Ad Code

សហរដ្ឋអាមេរិក​និង​មហាអំណាច​ក្នុង​តំបន់​ទទួលស្គាល់​គូប្រជែង​របស់លោក Maduro ជា​មេដឹកនាំ​វេ​ណេ​ហ្ស៊ូ​អេ​ឡា



អាមេរិក​និង​បណ្ដា​ប្រទេស​សំខាន់ៗ​នៅ​អាមេរិក​ខាងត្បូង​បានទទួល​ស្គាល់​មេដឹកនាំ​គណបក្សប្រឆាំង​វេ​ណេ​ហ្ស៊ូ​អេ​ឡា​លោក Juan Guaido ថា​ជា​មេដឹកនាំ​បណ្តោះ​អាសន្នកាល​ពីថ្ងៃ​ពុធ​ខណៈ​សហភាព​អឺរ៉ុប​បាន​អំពាវនាវ​ឲ្យ​មានការ​បោះឆ្នោត​ដោយ​សេរី​ដើម្បី​ស្តារ​លទ្ធិប្រជាធិបតេយ្យ​ឡើងវិញ​ដែល​ជា​ហេតុ​ទុក​ឲ្យ​លោក Nicolas Maduro ស្ថិតក្នុង​ភាព​ឯកោ​។​

មហាអំណាច​ក្នុង​តំបន់​ដូចជា​ប្រេ​ស៊ី​ល កូ​ឡុំ​ប៊ី ឈី​លី ប៉េ​រូ​និង​អា​ហ្ស​ង់​ទីន​សុទ្ធតែ​បាន​គាំទ្រ​ដល់​ការប្រកាស​ខ្លួនឯង​របស់លោក Guaido ថា​ជា​ប្រធានាធិបតី​ស្តីទី​។ លោក​បានធ្វើ​ការប្រកាស​បែបនេះ​នៅ​ចំពោះមុខ​អ្នកគាំទ្រ​រាប់ម៉ឺន​នាក់​ក្នុង​រដ្ឋធានី Caracas​។​

ទោះបីជា​យ៉ាងណាក៏ដោយ ប្រទេស​គុយបា​បាន​ការពារ​សម្ព័ន្ធមិត្ត​សង្គមនិយម​របស់ខ្លួន​ដោយ​បង្ហាញ​ពី “​សាមគ្គីភាព​” ជាមួយ​លោក Maduro ខណៈ​ប្រទេស​ម៉ិ​ក​ស៊ិ​ក​បានផ្តល់​ការគាំទ្រ​ដល់​គាត់​។​

ការគាំទ្រ​ដ៏​ច្រើន​លើសលប់​ដល់​លោក Guaido បាន​ជំរុញ​ឲ្យ​មាន​ភាពមិនប្រាកដប្រជា​នៅក្នុង​ប្រទេស​វេ​ណេ​ហ្ស៊ូ​អេ​ឡា​ដែលជា​ប្រទេស​សម្បូរ​ប្រេង​ប៉ុន្តែ​ធ្លាក់​ចូលក្នុង​ភាពក្រីក្រ​ក្រោម​ការដឹកនាំ​របស់លោក Maduro ។​

លោក Maduro បាន​ចូល​កាន់កាប់​អំណាច​តាមរយៈ​ការគាំទ្រ​របស់​យោធា​វេ​ណេ​ហ្ស៊ូ​អេ​ឡា​ហើយ​គាត់​គឺជា​សម្ព័ន្ធមិត្ត​របស់​ប្រទេស​រុស្ស៊ី​ដែល​កាលពី​ខែ​មុន​បាន​បញ្ជូន​យន្តហោះ​ទម្លាក់​គ្រាប់បែក​សមត្ថភាព​នុយក្លេអ៊ែរ​ពីរ​គ្រឿង​ឲ្យ​ចូលរួម​ក្នុង​សមយុទ្ធ​យោធា​មួយ​។​

ត្រឹមតែ​ប៉ុន្មាន​នាទី​បន្ទាប់ពី​សេចក្តីប្រកាស​របស់លោក Guaido, ប្រធានាធិបតី​សហរដ្ឋអាមេរិក លោក Donald Trump បាន​ទទួលស្គាល់ថា គាត់​គឺជា​មេដឹកនាំ​បណ្តោះអាសន្ន​ហើយ​បានប្រកាសថា រដ្ឋសភា​របស់គាត់​គឺជា​រដ្ឋាភិបាល​ស្របច្បាប់​តែមួយគត់​ដែល​ត្រូវបាន​ជ្រើសរើស​ដោយ​ប្រជាជន​វេ​ណេ​ហ្ស៊ូ​អេ​ឡា​។​

ស្របពេល​ជាមួយគ្នា​នោះដែរ ប្រធានាធិបតី​ប្រេ​ស៊ី​ល​លោក Jair Bolsonaro បាន​បង្ហោះ Twitter ចេញពី​ទីក្រុង Davos របស់​ប្រទេស​ស្វី​ស​ដែលជា​កន្លែង​គាត់​និង​មេដឹកនាំ​ដទៃទៀត​ចូលរួម​ក្នុង​វេទិកា​សេដ្ឋកិច្ចពិភពលោក​ថា “​ប្រទេស​ប្រេ​ស៊ី​ល​ទទួលស្គាល់​លោក Juan Guaido ជា​ប្រធានាធិបតី​ស្តីទី​របស់​ប្រទេស​វេ​ណេ​ហ្ស៊ូ​អេ​ឡា​”​។​

ចំណែក​រដ្ឋមន្ត្រីការបរទេស​កាណាដា​លោកស្រី Chrystia Freeland បានបង្ហាញ​ពី​ការគាំទ្រ​យ៉ាង​ពេញទំហឹង​ពី​ប្រទេស​របស់លោក​ស្រី​ដល់​លោក Guaido​។​

សមាជិក​ចំនួន​១១​ប្រទេស​នៃ​ក្រុម Lima ដែលមាន​សមាជិក​១៤​ប្រទេស​គឺ​អា​ហ្ស​ង់​ទីន ប្រេ​ស៊ី​ល កាណាដា ឈី​លី កូ​ឡុំ​ប៊ី កូ​ស្តា​រី​កា ហ្គា​តេ​ម៉ា​ឡា ហុង​ឌូ​រ៉ា​ស ប៉ា​ណា​ម៉ា ប៉ា​រ៉ា​ហ្គា​យ​និង​ប៉េ​រូ​ក្រោយមក​បានចេញ​សេចក្តីថ្លែងការណ៍​រួមមួយ​ដោយ​គាំទ្រ​លោក Guaido ឲ្យ​ធ្វើជា​ប្រធានាធិបតី​ស្តីទី​៕ AFP



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu