ភ្នំពេញ ៖ កុមារាអាយុជាង៤ឆ្នាំ ម្នាក់ បានរងនូវការធ្វើទារុណកម្មធ្ងន់ធ្ងរពីបុរសម្នាក់ ត្រូវជាឪពុកមាខណៈដែលម្តាយរបស់គាត់ជាប់រវល់ទៅធ្វើការស៊ីឈ្នួលគេនៅតាមខេត្តជាយូរខែកន្លងមក ប៉ុន្តែបុរសនោះ ក៏ត្រូវបានប៉ូលិសចាប់ខ្លួនដែរ ពីបទប្រើអំពើហិង្សាមកលើកុមារ កាលពីល្ងាចថ្ងៃទី២១ ខែមករា ឆ្នាំ២០១៩ នៅខណ្ឌសែនសុខ។
ជនដែលត្រូវបានចាប់ខ្លួនខាងលើ ឈ្មោះ ប៉ែន ចាន់ត្រា អាយុ៣៤ឆ្នាំ មុខរបររត់រ៉ឺម៉កម៉ូតូ មានទីលំនៅភូមិដីថ្មី ម្តុំជាប់ផ្លូវរថភ្លើង សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ។
ចំណែកកុមារារងគ្រោះ ឈ្មោះ ហ៊ៅ ទេវា អាយុជាង៤ឆ្នាំ (កើតនៅថ្ងៃទី០៦ ខែ០៦ ឆ្នាំ២០១៤) ស្នាក់នៅក្នុងបន្ទុកការចិញ្ចឹមគ្រប់គ្រង ដោយ ឈ្មោះ ប៉ែន ចាន់ត្រា។
ប្រភពព័ត៌មានពីសមត្ថកិច្ចនគរបាលមូលដ្ឋានបានឲ្យដឹងថា នៅមុនពេលកើតហេតុ ម្តាយបង្កើតរបស់កុមារារងគ្រោះ ឈ្មោះ ប៉ែន ធាវិច បានចេញពីផ្ទះទៅធ្វើការស៊ីឈ្នួល គេនៅឯខេត្តព្រះសីហនុ (កំពង់សោម) កាលពីអំឡុងខែតុលា ឆ្នាំ២០១៨ ដោយទុកផ្ញើកុមារារងគ្រោះនេះ រួមជាមួយបងស្រីរបស់គេម្នាក់ឈ្មោះ ហុង រក្សា ឲ្យស្នាក់រស់នៅជាមួយ ឈ្មោះ ប៉ែន ចាន់ត្រា ជាឪពុកមាបង្កើត។
ប្រភពដដែលបានបន្តថា ក្រោយមក ឈ្មោះ ប៉ែន ចាន់ត្រា បានដឹងថា កុមារារងគ្រោះ ឈ្មោះ ហ៊ៅ ទេវា តែងតែរពឹសដៃយករបស់របរក្នុងផ្ទះមានដូចជា ចានស្លាប ព្រា កាំបិតផ្សេងៗ ទៅបោះចោលនៅខាងក្រៅផ្ទះ ក៏បានចាប់វាយក្បាល ដោយប្រើម្រាមដៃ ខោកចំនួន៤ដង ក្នុងម្តងខោក ១ទៅ២ក្រញរ ដើម្បីជាការព្រមានឲ្យគេរាងចាល រាល់ពេលយកទ្រព្យសម្បត្តិក្នុងផ្ទះមកបោះចោលម្តង។
ក្រោយមក ទៀតនៅថ្ងៃកើតហេតុ វេលាម៉ោងប្រហែល៣រសៀល ខណៈ ឈ្មោះ ប៉ែន ចាន់ត្រាត្រឡប់មកពីរត់រ៉ឺម៉កវិញ បានឃើញកុមារខាងលើនៅតែយកសម្ភារៈមកបោះចោលនៅក្រៅផ្ទះទៀត ខឹងពេក ក៏យកអំបោសបោសដីមកវាយ រហូតបាក់ ក៏បន្តដោះខ្សែក្រវាត់ពីចង្កេះមកវាយទៀត រហូតទាល់តែអស់ចិត្តគេ បណ្តាលឲ្យកុមារារបួសធ្ងន់ធ្ងរ ហើយបងស្រីកុមារារងគ្រោះលើកដាក់រ៉ឺម៉កយកទៅដាក់នៅមន្ទីរពេទ្យគន្ធបុប្ផា រួចចាកមកវិញ។
នៅពេលគ្រូពេទ្យសួរនាំ នាងជាបងស្រី ថា តើមូលហេតុអីបានកុមារានេះមានរបួសធ្ងន់ធ្ងរបែបនេះ នាងជាបង ក៏បានប្រាប់គ្រូពេទ្យពីដំណើររឿងនេះ ហើយខាងគ្រូពេទ្យ ក៏បានរាយការណ៍ទៅអង្គការជួយគាំពារកុមារឲ្យដឹង ហើយខាងអង្គការក៏បានប្តឹងប៉ូលិសឲ្យជួយចាត់ការតាមច្បាប់មកលើបុរសដែលបានប្រើអំពើហិង្សាមកលើកុមារបណ្តាលឲ្យរងរបួសធ្ងន់ធ្ងរ បាក់ឆ្អឹងដងកាំបិត និងរាងកាយ
ផ្ទៃមុខសុសសព្វសាច់ យ៉ាងឃោរឃៅ គ្មានមនុស្សធម៌ក្នុងចិត្ត។
នៅវេលាម៉ោងប្រហែល៦ព្រលប់ ប៉ូលិសបានតាមរកឃើញជនដៃដល់នៅម្តុំមុខមជ្ឈមណ្ឌលពាណិជ្ជកម្ម អ៊ែតវូដ ក្បែរ ក្រសួងពាណិជ្ជកម្ម ក្នុងសង្កាត់អូរបែកក្អម ខណ្ឌសែនសុខ ចាប់វាយខ្នោះយកមកសួរនាំនៅប៉ុស្តិ៍ និងបន្តបញ្ជូនទៅតុលាការឲ្យវិនិច្ឆ័យទោសទណ្ឌរបស់គេតាមនីតិវិធី៕
Source: Kampuchea Thmey Daily
0 Comments