Ad Code

មាស សុជាតិ ជម្រះ​បញ្ជី​ជាមួយ PITNAM ETH លើ​សង្វៀន​TV5



មាស សុជាតិ អ្នក​ប្រដាល់​ក្លិប​ឃ្លាំងមឿង​កីឡា ត្រូវគេ​ផ្គូ​ឲ្យ​ជួប​ប្រកួត​ជាមួយ​អ្នក​ប្រដាល់​ថៃ​ឈ្មោះ​PITNAM ETH នៅ​ក្នុង​កម្មវិធី​ប្រដាល់​TV5 by K.cement នៅ​សង្វៀន​ទូរទស្សន៍​ប៉ុស្តិ៍​លេខ​៥ ព្រែកកំពឹស នា​យប់​ថ្ងៃ​សៅរ៍​ ទី​២៦​ ខែ​មករា​ ឆ្នាំ​២០១៩​នេះ។ ពីរ​នាក់​នេះ ជួប​ប្រកួត​គ្នា​ក្នុង​ទម្ងន់​៦៥ គីឡូ​ក្រាម។

ជើង​ខ្លាំង​ទាំងពីរ​នាក់​នេះ ធ្លាប់​ប៉ះគ្នា​ម្តង​ហើយ​កាលពី​ឆ្នាំ​២០១៧ ​នៅ​SEATV ដែល​ក្នុងការ​ជួបគ្នា​កាល​ណោះ គឺ​ស្មើគ្នា។ ដូច្នេះ ការជួប​ប្រកួត​លើក​នេះ មិនដឹងថា នរណា​ជួប​សំណាងល្អ នរណា​ជួប​សំណាងអាក្រក់​នោះទេ?​។
​ ​
មាស សុជាតិ គេ​វាយ​លឿន រហ័ស និង​ខ្លាំង ប៉ុន្តែ​ហាក់ដូចជា​មិនសូវមាន​ផ្លែ​ល្អ​នោះឡើយ។ ប៉ុន្តែ​យ៉ាង​ណា គេ​ជា​អ្នក​ប្រដាល់​ដែលមាន​កម្លាំង​កាយសម្បទា​រឹងមាំ។ សុជាតិ មាន​ប្រវត្តិ​ប្រកួត​ចំនួន​៨៦​លើក ឈ្នះ​៧៦​លើក ចាញ់​១០​លើក។​

PITNAM ETH គេ​ក៏​ល្អ​ និង​ខ្លាំង​ដែរ។ អ្នក​ប្រដាល់​ជើងចាស់​ថៃ​រូបនេះ គេ​មាន​ភាពខ្លាំង​ខាង​ជង្គង់ និង កែង ហើយ​ពេល​ប្រកួត​កៀក ឬ អោប​គ្នា PITNAM ETH ក៏​ប៉ិន​កាច់​ផ្ដួល​គូប្រកួត​ដែរ។ គេ​វាយ​មួយៗ​ទេ តែ​ច្បាស់​និង​ចំ​គោលដៅ​ល្អ។ PITNAM ETH គេ​មាន​ប្រវត្តិ​ប្រកួត​ចំនួន​៨៤​លើក ឈ្នះ​៦៦​លើក ចាញ់​១៧​លើក និង​ស្មើ​០១​លើក។​

ទោះជា​យ៉ាងនេះ​ក្តី សម្រាប់​ការប្រកួត​លើក​នេះ មិនដឹងថា មាស សុជាតិ អាច​ឈ្នះ PITNAM ETH បាន​ឬ​អត់​នោះទេ ?។ តែ​យ៉ាងណា PITNAM ETH ប្រហែលជា​មិន​ឈ្នះ មាស សុជាតិ​ នោះ​ទេ ដោយ​សារ​គេ​ខ្លាំង​សម្រុក​វាយយកៗ មិន​ដក​ដៃ​ឡើយ។​ ដោយសារ​បែបនេះហើយ ទើប​ក្រុម​អ្នក​វិភាគ​កីឡាប្រដាល់​ក្នុងស្រុក ក៏​គេ​មិន​ហ៊ាន​ថា PIT NAM ETH ឈ្នះ​ មាស សុជាតិ នោះដែរ?។

PITNAM ETH នេះ គេ​ធ្លាប់​មក​ប្រកួត​នៅ​ស្រុក​ខ្មែរ​ច្រើនលើក​ហើយ​កន្លងមក​។​ បើតាម​ លោក​ ថៃ អ៊ូ អ្នកដឹកនាំ​កីឡាករ​ថៃ​មក​ប្រកួត​ឲ្យ​ដឹង​ថា អ្នក​ប្រដាល់​ថៃ​រូបនេះ មាន​ថ្វីដៃ​ល្អ​ និង​វាយ​ខ្លាំង ដោយសារ​គេ​ជា​ជើង​ខ្លាំង​នៅ​ស្រុកថៃ។ គេ​ជា​អ្នក​ប្រដាល់​ចាស់​វស្សា​ហើយ​នៅ​ស្រុក​ខ្មែរ ដោយ​គេ​ធ្លាប់​ជួប​ប្រកួត​ជាមួយ​អ្នក​ប្រដាល់​យើង​ច្រើន​នាក់​មកហើយ រួមទាំង​ធ្លាប់​ចូលរួម​ប្រកួត​ដណ្ដើម​ខ្សែក្រវាត់​ថែម​ទៀត​។ អ្នក​ប្រដាល់​ថៃ​រូបនេះ មាន​សមត្ថភាព​បច្ចេកទេស​ប្រដាល់​កម្រិត​ខ្ពស់ ដែល​ មាស សុជាតិ មិន​អាច​មើលស្រាល​បានឡើយ។
​ដូច្នេះ ចាំមើល​ មាស សុជាតិ ជួប​អ្នក​ប្រដាល់​ថៃ PITNAM ETH លើក​នេះ តើ​គេ​អាច​យកឈ្នះ​បាន​ដែរ​ឬ​អត់?៕

 

Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu