ភ្នំពេញ ៖ តាមការកំណត់របស់ចៅក្រម នៅវេលាម៉ោង៨និង១៧នាទីព្រឹក ថ្ងៃទី២៣ ខែមករា ឆ្នាំ២០១៩នេះ លោក គង់ គាំ អតីតឧត្តមទីប្រឹក្សាអតីតគណបក្សសង្គ្រោះជាតិ បានចូលទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ដើម្បីធ្វើការបំភ្លឺ ជុំវិញសំណុំរឿង លោក កឹម សុខា ហើយខណៈចូលមកដល់តុលាការ លោកបានថ្លែងប្រាប់អ្នកសារព័ត៌មានថា លោកមកនេះ តាមការកោះហៅរបស់ចៅក្រម សាលាដំបូងរាជធានីភ្នំពេញ លោក គី ឬទ្ធី ហើយចំពោះបញ្ហាអ្វីខ្លះ ដែលត្រូវបំភ្លឺនៅ លោកមិនទាន់ដឹងទេ រង់ចាំជួបចៅក្រមសិន។
សូមបញ្ជាក់ថា ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ លោក គី ឫទ្ធី កាលពីថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០១៨ បានចេញដីកាកោះហៅ លោក គង់ គាំ ឲ្យចូលឆ្លើយបំភ្លឺក្នុងនាមជាសាក្សី នៅព្រឹកថ្ងៃទី២៣ ខែមករា ឆ្នាំ២០១៩ វេលាម៉ោង៨និង៣០នាទី។
លោក កឹម សុខា ត្រូវបានសមត្ថកិច្ចចាប់ខ្លួននៅពាក់កណ្តាលអធ្រាត្រ ឈានចូលថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០១៧។ ក្រោយឃាត់ខ្លួន សមត្ថកិច្ចបានបញ្ជូន លោក កឹម សុខា ទៅឃុំបណ្ដោះអាសន្ន នៅពន្ធនាគារត្រពាំងផ្លុង ខេត្តត្បូងឃ្មុំ ហើយត្រូវបានធ្វើការចោទប្រកាន់ពីបទ សន្ទិដ្ឋិភាពជាមួយបរទេស តាមបញ្ញត្តិមាត្រា ៤៤៣ នៃក្រមព្រហ្មទណ្ឌ។
បើតាមក្រមព្រហ្មទណ្ឌ បទសន្ទិដ្ឋិភាពជាមួយបរទេស គឺជាអំពើត្រូវរ៉ូវគ្នាដោយសម្ងាត់ ជាមួយរដ្ឋបរទេស ឬភ្នាក់ងារបរទេស ដើម្បីបង្កើតឲ្យមានអំពើប្រទូសរ៉ាយ ឬឲ្យមានអំពើឈ្លានពានប្រឆាំងនឹងព្រះរាជាណាចក្រកម្ពុជា។ បទល្មើសនេះ ត្រូវជាប់ពន្ធនាគារពី ១៥ ដល់ ៣០ឆ្នាំ៕
Source: Kampuchea Thmey Daily
0 Comments