​ភ្នំពេញ ​៖ ​មន្ត្រី​ជាន់ខ្ពស់​ក្រសួងសុខាភិបាល​បាន​អះអាងថា​ ការយល់ដឹង​ពី​ការថែទាំ​សុខភាព ជា​ផ្នែក​មួយ​សំខាន់​ក្នុង​ការធ្វើ​ឲ្យ​ប្រសើរ​ឡើង​នូវ​ការស្វែងរក​សេវា​សុខភាព​ឲ្យ​បាន​ត្រឹមត្រូវ​ និង​ប្រកប​ដោយ​គុណភាព​ខ្ពស់​។​
​ ​
លោកស្រី​វេជ្ជបណ្ឌិត ឱ វណ្ណឌី​ន អគ្គនាយក​បច្ចេកទេស​សុខាភិបាល​ នៃ​ក្រសួងសុខាភិបាល​បាន​ថ្លែង​បែបនេះ​នៅ​ក្នុង​សិក្ខាសាលា ​ស្ដីពី សៀវភៅ “​ការ​យល់ដឹង​ពី​ការថែទាំ​សុខភាព​សហគមន៍​” ជា​ឧបករណ៍​ដ៏​សំខាន់​សម្រាប់​គម្រោង ការ​គ្របដណ្ដប់​សុខ​ភាពជា​សកល​ ដែល​ត្រូវ​យកទៅ​អនុវត្តន៍​នៅ​ខេត្ត​កំពង់ធំ កំពង់ស្ពឺ និង​កំពត​ដែល​រៀបចំ​ចំ​ឡើង​មជ្ឈមណ្ឌល​ជាតិ​លើក​កម្ពស់​សុខភាព​ នៃ​ក្រសួងសុខាភិបាល​។​

លោកស្រី​វេជ្ជបណ្ឌិត ឱ វណ្ណឌី​ន បាន​មានប្រសាសន៍ថា សៀវភៅ “​ការយល់ដឹង​ពី​ការថែទាំ​សុខភាព​សហគមន៍​” នេះ មាន​សារៈសំខាន់​សម្រាប់​សហគមន៍​ដើម្បី​យកទៅ​ប្រើប្រាស់​ជា​គុណប្រយោជន៍​ទទួល​បាន​នូវ​ព័ត៌មាន​សុខភាព ហើយ​ជួយ​បង្កើន​នូវ​ចំណេះដឹង​អំពី​ការថែទាំ​សុខភាព ក៏ដូចជា​ការ​ជ្រើសរើស​សេវា​សុខភាព​បាន​ត្រឹមត្រូវ​នៅពេល​មាន​បញ្ហា​សុខភាព​ណាមួយ ដែល​នឹង​ជំរុញ​ឲ្យ​មាន​ការ​កែប្រែ ​និង​ទទួលយក​ទម្លាប់​រស់នៅ​ប្រកបដោយ​សុខភាព​ល្អ ព្រមទាំង​លើកកម្ពស់​ការប្រើប្រាស់​សេវា​សុខាភិបាល​ប្រកបដោយ​ប្រសិទ្ធភាព​ផងដែរ​។

លោកស្រី​បាន​ឲ្យ​ដឹង​ទៀតថា ​គម្រោង​កម្មវិធី “​ការ​គ្របដណ្ដប់​សុខភាព​ជាស​កល​” នេះ គឺជា​ការ​ប្ដេជ្ញា​ចិត្ត​បន្ថែមទៀត​របស់​ក្រសួងសុខាភិបាល ក្នុង​ការផ្តល់សេវា​សុខភាព​ប្រប​ដោយ​គុណភាព គុណធម៌ និង​សមធម៌​។ អាស្រ័យហេតុនេះ យើងទាំងអស់គ្នា​ចាំបាច់​ត្រូវ​សហការគ្នា​ឲ្យ​បាន​ល្អ ដើម្បី​រៀបចំ​សៀវភៅ​សុខភាព​នេះ​ឡើង ឲ្យ​មាន​ខ្លឹមសារ​សាមញ្ញ ងាយស្រួល​យល់​ និង​មាន​ភាព​ទាក់ទាញ​ដល់​អតិថិជន​នៅ​សហគមន៍​របស់​យើង​ឲ្យ​ពួកគាត់​ប្រើប្រាស់​ជា​គុណប្រយោជន៍​សុខភាព​សម្រាប់​ការ​អប់រំ​សុខភាព​នៅតាម​សហគមន៍​របស់​យើង​នេះ​។

លោកស្រី​បាន​បន្ថែមទៀតថា​ សៀវភៅ​សុខភាព​មួយ​នេះ ក៏​នឹង​ក្លាយ​ជា​សមិទ្ធផល​របស់​ក្រសួង​សុខាភិបាល​ដែល​មាន​មជ្ឈមណ្ឌល​ជាតិ​លើ​កម្ពស់​សុខភាព​ជា​សេនាធិការ ក្នុងការ​ប្រើប្រាស់​សម្រាប់​ការងារ​អប់រំ​និង​លើកកម្ពស់​សុខភាព ហើយ​មជ្ឈមណ្ឌល​ជាតិ​លើ​កម្ពស់​សុខភាព ត្រូវ​សម្របសម្រួល​ជាមួយ​អង្គភាព ​និង​ស្ថាប័ន​ពាក់ព័ន្ធ​ឲ្យ​បានល្អ ដើម្បី​ជំរុញ​ការបង្កើត​សៀវភៅ​នេះ​ឲ្យ​បាន​ឆាប់ និង​អាច​ដាក់​ឲ្យ​ប្រើប្រាស់​សៀវភៅ​នេះ​ដោយ​ក្រុម​ទ្រទ្រង់​សុខភាព​ភូមិ មណ្ឌល​សុខភាព និង​អ្នក​ពាក់ព័ន្ធ​ផ្សេងទៀត​ដើម្បី​ជា​ប្រយោជន៍​សាធារណជន​គ្រប់រូប​គ្រប់​វ័យ​នៅ​មូលដ្ឋាន។​

លោកស្រី​បានបញ្ជាក់​ទៀតថា ​ការងារ​អប់រំ​សុខភាព​លើកកម្ពស់​សុខភាព​ជា​ការងារ​លំបាក​មួយ​ដែល​ទាមទារ​ការយកចិត្តទុកដាក់ ទាំង​ក្នុង​ការ​បង្កើត​សារ​អប់រំ​សម្រាប់​សហគមន៍ ការ​ផ្សព្វផ្សាយ និង​ការជំរុញឲ្យ​មានការ​អនុវត្ត​ដោយ​ប្រសិទ្ធភាព និង​តម្រូវឲ្យ​មាន​ការ​ចូល​រួម​ពី​អាជ្ញាធរ និង​ស្ថាប័ន​ពាក់ព័ន្ធ​ក្នុងការ​ជំរុញ​ការ​ផ្លាស់ប្ដូរ​ឥរិយាបថ ​ដើម្បី​សុខភាព​ផ្ទាល់ខ្លួន​របស់​ពួកគាត់​។ ការងារ​នេះ​តម្រូវឲ្យ​យើង​មាន​ជំនាញ​ច្បាស់លាស់ និង​ការ​ប្ដេជ្ញា​ចិត្ត​ខ្ពស់​ក្នុង​ការ​អនុវត្ត​ការងារ​។​

ទន្ទឹមនឹងនោះ លោកស្រី​អគ្គនាយក​បច្ចេកទេស​សុខាភិបាល បាន​ណែនាំ​ឲ្យ​មានការ​ពិគ្រោះ​យោបល់​ជា​ចុងក្រោយ​ជាមួយ​ក្រុម​អ្នកប្រើប្រាស់​សៀវភៅ​នេះ មុននឹង​ឈានទៅដល់​ការអនុម័ត​សម្រេច​របស់​ក្រសួងសុខាភិបាល​ជា​ផ្លូវការ​៕




Source: Kampuchea Thmey Daily