Ad Code

ទីភ្នាក់ងារ​ជាតិ​មុខរបរ​ និង​ការងារ​ នឹង​បើក​វេទិកា​ការងារ​នៅ​ចុង​ខែ​មករា​នេះ ​ដើម្បី​ផ្តល់​ឱកាស​ការងារ​ដល់​យុវជន​ជិត​១​ពាន់​កន្លែង​



ភ្នំពេញ ​៖​ ទីភ្នាក់ងារ​ជាតិ​មុខរបរ និង​ការងារ នៃ​ក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ ​នឹង​បើក​វេទិកា​ការងារ​ នៅ​ថ្ងៃទី​៣១​ ខែមករា​ ឆ្នាំ​២០១៩​ខាងមុខនេះ ​ដើម្បី​ផ្តល់ឱកាស​ការងារ​ដល់​យុវជន​ចំនួន​៨៣២​កន្លែង​។​

​យោងតាម​គេហទំព័រ​របស់​ក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ​បាន​ឲ្យ​ដឹងថា ​វេទិកា​ការងារ​នេះ​មាន​ក្រុមហ៊ុន​ចំនួន​១០​ចូលរួម​ ក្នុងនោះ​រួមមាន ​ក្រុមហ៊ុន Express Food Group Co.,Ltd.(EFG), អាស៊ី​វេរ​លុយ​(ASIA WEI LUY), Click, Park Cafe, ម៉ី​ង វួ​យ គ្រុប​(MW GROUP), THALIAS, THF&B, ប៊ុណ្ណា រៀល​ធី គ្រុប​, NAGAWORLD, PH Property។​
​ ​
ដូចនេះ​សិស្ស​-​និស្សិត ដែល​កំពុង​ស្វែងរក​ការងារ និង​ចង់​ផ្លាស់ប្ដូរ​ការងារ​ថ្មី​កុំ​ភ្លេច​ត្រៀម​ប្រវត្តិរូប​សង្ខេប (CV) ដើម្បី​ចូលរួម​ដាក់ពាក្យ​ផ្ទាល់ សម្ភាសន៍​ផ្ទាល់​ជាមួយ​អ្នកតំណាង​មកពី​បណ្តា​ក្រុមហ៊ុន ចាប់ពី​ម៉ោង​៨​និង​០០​ព្រឹក ដល់​ម៉ោង​០៥​និង​០០​ល្ងាច នៅ​មជ្ឈមណ្ឌល​ការងារ​រាជធានី​ភ្នំពេញ ស្ថិត​នៅ​ក្នុង​ក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ។​

ដើម្បី​ផ្តល់​ភាពងាយស្រួល និង​កាត់បន្ថយ​ការចំណាយ​សម្រាប់​យុវជន​អ្នកស្វែងរក​ការងារ​ក្នុង​ការ​ដាក់​ពាក្យ​ស្វែងរក​ការងារ​ក្នុងប្រទេស ក៏ដូចជា​និយោជក​ដែល​ត្រូវការ​ជ្រើសរើស​បុគ្គលិក​ទីភ្នាក់ងារ​ជាតិ​មុខរបរ និង​ការងារ នៃ​ក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ តែងតែ​រៀបចំ​កម្មវិធី​វេទិកា​ការងារ​ប្រចាំខែ និង​កិច្ច​សម្ភាស​ការងារ​នៅ​មជ្ឈមណ្ឌល​ការងារ​រាជធានី​ភ្នំពេញ និង​ខេត្ត​។​

អាស្រ័យហេតុនេះ សិស្ស​/​និស្សិត អ្នកស្វែងរក​ការងារ​ធ្វើ និយោជក ព្រមទាំង​ប្រជាពលរដ្ឋ​កម្ពុជា​ទាំង​អស់​ដែល​កំពុង​ស្វែងរក​ការងារ​ធ្វើ ឬ​ត្រូវការ​បទពិសោធន៍​ស្វែងរក​ការធ្វើ និង​ត្រូវការ​ជ្រើសរើស​កម្លាំង​ពលកម្ម​អាច​ទទួលបាន​សេវា​ផ្តល់ជូន​ដោយ​រាជរដ្ឋាភិបាល​ដោយ​មិន​គិត​កម្រៃ សូម​ទាក់ទង​មជ្ឈមណ្ឌល​ការងារ​រាជធានី​ភ្នំពេញ​តាមរយៈ​លេខ​ទូរស័ព្ទ ០១៦ ៧៨៦ ៦៥៥ ឬ​គេហទំព័រ​របស់​ទីភ្នាក់ងារ​ជាតិ​មុខរបរ និង​ការងារ www.nea.gov.kh និង​ទំព័រ www.facebook.com/neakhmer (​អិន​អ៊ី​អេ ខ្មែរ​) ដោយ​ងាយស្រួល។​

យោងតាម​របាយការណ៍​ស្តីពី​លទ្ធផល​ការងារ​របស់​ទីភ្នាក់ងារ​ជាតិ​មុខរបរ​ និង​ការងារ NEA បាន​ឲ្យ​ដឹង​ថា ​ឆ្នាំ​២០១៨​នេះ NEA​ បាន​ជួយ​រក​ការងារ​ធ្វើ​ដល់​យុវជន​កម្ពុជា​ចំនួន ៥៤៦៤ នាក់​,​ផ្គូផ្គង និង​បញ្ជូន​អ្នក​ស្វែងរក​ការងារ​ធ្វើ​ទៅ​ឲ្យ​និយោជក​ដែល​ត្រូវការ​កម្លាំង​ពលកម្ម​ចំនួន​២២៨៥៤​នាក់​ បាន​ចុះ​ឈ្មោះ​អ្នកស្វែងរក​ការងារ​ធ្វើ​សរុប​ចំនួន​១៥,៤៨៥​នាក់​, ប្រមូល​ដំណឹង​ជ្រើសរើស​កម្លាំង​ពលកម្ម​គ្រប់​ប្រភេទ ចំនួន​៨៣,៤៦៦​កន្លែង​ និង​ផ្តល់​ព័ត៌មាន​ទីផ្សារ​ការងា​រ​តាមរយៈ​ទូរស័ព្ទ​ទៅ​អ្នក​ស្វែងរក​ការងារ​ធ្វើ ចំនួន​៣៥,២៩៥​នាក់​។​

ជាងនេះទៅទៀត ​ដើម្បី​ផ្តល់​សេវា​ការងារ​ជូន​ប្រជាពលរដ្ឋ​កាន់តែ​មាន​ប្រសិទ្ធភាព​ឆ្លើយតប​តាម​តម្រូវការ​របស់​អ្នកប្រើប្រាស់​សេវា​ការងារ NEA តែង​បានរៀបចំ​វគ្គ​បណ្ដុះបណ្ដាល​ស្ដីពី​ជំនាញ​ទន់ និង​ភាពជា​អ្នកដឹកនាំ​ដល់​មន្ត្រី​របស់​ខ្លួន ​ដើម្បី​ធ្វើយ៉ាងណា​ឲ្យ​ប្រជាពលរដ្ឋ​ឆាប់​ទទួល​បាន​ការងារ​ធ្វើ​។​

លោក ហុង ជឿន ប្រធាន​ទីភ្នាក់ងារ​ជាតិ​មុខរបរ​ និង​ការងារ​បាន​មានប្រសាសន៍ថា ​«​ស្នាមញញឹម​របស់​អ្នកស្វែងរក​ការងារ និង​ក្រុមគ្រួសារ​របស់​ពួកគាត់​បន្ទាប់ពី​គាត់​ទទួលបាន​ការងារ ​គឺជា​កម្លាំង​ជំរុញ​ទឹកចិត្ត​ដល់​មន្ត្រី (NEA) យើងទាំងអស់គ្នា​»​។

ប្រធាន​ទីភ្នាក់ងារ​ជាតិ មុខរបរ និង​ការងារ បាន​លើកឡើងថា ​«​ការផ្តល់សេវា​ជួយ​ស្វែងរក​ការងារ​ជូន​ប្រជាពលរដ្ឋ គឺជា​អាទិភាព​ចម្បង​របស់​រាជរដ្ឋាភិបាល​ ដើម្បី​បែងចែក​ឱកាស​ការងារ​ជូន​ដល់​ប្រជា​ពលរដ្ឋ ជាពិសេស​យុវជន​ស្មើៗ​គ្នា​ប្រកបដោយ​សមធម៌ និង​តម្លាភាព​។

ចក្ខុវិស័យ​របស់​យើង គឺ​ប្រែក្លាយជា​ទីភ្នាក់ងារ​ផ្តល់​សេវា​ការងារ​ប្រកបដោយ​គុណភាព​ឈានមុខ​គេ​នៅ​កម្ពុជា​ដើម្បី​ឲ្យ​ប្រជាពលរដ្ឋ​នៅ​ទូទាំងប្រទេស​ដែលមាន​បំណង​ចង់​ស្វែងរក​ការងារ​អាច​ទទួល​បាន​ព័ត៌មាន​ការងារ​ក្នុងស្រុក និង​ទទួល​ការជួយ​ជ្រោមជ្រែង​រហូត​ពួកគាត់​ទទួល​បាន​ការងារ និង​ប្រាក់ចំណូល​ទៅតាម​ក្តី​ប្រាថ្នា​»​។​

គួរ​បញ្ជាក់​ថា ​ទីភ្នាក់ងារ​នេះ កំពុងផ្តល់​សេវា​ការងារ​ដោយ​ឥត​គិត​កម្រៃ​ជូន​ដល់​សាធារណជន​ទូទៅ តាមរយៈ​គេហទំព័រ www.nea.gov.kh​ និង​មជ្ឈមណ្ឌល​ការងារ​ដែល​ជា​អ្នក​ផ្តល់​សេវា​ជួរមុខ​នៅ​តាម​រាជធានី​-​ខេត្ត​ចំនួន​១១​រួមមាន​រាជធានី​ភ្នំពេញ ខេត្ត​បាត់ដំបង សៀមរាប កំពត ស្វាយរៀង តាកែវ កំពង់ចាម កំពង់ធំ ព្រៃវែង បន្ទាយមានជ័យ និង​ព្រះសីហនុ៕




Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu