​ស្វាយរៀង​ ៖​ ​​ក្នុង​រយៈពេល​ជិត​មួយ​ខែ​ ដើម​ឆ្នាំ​២០១៩​នេះ​ មាន​ឈ្មួញ​វៀតណាម​លួច​នាំ​ម៉ូតូ​គេច​ពន្ធ​ពី​ប្រទេស​វៀតណាម ​ចូល​មក​កម្ពុជា​ តាម​ច្រក​របៀង​សំរោង​ ស្ថិត​ក្នុង​ភូមិ​សំរោង​ ឃុំ​សំរោង ​ស្រុក​ចន្ទ្រា​ ខេត្ត​ស្វាយរៀង ​ដូច​គេ​ហែ​កឋិន ​គ្មាន​ការ​រំខាន​ពី​សមត្ថកិច្ច​ណា​នោះទេ​ សង្ស័យ​ត្រូវ​ថ្នាំ ​ឬ​ទទួលបាន​សំណែន​ទេ​ដឹង​ បានជា​បណ្ដែត​បណ្ដោយ​ឲ្យ​ឈ្មួញ​នាំចូល​យ៉ាង​រលូន​បែបនេះ​?​។​

បើតាម​សមត្ថកិច្ច​មូលដ្ឋាន​បាន​បង្ហើប​ឲ្យ​ដឹងថា ចាប់ពី​ដើមខែ​មករា​ឆ្នាំ​២០១៩​ មកដល់​ថ្ងៃទី​២២​មករា​នេះ ​ក្រុម​ឈ្មួញ​បាន​សម្រុក​នាំ​ម៉ូតូ​គេចពន្ធ​ពី​ប្រទេស​វៀតណាម ​ចូល​តាម​ច្រក​របៀង​សំរោង​ ដែល​នៅ​ខាងត្បូង​ច្រកទ្វារ​​តំបន់​ព្រំដែន​សំរោង​ ប្រមាណ​ជា​៣០០​ម៉ែត្រ​ ស្ថិតនៅ​ភូមិ​សំរោង ​ឃុំ​សំរោង​ស្រុក​ចន្ទ្រា ​ក្នុង​១​ថ្ងៃៗ​ ចាប់ពី​៥០​គ្រឿង​ ទៅ​១០០​គ្រឿង ​រួច​មាន​អ្នក​មក​ប្រមូល​ទិញ​ដឹក​តាម​រថយន្ត​ដឹក​ឆ្ពោះ​ទៅ​រាជធានី​ភ្នំពេញ​យ៉ាង​រលូន​។

​ប្រភព​ដដែល​បន្តទៀតថា ក្នុង​មួយ​ជើង​ រថយន្ត​មួយគ្រឿង​ដឹក​ម៉ូតូ​បាន​៧០​គ្រឿង ​ទៅ​១០០​គ្រឿង​​​ហើយ​ម៉ូតូ​ដែល​ឈ្មួញ​នាំ​ចូលមក​នោះ ​គឺ​ប្រភេទ​ហុងដា​សេ​១១០​ ម៉ាកវ៉េវ ​ហៅ​ឆ្លាម​ ស៊េរី​ទំនើប ​តម្លៃ​ដល់ដៃ​ឈ្មួញ​ខ្មែរ​ក្នុង​១​គ្រឿង​ ចាប់ពី​៥៨០​ដុល្លារ ​រហូត​ទៅ​៨០០​ដុល្លារ​ រហូត​ទៅដល់​២០០០ ​ទៅ​៣០០០​ដុល្លារ ​តាម​ស៊េរី​ ឬ​ម៉ូតូ​ថ្មី​ល្អ​។

​បើតាម​ឈ្មួញ​ដែលជា​អ្នករកស៊ី​ទទួល​ទិញ​ម៉ូតូ​ពី​វៀតណាម​ម្នាក់​បាន​បង្ហើប​ឲ្យ​ដឹងថា ពួកគាត់​ទទួល​ពី​វៀតណាម​យកមក​លក់​បន្ត​ឲ្យ​ទៅ​ ឈ្មោះ​ បញ្ញា​ នៅ​ក្រុង​ស្វាយរៀង​ ជា​អ្នកប្រមូល​ទិញ​ ហើយ​ពួកគាត់​បាន​បង់ប្រាក់​ឲ្យ​មន្ត្រី​PM​ម្នាក់​ ឈ្មោះ ​រិ​ន​ ជា​អ្នកប្រមូល​លុយ​ពី​ឈ្មួញ​នៅ​ព្រំដែន​សំរោង​ ក្នុង​១​គ្រឿង ​២០​ដុល្លារ​។

​ប្រភព​ដដែល​បាន​បន្តថា ចំពោះ​ការដឹក​ម៉ូតូ​តាម​រថយន្ត​​ ឆ្ពោះ​ទៅ​រាជធានី​ភ្នំពេញ​នោះ​ មិន​ដឹង​ថា​ សមត្ថកិច្ច​ឈ​ជើង​តាម​ដងផ្លូវ​បានដឹង​ ឬ​យ៉ាងណាទេ​។ ​ក៏ប៉ុន្តែ​ពួក​ឈ្មួញ​រកស៊ី​ម៉ូតូ​គេចពន្ធ​ទាំង​នោះ​បាន​បង្ហើប​ទៀតថា ថៅកែ​ម៉ូតូ​ ឈ្មោះ​ បញ្ញា​ នេះ​ គេ​រកស៊ី​យូរ​ឆ្នាំ​មក​ហើយ​ មិនដែល​សមត្ថកិច្ច​ណា​ហ៊ាន​ចាប់​ទេ ​ទំនង​មាន​ខ្នង​ធំ​ណាស់។​

ទាក់ទិន​ករណី​ខាងលើ​នេះដែរ ​មន្ត្រី​សាខាគយ ​និង​រដ្ឋាករ​សំរោង​ស្រុក​ចន្ទ្រា​បាន​មានប្រសាសន៍​តាម​ទូរស័ព្ទ​ថា ពិត​ជាមាន​ឈ្មួញ​លួច​នាំ​ម៉ូតូ​គេចពន្ធ​ពី​ប្រទេស​វៀតណាម​តាម​ច្រក​របៀង​សំរោង​មែន​ ក៏ប៉ុន្តែ​មន្ត្រី​គយ​ភាគច្រើន​នៅ​ប្រចាំការ​ឯ​សាខាគយ​ និង​រដ្ឋាករ​ខេត្តស្វាយរៀង​ ពេល​ចុះ​ល្បាត​ម្តងៗ​ពួក​ឈ្មួញ​ដឹងខ្លួន​ គឺ​មិន​ធ្វើ​សកម្មភាព​ទេ ពេល​មន្ត្រី​គយ​ត្រឡប់មក​ស្នាក់ការ​វិញ​ ទើប​ពួកគេ​ចេញ​ធ្វើ​សកម្មភាព ​ទើប​ពិបាក​ក្នុងការ​បង្ក្រាប​។​

មន្ត្រី​គយ​ដដែល​បន្តទៀតថា មន្ត្រី​គយ​ពិបាក​ក្នុងការ​បង្ក្រាប​ខ្លាំងណាស់ ​ដោយ​តាម​ច្រករបៀង​មាន​សមត្ថកិច្ច​នគរបាល​វរៈ​ការពារ​ព្រំដែន​ឈរជើង​ទីនោះ ​ដូច្នេះ​សូម​ឲ្យ​អ្នក​សារព័ត៌មាន​សួរ​ទៅ​សមត្ថកិច្ច​នគរបាល​វិញ​។​

មហាជន ​បានធ្វើ​រិះគន់​ដោយ​ត្រង់ៗ​ថា បើ​សមត្ថកិច្ច​ពាក់ព័ន្ធ​តាម​ព្រំដែន​រួមមាន​ ៖​ គយ នគរបាល​ការពារ​ព្រំដែន យោធា​ការពារ​ព្រំដែន​ និង​កងរាជអាវុធហត្ថ​ដែល​ប្រចាំការ​នៅ​ទីនោះ ​ពិសេស​សមត្ថកិច្ច​គយ​នៅតែ​បណ្ដែតបណ្ដោយ​ឲ្យ​ឈ្មួញ​ធ្វើ​ព្យុះ​ធ្វើ​ភ្លៀង​បែបនេះ​ ច្បាស់​ចំណូល​ពន្ធគយ​ត្រូវ​បាត់បង់​មិនបាន​ចូល​ថវិកាជាតិ​នោះទេ​។​

ប្រភព​ខាងលើ​បាន​បន្ថែមថា យើង​គិត​លេងៗ​មើល ​ម៉ូតូ​មួយគ្រឿង​ ត្រូវ​បង់​នាំចូល​ពី​២០០​ ទៅ​៣០០​ដុល្លារ​ តាម​ស៊េរី​ចុះ​មួយថ្ងៃ​នាំចូល​គេចពន្ធ​មួយថ្ងៃ​ពី​៧០ ​គ្រឿង​ទៅ​១០០​គ្រឿង​នេះ ​គ្រាន់​ច្រកព្រំដែន​សំរោង​មួយ​មិន​គិត​ច្រកព្រំដែន​ទូទាំង​ខេត្ត​ផង​ សួរថា តើ​រដ្ឋ​បាត់​ចំណូល​ពន្ធគយ​ប៉ុន្មាន​?៕



Source: Kampuchea Thmey Daily