Ad Code

ក្មេង​ស្ទាវ​បង្ក​អសន្តិសុខ​វាយតប់​ស្លាប់​យុវជន​ម្នាក់​ត្រូវ តុលាការ​ខេត្តកណ្តាល​ផ្តន្ទាទោស បី​នាក់​ ៣​ឆ្នាំ៦​ខែ​ និង​ម្នាក់ទៀត​៧​ឆ្នាំ



កណ្តាល​ ៖​ សំណុំរឿង​ក្រុម​ក្មេងស្ទាវ​បង្ក​អសន្តិសុខ​នៅ​តាម​ដងផ្លូវ​ជិះ​ម៉ូតូ​ដេញ​វាយ​យុវជន​ម្នាក់​ស្លាប់​នៅ​រង្វង់​មូល​ក្រុង​តាខ្មៅ​នៅ​ព្រឹក​ថ្ងៃទី​២៤ ខែមករា ឆ្នាំ​២០១៩ សាលាដំបូង​ខេត្តកណ្តាល​បាន​បើកសវនាការ​ប្រកាស​សាលក្រម​ផ្តន្ទាទោស។

ក្នុង​ការ​បើក​សវនាការ​ប្រកាស​សាលក្រម​ផ្តន្ទាទោស​មាន​លោក សាយ ស​ម្ភ​ស្សន​សេរី ជា​ចៅក្រម​ជំនុំ​ជំ​រះ​សាលាដំបូង​ខេត្តកណ្តាល និង​លោក ងួន វុទ្ធី ជា​ចៅក្រម​ស៊ើប​សួរ និង​អ្នកស្រី ពេជ្រ មា​រ៉ែ​ន ជា​ចៅក្រម​ស៊ើប​សួរ និង​លោក សេង រិទ្ធី ជា​តំណាង​អយ្យការ។ ក្រោយ​បញ្ចប់​សវនាការ​លោក សាយ ស​ម្ភ​ស្សន​សេរី ជា​ប្រធាន​ក្រុមប្រឹក្សា​ជំនុំជម្រះ​សាលាដំបូង​ខេត្តកណ្តាល​បានសម្រេច​ផ្តន្ទាទោស​ជនជាប់ចោទ​ឈ្មោះ លាស់ ខ​រី ភេទ​ប្រុស អាយុ​១៨​ឆ្នាំ ជនជាតិ​ខ្មែរ​ឥស្លាម មាន​ទីលំនៅ​ភូមិ​ព្រែក​តា​ពៅ​១ សង្កាត់​ដើម​មៀន ក្រុង​តាខ្មៅ ខេត្តកណ្តាល ដាក់​ពន្ធនាគារ​០៧​ឆ្នាំ និង​ឈ្មោះ ស្លេះ រុំ​ម៉ាលី ភេទ​ប្រុស អាយុ​១៧​ឆ្នាំ ជនជាតិខ្មែរ​ឥស្លាម ទីលំនៅ​ភូមិ​ព្រែក​តា​ពៅ​១ សង្កាត់​ដើម​មៀន ក្រុង​តាខ្មៅ ខេត្តកណ្តាល មុខរបរ​កម្មករ​រោងចក្រ និង​ឈ្មោះ អា​លី មី​ហ្សា​ន ភេទ​ប្រុស អាយុ​១៧​ឆ្នាំ ជនជាតិ​ខ្មែរ​ឥស្លាម មាន​ទីលំនៅ​ភូមិ​ព្រែក​តា​ពៅ​១ សង្កាត់​ដើម​មៀន ក្រុង​តាខ្មៅ ខេត្តកណ្តាល មុខរបរ​កម្មករ​រោងចក្រ និង​ឈ្មោះ ម៉ាត់ ស្មា​អ៊ែ​ល ភេទ​ប្រុស អាយុ​១៥​ឆ្នាំ ជនជាតិខ្មែរ​ឥស្លាម មាន​ទីលំនៅ​ភូមិ​ព្រែក​តា​ពៅ​១ សង្កាត់​ដើម​មៀន ក្រុង​តាខ្មៅ ខេត្តកណ្តាល មុខរបរ​មិន​ពិតប្រាកដ ដាក់​ពន្ធនាគារ​ក្នុង​ម្នាក់​០៣​ឆ្នាំ​៦​ខែ។ ជនជាប់ចោទ​ទាំង​បួន​នាក់​ ត្រូវ​សង​សំណង​ទៅលើ​ជនរងគ្រោះ​២៥​លាន​រៀល។



​ជនរងគ្រោះ​ឈ្មោះ ប៉ែន រិ​ទ្ធា​រាជ្យ ភេទ​ប្រុស អាយុ​១៨​ឆ្នាំ មាន​ទីលំនៅ​ភូមិ​ដើម​គរ សង្កាត់​ដើម​មៀន ក្រុង​តាខ្មៅ ខេត្តកណ្តាល មុខរបរ​សិស្ស (​រង​របួស​បាក់ធ្មេញ​១ និង​រយះ​បបូរមាត់​)​។ ដោយសារ​ជនរងគ្រោះ​របួស​គ្រាំ​ក្នុង​ធ្ងន់ធ្ងរ​ពេក ទើប​មិនអាច​សង្គ្រោះ​បាន ក៏​ដាច់ខ្យល់​ស្លាប់​តែម្តង។

សូម​រំលឹក​ថា នៅ​ល្ងាច​ថ្ងៃទី​២៤ សីហា ២០១៨ លោក អ៊ី សុវណ្ណ ចៅក្រម​ស៊ើប​សួរ​សាលាដំបូង​ខេត្តកណ្តាល បានសម្រេច​ចេញ​ដីកា​ឃុំខ្លួន ក្រុម​ក្មេងស្ទាវ​បង្ក​អសន្តិសុខ​នៅ​តាម​ដងផ្លូវ​ជិះ​ម៉ូតូ​ដេញ​វាយ​យុវជន​ម្នាក់​ស្លាប់​នៅ​រង្វង់​មូល​ក្រុង​តាខ្មៅ ក្រោម​បទ​ចោទ​”​ហិង្សា​មាន​ស្ថាន​ទម្ងន់ទោស​ដោយសារ​មរណភាព​ជនរងគ្រោះ​” ដែល​ប្រព្រឹត្ត​នៅ​ចំណុច​រង្វង់​មូល​តាខ្មៅ ភូមិ​តាខ្មៅ សង្កាត់​តាខ្មៅ ក្រុង​តាខ្មៅ ខេត្តកណ្តាល កាលពី​ថ្ងៃទី​២២ សីហា ២០១៨ តាម​មាត្រា​២២៤ នៃ​ក្រមព្រហ្មទណ្ឌ​។

លោក​អធិការ​បញ្ជាក់​ថា នៅ​មុន​ពេល​កើតហេតុ ក្រុម​ជនសង្ស័យ​កំពុងតែ​អង្គុយលេង​លើ​ម៉ូតូ នៅ​ចំណុច​អ្នកតា​ថៃ​ជឺ​មាត់ទន្លេ ស្រាប់តែ​ជនរងគ្រោះ​បាន​ជិះ​ម៉ូតូ​មក​គប់​ក្រុម​ជនសង្ស័យ ធ្វើ​ឲ្យ​ពួកគេ​ខឹង​ក៏បាន​ជិះ​ម៉ូតូ​ដេញ​តាម​ដល់​កន្លែង​កើតហេតុ​ខាងលើ ស្រាប់តែ​ជនសង្ស័យ​ជិះ​ម៉ូតូ​បុក​ម៉ូតូ​ជនរងគ្រោះ​ពីក្រោយ ធ្វើ​ឲ្យ​ម៉ូតូ​ទាំងពីរ​ជ្រុល​ចង្កូត​ទៅ​បុក​ខឿន​លោកតា​ម៉ៅ ដួល​បោក​ទាំងសងខាង​។ បន្ទាប់មក ជនសង្ស័យ​ក៏​ស្ទុះ​ទៅ​ទាត់​ធាក់​ជនរងគ្រោះ​បន្ថែម​ទៀត បណ្តាល​ឲ្យ​រង​របួស​បាក់ធ្មេញ និង​រយះ​បបូរមាត់ ហើយ​ត្រូវ​បាន​ក្រុមគ្រួសារ​ដឹក​យក​ទៅ​ព្យាបាល​នៅ​មន្ទីរពេទ្យ​កាល់ម៉ែត តែ​ដោយសារ​ជនរងគ្រោះ​របួស​គ្រាំ​ក្នុង​ធ្ងន់ធ្ងរ​ពេក ទើប​មិនអាច​សង្គ្រោះ​បាន ក៏​ដាច់ខ្យល់​ស្លាប់​តែម្តង​។



ក្រោយពេល​ជនរងគ្រោះ​ស្លាប់ និង​ក្រោយ​ទទួល​ពាក្យបណ្ដឹង​ពី​ក្រុម​គ្រួសារ​សព​ផង សមត្ថកិច្ច​បាន​បើក​ការស្រាវជ្រាវ និង​ឈាន​ទៅ​ដល់​ការឃាត់ខ្លួន​ជនសង្ស័យ​ទាំង​៤​នាក់ ហើយ​បញ្ជូន​ទៅ​អធិការដ្ឋាន​នគរបាល​ក្រុង​តាខ្មៅ ដើម្បី​ធ្វើការ​សាកសួរ​បន្ថែម ក៏ដូចជា​កសាង​សំណុំរឿង​ចាត់ការ​តាម​នីតិវិធី​ច្បាប់​៕



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu