តកណ្ដាលនៅវេលាម៉ោង១៧និង៤៥នាទី(ថ្ងៃ ខែ ឆ្នាំដដែល) ដើម្បីបន្ដអនុវត្ដតាមនីតិវិធី៕
Source: Kampuchea Thmey Daily
0 Comments