លោក Michael Cohen ដែលជាអតីតមេធាវីរបស់លោក Donald Trump បានផ្អាកការផ្តល់សក្ខីកម្មនៅក្នុងសភាដោយលើកឡើងពីការគំរាមកំហែងពីប្រធានាធិបតី។ នេះបើតាមការលើកឡើងកាលពីថ្ងៃពុធពីលោក Lanny Davis ដែលជាមេធាវីរបស់លោក Cohen។
ទោះបីជាយ៉ាងណាក៏ដោយ បើយោងតាមសេចក្តីថ្លែងការណ៍របស់លោក Davis បានឲ្យដឹងថា ការគំរាមកំហែងនេះមិនបានបញ្ជាក់ច្បាស់លាស់ទេប៉ុន្តែត្រូវបានគេចោទប្រកាន់ថាចេញមកពីប្រធានាធិបតីនិងមេធាវីផ្ទាល់ខ្លួននាពេលបច្ចុប្បន្នរបស់គាត់គឺលោក Rudy Giuliani ។
លោក Cohen គ្រោងនឹងបង្ហាញខ្លួននៅចំពោះមុខគណៈកម្មាធិការត្រួតពិនិត្យសភានៅថ្ងៃទី៧ខែកុម្ភៈដើម្បីផ្តល់សក្ខីកម្មអំពីការងាររបស់គាត់សម្រាប់លោក Trump ដោយរួមទាំងការទាក់ទងជាមួយប្រទេសរុស្ស៊ីក្នុងអំឡុងពេលនៃការបោះឆ្នោតឆ្នាំ២០១៦និងការបង់ប្រាក់បំបិទមាត់ដែលគាត់ធ្វើឡើងតាមការបញ្ជារបស់លោក Trump ទៅឲ្យអតីតគូស្នេហ៍ពីរនាក់របស់លោកប្រធានាធិបតីផងដែរ។
លោក Davis បាននិយាយថា “ដោយសារតែការគំរាមកំហែងដែលកំពុងតែបន្តប្រឆាំងនឹងក្រុមគ្រួសាររបស់គាត់ពីលោកប្រធានាធិបតី Trump និងលោក Giuliani នាពេលថ្មីៗនេះក៏ដូចជាកិច្ចសហប្រតិបត្តិការជាបន្តរបស់លោក Cohen ជាមួយនឹងការស៊ើបអង្កេតតាមការណែនាំពីរដ្ឋអាជ្ញាពិសេសនោះ ការបង្ហោះខ្លួនរបស់លោក Cohen នឹងត្រូវពន្យារពេលទៅថ្ងៃក្រោយវិញ”។
លោកបានបន្ថែមថា “នេះគឺជាពេលវេលាដែលលោក Cohen ត្រូវគិតអំពីគ្រួសារនិងសុវត្ថិភាពរបស់ពួកគេជាមុនសិន”។
លោក Trump និងលោក Giuliani បានធ្វើអត្ថាធិប្បាយម្តងហើយម្តងទៀតសំដៅលើឪពុកក្មេករបស់លោក Cohen គឺលោក Fima Shusterman ដែលជាអ្នកជំនួញម្នាក់នៅក្នុងឧស្សាហកម្មតាក់ស៊ីក្នុងទីក្រុងញូវយ៉កនិងឈីកាហ្គោ។
ប៉ុន្មានថ្ងៃបន្ទាប់ពីលោក Cohen បានសារភាពកំហុសកាលពីថ្ងៃទី២៩ខែវិច្ឆិកាថា លោកបាននិយាយកុហកទៅសភាជុំវិញការងាររបស់លោកសម្រាប់លោក Trump, លោកប្រធានាធិបតីបានវាយប្រហារគាត់នៅក្នុងការបង្ហោះ Twitter មួយដែលក្នុងនោះគាត់ក៏បានសរសេរទាក់ទងនឹងភរិយារបស់លោក Cohen និងឪពុករបស់នាងផងដែរ៕ AFP
Source: Kampuchea Thmey Daily
0 Comments