Ad Code

ទណ្ឌិត សម រង្ស៊ី បង្ហាញ​ភាព​មិនច្បាស់លាស់​ ក្នុង​ការ​ត្រឡប់​មក​កម្ពុជា ក្រោយ​ការព្រមាន​ចាត់វិធានការ​ផ្លូវច្បាប់



ភ្នំពេញ​ ៖ ទណ្ឌិត សម រង្ស៊ី អតីត​មេដឹកនាំ​បក្ស​ប្រឆាំង ឬ​ហៅថា ដង្ខៅ​បាតុកម្ម​នៅ​ប្រទេស​កម្ពុជា ហើយ​ដែល​កំពុង​និរទេស​ខ្លួនឯង​នៅ​បរទេស​នោះ បាននឹងកំពុង​និយាយ​ឡប់ឡែ មិន​ច្បាស់លាស់ ទាក់ទង​និង​គំរោង​វិល​ត្រឡប់​មក​កម្ពុជា​វិញ ដែល​បញ្ហា​នេះ​អាច​និយាយ​បាន​ថា លោក សម រង្ស៊ី ជា​មនុស្ស​កំសាក មិន​ហ៊ាន​ប្រឈម​នឹង​បញ្ហា ដែល​ខ្លួន​បាន​កសាង​ឡើង ក្នុងអំឡុង​ពេលដែល​ខ្លួន​នៅក្នុង​ប្រទេស ក៏ដូចជា​នៅក្រៅ​ប្រទេស​។​

ភាព​មិនច្បាស់លាស់​ក្នុង​ការ​ត្រឡប់​កម្ពុជា​នេះ ត្រូវបាន​ទណ្ឌិត សម រង្ស៊ី បង្ហាញ​តាមរយៈ​សារ​នយោបាយ​មួយ​បង្ហោះ​នៅលើ​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក​ផ្លូវការ​របស់​ខ្លួន នៅ​ថ្ងៃទី​២៤ ខែមករា ដែល​សារ​នយោបាយ​នោះ មាន​ចំណងជើង​ថា “​ផែនការ​របស់ខ្ញុំ ដើម្បី​វិលត្រឡប់​មកកាន់​កម្ពុជា​វិញ​ក្នុង​ឆ្នាំ​២០១៩”​។ លោក សម រង្ស៊ី សរសេរ​ថា ទាក់ទង​នឹង​គំរោង​របស់​លោក​ក្នុង​ការវិល​ត្រឡប់មក​ប្រទេស​កម្ពុជា​វិញ​នៅ​ឆ្នាំ​២០១៩​នេះ មានការ​បកប្រែ​មិន​ត្រឹមត្រូវ​ខ្លះ ទាក់ទង​នឹង​ផែនការ​វិល​មក​កម្ពុជា កាលពី​ឆ្នាំ​២០១៣ និង​២០១៥​។ កាលពី​ថ្ងៃទី​៨ ខែកក្កដា ឆ្នាំ​២០១៣ លោក​បានប្រកាស​ថា លោក​នឹង​វិល​ត្រលប់​មក​កម្ពុជា​វិញ មុនពេល​លោក​ទទួល​បាន​ការ​លើក​លែង​ទោស​ពី​ព្រះមហាក្សត្រ បន្ទាប់ពី​និរទេស​ខ្លួន​រយៈពេល​៤​ឆ្នាំ ប៉ុន្តែ​ការ​ប្តេជ្ញាចិត្ត​ក្នុងការ​ត្រឡប់​វិញ​នេះ បែរជា​ត្រូវ​បាន​សម្តេច​តេ​ជោ ហ៊ុន សែន រារាំង និង​ធានា​ឲ្យ​លោក​ទទួល​បាន​ការ​លើក​លែង​ទោស​ពី​ព្រះមហាក្សត្រ ដើម្បី​ជា​ការ​ផ្សះផ្សា​ជាតិ​។

ទាក់ទង​ការប្រកាស​ត្រឡប់​មក​កម្ពុជា​កាលពី​ថ្មីៗ​នេះ ទណ្ឌិត សម រង្ស៊ី បែរជា​បន្ទោស​ថា មាន​ការ​គំរាមកំហែង​ពីស​ម្តេច​តេ​ជោ ហ៊ុន សែន ទៅវិញ ខណៈ​ដែល​សម្តេច​មិនទាន់​បាន​និយាយ​មួយ​ម៉ាត់​ទាក់ទង​គំរោង​វិលត្រឡប់​របស់​លោក សម រង្ស៊ី នៅឡើយ​។ ជាមួយគ្នា​នោះ លោក សម រង្ស៊ី បែរជា​លើកឡើងថា មានការ​អង្វរ​ពីស​ម្តេច​ក្រឡាហោម ស ខេង មិន​ឲ្យ​លោក​មក​កម្ពុជា ជាដើម។

​បើ​ផ្អែកលើ​ខ្លឹមសារ​ជា​ភាសា​អង់គ្លេស​របស់​លោក សម រង្ស៊ី នោះ វា​ហាក់ដូចជា​និយាយ​ឡប់ឡែ ក្នុង​ន័យ​មួយ​មិន​ហ៊ាន​ចូល​មក​ប្រទេស​កម្ពុជា​តែប៉ុណ្ណោះ ហើយ​លើក​ហេតុផល​អីចេះ​អីចុះ យក​ត្រូវ​ខ្លួនឯង​ប៉ុណ្ណោះ​។

លោក មាស នី ដែល​ជា​អ្នកវិភាគ​មួយ​រួប​លំអៀង​ទៅ​ក្រុមប្រឆាំង​បាន​អះអាង​ប្រាប់​អ្នកសារព័ត៌មាន​ថ្មីៗ​នេះ​ថា ការប្រកាស​របស់​លោក សម រង្ស៊ី ក្នុង​ការ​វិល​ចូល​ស្រុក​នេះ គ្រាន់តែ​ជា​សារ​នយោបាយ​ឌឺដង​ប៉ុណ្ណោះ តែ​តាមពិត​លោក សម រង្ស៊ី មិន​ហ៊ាន​ចូល​មក​កម្ពុជា​ទេ ពីព្រោះ​លោក សម រ​ង្ស៊ី ដឹងខ្លួន​ឯង​ថា បើ​ហ៊ាន​ចូល​សមត្ថកិច្ច នឹង​ចាប់​ដាក់គុក​។

សូម​បញ្ជាក់​ថា កាលពី​រសៀល​ថ្ងៃទី​២០ ខែមករា ឆ្នាំ​២០១៩ មនុស្ស​មួយ​ក្រុម ដែល​គេ​ឲ្យ​ឈ្មោះថា “​គណៈកម្មាធិការ​អចិន្ត្រៃយ៍​គណបក្ស​សង្គ្រោះ​ជាតិ​” ហើយ​ជា​ក្រុម​ស្ម័គ្រស្មោះ​លោក សម រង្ស៊ី នោះ បាន​ជួប​ប្រជុំគ្នា​នៅ​ទីក្រុង​ឡូ​វែ​ល (Lowell) រដ្ឋ​ម៉ា​ហ្សា​ជូ​សេត (Massachusetts) សហរដ្ឋ​អាមេរិក ហើយ​បាន​សម្រេច​៣​ចំណុច ក្នុងនោះ​ក៏​មាន​ចំណុច​ឲ្យ​លោក សម រង្ស៊ី ចូលមក​កម្ពុជា​វិញ​ផងដែរ​។

ក្រោយពី​មានការ​សម្រេច​នេះ អ្នកនាំពាក្យ​រាជរដ្ឋាភិបាល​កម្ពុជា លោក ផៃ ស៊ី​ផាន បាន​សេចក្តីថ្លែងការណ៍​មួយ​ចុះ​ថ្ងៃទី​២២ ខែមករា ឆ្នាំ​២០១៩ ចាត់ទុក​មាតុភូមិនិវត្តន៍​របស់​លោក សម រង្ស៊ី គឺជា​ឆន្ទៈ​បុគ្គល​សុទ្ធសាធ ហើយ​បើ​មានការ​ស្នើសុំ​ណាមួយ​ពី​តុលាការ នឹង​ចាត់វិធានការ​តាមច្បាប់​។

លោក ផៃ ស៊ី​ផាន លើក​ឡើង​ថា ការ​ធ្វើ​មាតុភូមិនិវត្តន៍​របស់​លោក សម រង្ស៊ី គឺជា​ឆន្ទៈ​បុគ្គល​សុទ្ធសាធ ពីព្រោះ​ការ​ចាកចេញ​ពី​មាតុភូមិ​របស់​លោក សម រង្ស៊ី គឺជា​ជម្រើស​ផ្ទាល់ខ្លួន និង​មាន​ចរិត​ជា​ឯកជន​របស់​បុគ្គល​រូប​នេះ​។ លោក​បញ្ជាក់​ថា “​ការប្រើប្រាស់​មាតុភូមិនិវត្តន៍​របស់​សមរង្ស៊ី ទោះបីជា​តាមរយៈ​ក្រុម ឬ​អង្គការ​ណាក៏ដោយ ដើម្បី​បង្កើតជា​រូបភាព​នយោបាយ ពាក់ព័ន្ធ​ទៅនឹង​សកម្មភាព​នៃ​អតីត​គណបក្សប្រឆាំង ដែល​ត្រូវ​បាន​រំលាយ​ចោល​ទៅហើយនោះ តាម​អំណាច​សាលដីកា​របស់​តុលាការ​កំពូល​កាលពី​ថ្ងៃទី​១៦ ខែវិច្ឆិកា ឆ្នាំ​២០១៧ ត្រូវ​បាន​ចាត់ទុកជា​អំពើ​ប្រឆាំងនឹង​អំណាចតុលាការ​ពិតប្រាកដ ដែល​ច្បាប់​បាន​កំណត់ និង​ហាមប្រាម​”​។

តាម​លោក ផៃ ស៊ី​ផាន “​រាជរដ្ឋាភិបាល​សូម​បញ្ជាក់​ថា នៅតែ​រក្សា និង​គោរព​អនុវត្ត​នូវ​គោលការណ៍​ប្រជាធិបតេយ្យ​នៃ​ការបែងចែក​អំណាច​ដាច់ដោយឡែក​ពី​គ្នា​រវាង​អំណាចនីតិប្រតិបត្តិ​និង​អំណាចតុលាការ​ក៏ដូចជា​អំណាចនីតិបញ្ញត្តិ​ផង​ដែរ​។ នៅក្នុង​បរិការណ៍​នេះ បើ​មានការ​ស្នើសុំ​ណាមួយ​ពី​តុលាការ​រាជរដ្ឋាភិបាល​ក៏ដូចជា​សមត្ថកិច្ច​ពាក់​ព័ន្ធ និង​ចាត់វិធានការ​អនុវត្ត​តាម​អំណាច​ផ្លូវច្បាប់​”​។

ចំណែក​អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា លោក សុខ ឥសាន បាន​លើក​ជា​សំណួរ​ដែរ​ថា “​តើ​ការប្រកាស​របស់​ទណ្ឌិត សម រង្សី ដែល​ថា ចង់​ចូល​ស្រុក​នោះ ពិត​ដែរ​ឬ​ទេ? ពីព្រោះ​ការប្រកាស​ចូល​ស្រុក​របស់​ទណ្ឌិត សម រង្សី នេះ មាន​ច្រើនដង​ច្រើនសា​ហើយ តែ​មិនដែល​ឃើញ​មុខ​ទណ្ឌិត​រូប​នេះ​នៅ​កម្ពុជា​ទាល់តែសោះ​។ ឥឡូវ​លើក​នេះ​ទៀត ទណ្ឌិត សម រង្សី ប្រកាស​ថា នឹង​ចូលមកក្នុង​ស្រុក​ទៀត​។ ដូច្នេះ តើ​ការប្រកាស​នេះ​ជា​ការ​ពិត​ដែរ​ឬ​ទេ? តែបើ​គ្រាន់តែ​ប្រកាស​ចោលៗ​អីចឹង នឹង​ធ្វើ​ឲ្យ​បាត់បង់​ជំនឿ​ពី​មហាជន និង​ប្រជាជន​កម្ពុជា​”​។

តាម​លោក សុខ ឥសាន “​នៅ​ពេល​នេះ បើ​ទណ្ឌិត​សម រង្សី គ្រាន់តែ​ប្រកាស ហើយ​នៅតែ​មិន​ហ៊ាន​អើត​ក្បាល​ចូល​ស្រុក​ទៀត ប្រជាជន​កម្ពុជា សូម​ប្រកាស​ជា​ឧឡារិក​ថា ចាប់​ពី​ពេលនេះ​តទៅ​ឈប់​ជឿ​ការ​ភូតកុហក​របស់​បុគ្គល​ទណ្ឌិត សម រង្សី ជា​រៀង​រហូត​។ ទោះជា​នៅ​ថ្ងៃក្រោយ​និយាយ​កែ​ពាក្យ​យ៉ាងណា​ទៀត ក៏​ឈប់​ជឿ​ហើយ​”៕


Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu