ភ្នំពេញ ៖ ទណ្ឌិត សម រង្ស៊ី អតីតមេដឹកនាំបក្សប្រឆាំង ឬហៅថា ដង្ខៅបាតុកម្មនៅប្រទេសកម្ពុជា ហើយដែលកំពុងនិរទេសខ្លួនឯងនៅបរទេសនោះ បាននឹងកំពុងនិយាយឡប់ឡែ មិនច្បាស់លាស់ ទាក់ទងនិងគំរោងវិលត្រឡប់មកកម្ពុជាវិញ ដែលបញ្ហានេះអាចនិយាយបានថា លោក សម រង្ស៊ី ជាមនុស្សកំសាក មិនហ៊ានប្រឈមនឹងបញ្ហា ដែលខ្លួនបានកសាងឡើង ក្នុងអំឡុងពេលដែលខ្លួននៅក្នុងប្រទេស ក៏ដូចជានៅក្រៅប្រទេស។
ភាពមិនច្បាស់លាស់ក្នុងការត្រឡប់កម្ពុជានេះ ត្រូវបានទណ្ឌិត សម រង្ស៊ី បង្ហាញតាមរយៈសារនយោបាយមួយបង្ហោះនៅលើបណ្តាញសង្គមហ្វេសប៊ុកផ្លូវការរបស់ខ្លួន នៅថ្ងៃទី២៤ ខែមករា ដែលសារនយោបាយនោះ មានចំណងជើងថា “ផែនការរបស់ខ្ញុំ ដើម្បីវិលត្រឡប់មកកាន់កម្ពុជាវិញក្នុងឆ្នាំ២០១៩”។ លោក សម រង្ស៊ី សរសេរថា ទាក់ទងនឹងគំរោងរបស់លោកក្នុងការវិលត្រឡប់មកប្រទេសកម្ពុជាវិញនៅឆ្នាំ២០១៩នេះ មានការបកប្រែមិនត្រឹមត្រូវខ្លះ ទាក់ទងនឹងផែនការវិលមកកម្ពុជា កាលពីឆ្នាំ២០១៣ និង២០១៥។ កាលពីថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០១៣ លោកបានប្រកាសថា លោកនឹងវិលត្រលប់មកកម្ពុជាវិញ មុនពេលលោកទទួលបានការលើកលែងទោសពីព្រះមហាក្សត្រ បន្ទាប់ពីនិរទេសខ្លួនរយៈពេល៤ឆ្នាំ ប៉ុន្តែការប្តេជ្ញាចិត្តក្នុងការត្រឡប់វិញនេះ បែរជាត្រូវបានសម្តេចតេជោ ហ៊ុន សែន រារាំង និងធានាឲ្យលោកទទួលបានការលើកលែងទោសពីព្រះមហាក្សត្រ ដើម្បីជាការផ្សះផ្សាជាតិ។
ទាក់ទងការប្រកាសត្រឡប់មកកម្ពុជាកាលពីថ្មីៗនេះ ទណ្ឌិត សម រង្ស៊ី បែរជាបន្ទោសថា មានការគំរាមកំហែងពីសម្តេចតេជោ ហ៊ុន សែន ទៅវិញ ខណៈដែលសម្តេចមិនទាន់បាននិយាយមួយម៉ាត់ទាក់ទងគំរោងវិលត្រឡប់របស់លោក សម រង្ស៊ី នៅឡើយ។ ជាមួយគ្នានោះ លោក សម រង្ស៊ី បែរជាលើកឡើងថា មានការអង្វរពីសម្តេចក្រឡាហោម ស ខេង មិនឲ្យលោកមកកម្ពុជា ជាដើម។
បើផ្អែកលើខ្លឹមសារជាភាសាអង់គ្លេសរបស់លោក សម រង្ស៊ី នោះ វាហាក់ដូចជានិយាយឡប់ឡែ ក្នុងន័យមួយមិនហ៊ានចូលមកប្រទេសកម្ពុជាតែប៉ុណ្ណោះ ហើយលើកហេតុផលអីចេះអីចុះ យកត្រូវខ្លួនឯងប៉ុណ្ណោះ។
លោក មាស នី ដែលជាអ្នកវិភាគមួយរួបលំអៀងទៅក្រុមប្រឆាំងបានអះអាងប្រាប់អ្នកសារព័ត៌មានថ្មីៗនេះថា ការប្រកាសរបស់លោក សម រង្ស៊ី ក្នុងការវិលចូលស្រុកនេះ គ្រាន់តែជាសារនយោបាយឌឺដងប៉ុណ្ណោះ តែតាមពិតលោក សម រង្ស៊ី មិនហ៊ានចូលមកកម្ពុជាទេ ពីព្រោះលោក សម រង្ស៊ី ដឹងខ្លួនឯងថា បើហ៊ានចូលសមត្ថកិច្ច នឹងចាប់ដាក់គុក។
សូមបញ្ជាក់ថា កាលពីរសៀលថ្ងៃទី២០ ខែមករា ឆ្នាំ២០១៩ មនុស្សមួយក្រុម ដែលគេឲ្យឈ្មោះថា “គណៈកម្មាធិការអចិន្ត្រៃយ៍គណបក្សសង្គ្រោះជាតិ” ហើយជាក្រុមស្ម័គ្រស្មោះលោក សម រង្ស៊ី នោះ បានជួបប្រជុំគ្នានៅទីក្រុងឡូវែល (Lowell) រដ្ឋម៉ាហ្សាជូសេត (Massachusetts) សហរដ្ឋអាមេរិក ហើយបានសម្រេច៣ចំណុច ក្នុងនោះក៏មានចំណុចឲ្យលោក សម រង្ស៊ី ចូលមកកម្ពុជាវិញផងដែរ។
ក្រោយពីមានការសម្រេចនេះ អ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា លោក ផៃ ស៊ីផាន បានសេចក្តីថ្លែងការណ៍មួយចុះថ្ងៃទី២២ ខែមករា ឆ្នាំ២០១៩ ចាត់ទុកមាតុភូមិនិវត្តន៍របស់លោក សម រង្ស៊ី គឺជាឆន្ទៈបុគ្គលសុទ្ធសាធ ហើយបើមានការស្នើសុំណាមួយពីតុលាការ នឹងចាត់វិធានការតាមច្បាប់។
លោក ផៃ ស៊ីផាន លើកឡើងថា ការធ្វើមាតុភូមិនិវត្តន៍របស់លោក សម រង្ស៊ី គឺជាឆន្ទៈបុគ្គលសុទ្ធសាធ ពីព្រោះការចាកចេញពីមាតុភូមិរបស់លោក សម រង្ស៊ី គឺជាជម្រើសផ្ទាល់ខ្លួន និងមានចរិតជាឯកជនរបស់បុគ្គលរូបនេះ។ លោកបញ្ជាក់ថា “ការប្រើប្រាស់មាតុភូមិនិវត្តន៍របស់សមរង្ស៊ី ទោះបីជាតាមរយៈក្រុម ឬអង្គការណាក៏ដោយ ដើម្បីបង្កើតជារូបភាពនយោបាយ ពាក់ព័ន្ធទៅនឹងសកម្មភាពនៃអតីតគណបក្សប្រឆាំង ដែលត្រូវបានរំលាយចោលទៅហើយនោះ តាមអំណាចសាលដីការបស់តុលាការកំពូលកាលពីថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៧ ត្រូវបានចាត់ទុកជាអំពើប្រឆាំងនឹងអំណាចតុលាការពិតប្រាកដ ដែលច្បាប់បានកំណត់ និងហាមប្រាម”។
តាមលោក ផៃ ស៊ីផាន “រាជរដ្ឋាភិបាលសូមបញ្ជាក់ថា នៅតែរក្សា និងគោរពអនុវត្តនូវគោលការណ៍ប្រជាធិបតេយ្យនៃការបែងចែកអំណាចដាច់ដោយឡែកពីគ្នារវាងអំណាចនីតិប្រតិបត្តិនិងអំណាចតុលាការក៏ដូចជាអំណាចនីតិបញ្ញត្តិផងដែរ។ នៅក្នុងបរិការណ៍នេះ បើមានការស្នើសុំណាមួយពីតុលាការរាជរដ្ឋាភិបាលក៏ដូចជាសមត្ថកិច្ចពាក់ព័ន្ធ និងចាត់វិធានការអនុវត្តតាមអំណាចផ្លូវច្បាប់”។
ចំណែកអ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា លោក សុខ ឥសាន បានលើកជាសំណួរដែរថា “តើការប្រកាសរបស់ទណ្ឌិត សម រង្សី ដែលថា ចង់ចូលស្រុកនោះ ពិតដែរឬទេ? ពីព្រោះការប្រកាសចូលស្រុករបស់ទណ្ឌិត សម រង្សី នេះ មានច្រើនដងច្រើនសាហើយ តែមិនដែលឃើញមុខទណ្ឌិតរូបនេះនៅកម្ពុជាទាល់តែសោះ។ ឥឡូវលើកនេះទៀត ទណ្ឌិត សម រង្សី ប្រកាសថា នឹងចូលមកក្នុងស្រុកទៀត។ ដូច្នេះ តើការប្រកាសនេះជាការពិតដែរឬទេ? តែបើគ្រាន់តែប្រកាសចោលៗអីចឹង នឹងធ្វើឲ្យបាត់បង់ជំនឿពីមហាជន និងប្រជាជនកម្ពុជា”។
តាមលោក សុខ ឥសាន “នៅពេលនេះ បើទណ្ឌិតសម រង្សី គ្រាន់តែប្រកាស ហើយនៅតែមិនហ៊ានអើតក្បាលចូលស្រុកទៀត ប្រជាជនកម្ពុជា សូមប្រកាសជាឧឡារិកថា ចាប់ពីពេលនេះតទៅឈប់ជឿការភូតកុហករបស់បុគ្គលទណ្ឌិត សម រង្សី ជារៀងរហូត។ ទោះជានៅថ្ងៃក្រោយនិយាយកែពាក្យយ៉ាងណាទៀត ក៏ឈប់ជឿហើយ”៕
Source: Kampuchea Thmey Daily
0 Comments