Ad Code

សម្តេច​ប៉ាប​និយាយ​អំពី​មនុស្ស​វ័យក្មេង​នៅ​ឯ​ការ​ជួបជុំ​ដ៏​ធំ​ក្នុង​ប្រទេស ប៉ា​ណា​ម៉ា​



សម្តេច​ប៉ាប Francis កាលពី​ថ្ងៃ​ព្រហស្បតិ៍​ បាន​បើក​ការ​ប្រារព្ធ​ទិវា​យុវជន​ពិភពលោក​ជា​ផ្លូវ​ការដែល​បាន​ទាក់ទាញ​យុវជន​ប្រហែល​២០០,០០០​នាក់​ពី​ជុំវិញ​ពិភពលោក​ឲ្យ​មក​ប្រទេស​ប៉ា​ណា​ម៉ា​ ដែល​ជា​កន្លែង​គាត់​ត្រូវបាន​គេ​រំពឹងថា​នឹង​ការពារ​ជនអន្តោប្រវេសន៍​អាមេរិក​កណ្តាល​និង​សិទ្ធិមនុស្ស​។​

បព្វជិត​អាយុ​៨២​ឆ្នាំ​រូបនេះ​បាន​ជិះ​យន្តហោះ​ចូលក្នុង​ប្រទេស​ប៉ា​ណា​ម៉ា​កាលពី​ថ្ងៃ​ពុធ​នៅពេល​ចាប់ផ្តើម​ដំណើរ​ទស្សនកិច្ច​រយៈពេល​៥​ថ្ងៃ​សម្រាប់​អ្នក​កាន់សាសនា​កាតូលិក​វ័យក្មេង​។​

សម្តេច​ប៉ាប​នឹងធ្វើ​ទស្សនកិច្ច​សួរសុខទុក្ខ​ប្រធានាធិបតី Juan Carlos Varela មុនពេល​ថ្លែង​ទៅកាន់​គណៈសង្ឃ​អាមេរិក​កណ្តាល​នៅ​ព្រះវិហារ Saint Francis of Assisi សតវត្ស​ទី​១៧​។​

សុន្ទរកថា​របស់​សម្តេច​ប៉ាប​គឺ​ផ្តោត​យ៉ាងខ្លាំង​ទៅលើ​ការធ្វើ​ចំណាកស្រុក​ដែល​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​តំបន់​នេះ​ជាពិសេស​នៅពេលដែល​ក្បួន​ជន​ចំណាកស្រុក​ថ្មី​មកពី​ប្រទេស​ហុង​ឌូ​រ៉ា​ស ហ្គា​តេ​ម៉ា​ឡា​និង​អែល​សាល់​វ៉ា​ឌ័​រ​ធ្វើដំណើរ​តាម​ភាគ​ខាងជើង​ប្រទេស​ម៉ិ​ក​ស៊ិ​ក​ទៅ​ព្រំដែន​អាមេរិក​។​

សុន្ទរកថា​និង​ការសម្តែង​ធម្មទេសនា​របស់គាត់​ក៏​ទាក់ទង​នឹង​ភាពក្រីក្រ អំពើពុករលួយ​និង​អំពើហិង្សា​ផងដែរ​។ ជនអន្តោប្រវេសន៍​ជាច្រើន​និយាយថា ពួកគេ​កំពុង​ព្យាយាម​រត់គេចខ្លួន​។​

មុនពេល​គាត់​ទៅដល់​ប្រទេស​ប៉ា​ណា​ម៉ា សម្តេច​ប៉ាប Francis បាន​រិះគន់​ចំពោះ​អ្វីដែល​គាត់​និយាយថា​គឺ​ការភ័យខ្លាច​របស់​មនុស្ស​ជាច្រើន​ចំពោះ​ជន​ចំណាកស្រុក​។​
​នៅក្នុង​ការឆ្លើយតប​ទៅនឹង​សំណួរ​របស់​អ្នកយកព័ត៌មាន​នៅលើ​យន្តហោះ​សម្តេច​ប៉ាប​អំពី​ផែនការ​របស់លោក​ប្រធានាធិបតី​អាមេរិក Donald Trump ក្នុង​ការកសាង​ជញ្ជាំង​ព្រំដែន​ដើម្បី​រារាំង​ពួកគេ សម្តេច​ប៉ាប​បាន​និយាយថា ការភ័យខ្លាច​ចំពោះ​ជន​ចំណាកស្រុក​គឺ​ធ្វើ​ឲ្យ​យើង​ឆ្កួត​។​

មុនពេល​ចាប់ផ្តើម​ដំណើរ​ទស្សនកិច្ច​របស់​គាត់ សម្តេច​ប៉ាប​បាន​ជួប​ជនអន្តោប្រវេសន៍​ចំនួន​ប្រាំ​បីនាក់​ដែល​រស់នៅក្នុង​ទីក្រុង​រ៉ូម​។​

អ្នក​ធម្ម​យាត្រា​ជាង​១,០០០​នាក់​បាន​អបអរសាទរ​ការមកដល់​របស់​សម្តេច​ប៉ាប Francis នៅឯ​អាកាសយានដ្ឋាន Tocumen ដោយ​គ្រវីទង់ជាតិ​ប៉ា​ណា​ម៉ា​និង​ទង់​ពណ៌​លឿង​និង​ស​របស់​បុរី​វ៉ា​ទី​កង់​។​

មនុស្ស​រាប់ម៉ឺន​នាក់​បាន​ស្រែក​អបអរសាទរ​និង​គ្រវី​ទង់​នៅពេល​សម្តេច​ប៉ាប​ធ្វើដំណើរ​តាមផ្លូវ​ចម្ងាយ​៣០​គីឡូម៉ែត្រ​ឆ្ពោះទៅកាន់​វិមាន Papal Nunciature នៅ​ទីក្រុង​ប៉ា​ណា​ម៉ា​ស៊ី​ធី​ជាទី​ដែល​គាត់​បាន​ចំណាយពេល​មួយ​យប់​ខណៈ​ហ្វូង​អ្នកធ្វើ​ធម្ម​យាត្រា​បានធ្វើ​ពិធីបួងសួង​នៅ​ពីក្រោយ​របាំង​សន្តិសុខ​នៅ​ខាងក្រៅ​៕ AFP



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu