Ad Code

សម្តេច​តេ​ជោ ហ៊ុន សែន ផ្តល់​អនុសាសន៍​១០​ចំណុច ​ដល់​កងទ័ពជើងគោក​ក្នុង​ឱកាស​ប្រារព្ធ​ខួប ២០​ឆ្នាំ



ភ្នំពេញ ៖ នៅ​ព្រឹក​ថ្ងៃទី​២៤ ខែមករា នេះ សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​និង​ជានា​យ​ឧ​ត្ត​ម​សេនីយ៍​ផុត​លេខ​ផ្កាយ​មាស​៥ បាន​អញ្ជើញ​ជា​អធិបតី​ដ៏​ខ្ពង់ខ្ពស់​នៅក្នុង​ពិធី​ប្រារព្ធ​ខួប​២០​ឆ្នាំ​នៃ​ថ្ងៃ​បង្កើត​បញ្ជាការដ្ឋាន​កង​ទ័ពជើងគោក​នៃ​កងយោធពល​ខេមរភូមិន្ទ​។ នៅក្នុង​ឳ​កាស​នោះ​សម្តេច​តេ​ជោ ហ៊ុន សែន បានដាក់​ចេញ​នូវ​អនុសាសន៍​ចំនួន​១០​ចំណុច​សម្រាប់​បញ្ជាការ​ដ្ឋា​ន​កងទ័ពជើងគោក​យកទៅអនុវត្ត​ឲ្យ​ទទួលបាន​ជោគជ័យ​។



​ពិធី​អបអរសាទរ​ខួប​លើក​ទី ២០​ឆ្នាំនេះ​គឺ​បាន​ប្រារព្ធ​ធ្វើឡើង​នៅ​ទីបញ្ជាការដ្ឋាន​កងទ័ព​ជើងគោក​ស្ថិតនៅតាម​បណ្តោយ​ផ្លូវជាតិ​លេខ​៤ ក្នុង​សង្កាត់​កន្ទោក ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ​។



​អនុសាសន៍​ទាំងអស់​របស់​សម្តេច​តេ​ជោ ហ៊ុន សែន រួមមាន ៖ ​ទី​១.​ត្រៀមខ្លួន​ជាស្រេច​ការពារ​អធិបតេយ្យភាព​ជាតិ ឯករាជ្យ​ជាតិ​បន្ត​អនុវត្ត​ឲ្យ​បាន​នូវ​ខឿន​ការពារជាតិ​ប្រជាជន​។ ខឿន​ការពារ​ជាតិ​របស់​ប្រជាជន​ព្រោះ​កងទ័ព​បាន​កើត​ចេញពី​ប្រជាជន​និង​ធ្វើ​អ្វីៗ​ដើម្បី​សេចក្តី​សុខ​របស់​ប្រជាជន។ ប្រជាជន​គឺជា​ប្រភព​ជ្រើសរើស​កងទ័ព ប្រជាជន​គឺជា​ប្រភព​នៃ​ការគ្រប់គ្រង​កម្លាំង​ទាំង​កម្លាំង​ទ័ព​និង​ភស្តុភារ​និង​ទាំង​កម្លាំង​គ្រប់យ៉ាង​ទាំងអស់​។ ខឿន​ការពារ​ជាតិ​របស់​ប្រជាជន​គឺ​មិន​សំដៅ​ទៅលើ​កងទ័ព​ប៉ុន្មាន​ម៉ឺន​នាក់​ទេ​ ប៉ុន្តែ​សំដៅ​ទៅលើ​ថា​មនុស្ស​ម្នាក់​គឺជា​ទៅ​កងទ័ព​ម្នាក់​សម្រាប់​ប្រជាជាតិ​របស់​យើង។ ដូច្នេះ​ត្រូវ​បន្ត​អនុវត្ត នូវ​ខឿន​ការពារ​ជាតិ​របស់​ប្រជាជន​ដើម្បី​ធានា​ថា ​ប្រទេស​របស់​យើង​ជា​ប្រទេស​រួម​របស់​ប្រជាជន​មិនមែនជា​របស់​កងទ័ព​ឬ​របស់​អ្នក​ណាមួយ​នោះទេ​។

​ទី​២.​ត្រូវ​ចូលរួម​ជាមួយ​កម្លាំង​ផ្សេងៗ​ទៀត​រក្សា​សន្តិភាព​ធានាបាន​សន្តិសុខ​សណ្តាប់ធ្នាប់​សង្គម​ចូលរួម​អនុវត្តន៍​នយោបាយ​ភូមិ​ឃុំ​មាន​សុវត្ថិភាព​ប្រយុទ្ធប្រឆាំង​ជាមួយ​អំពើ​ចោរកម្ម​គ្រឿងញៀន​ជួញដូរ​មនុស្ស​និង​អំពើ​អសកម្ម​ផ្សេងៗ​។ ត្រូវធ្វើ​ឲ្យ​ប្រទេស​របស់​យើង​ទៅជា​ប្រទេស​ដែលមាន​សុខសន្តិភាព​ពិតប្រាកដ​។ ទោះបី​តម្លៃ​ណាក៏ដោយ​មិន​ឲ្យ​អ្នក​ណាមួយ​បំផ្លាញ​សុខភាព​ដែល​យើង​រកបាន​ដោយ​លំបាក​។

​ទី​៣.​ខិតខំ​ប្រយុទ្ធប្រឆាំង​អំពើរ​ភេ​វរ​កម្ម​ទប់ស្កាត់​អំពើ​ប៉ុនប៉ង​ផ្តួល​រំលំ​រាជរដ្ឋាភិបាល​ស្របច្បាប់​តាម​មធ្យោបាយ​មិន​ប្រជាធិបតេយ្យ​និង​ផ្ទុយ​ជាមួយ​រដ្ឋធម្មនុញ្ញ​។​កម្លាំងប្រដាប់អាវុធ​មាន​ភារកិច្ច​ការពារ​រដ្ឋ​ដូចនេះ​មិន​មាន​ពាក្យ​អព្យាក្រឹត​ជាមួយ​ពួក​ឧទ្ទាម​ទាំង​នោះ​ទេ​ទាំង​ក្នុង​ព្រៃ​និង​ឧទ្ទាម​ទីក្រុង​។ ត្រូវ​ចងចាំ​ឲ្យ​បាន​ទី១ ប្រយុទ្ធ​ប្រឆាំង​អំពើ​ភេរវកម្ម​គ្រប់​ទម្រង់​នៃ​ភេរវកម្ម​ដែល​វា​កំពុង​គំរាមកំហែង​ពិភពលោក​បច្ចុប្បន្ន​នេះ​មិន​ត្រូវ​ឲ្យ​កម្ពុជា​ក្លាយទៅជា​ជម្រក​របស់​ក្រុម​ភេរវកម្ម​ឬក៏​ជាទី​កន្លែង​វាយប្រហារ​ភេរវកម្ម​នោះ​ទេ​ យើង​ក៏​ត្រូវ​ផ្ដល់នូវ​កិច្ច​សហប្រតិបត្តិការ​ជាមួយ​ប្រទេស​ទាំងអស់​នៅលើ​ពិភពលោក​ដើម្បី​រួមគ្នា​ប្រឆាំងនឹង​អំពើ​ភេរវកម្ម​។

សម្តេច​តេ​ជោ​បាន​បន្ត​ថា ​ពិតមែនតែ​កងទ័ព​កម្ពុជា​តូចតាច​ ប៉ុន្តែ​យើង​មាន​សមត្ថភាព​ការពារ​ជាតិ​របស់​យើង​ចំណុច​នេះ​ជា​ចម្លើយ​ដែល​យើង​ត្រូវ​ចង់​ប្រាប់​ទៅ​ពួក​ឧទ្ទាម​ទីក្រុង និង ឧទ្ទាម​ក្នុងព្រៃ​យើង​មិន​យល់ព្រម​ឲ្យ​អ្នកឯង​មក​ផ្តួលរំលំ​រដ្ឋ​បានទេ។ សូម្បី​នៅក្នុង​ប្រទេស​បារាំង​បច្ចុប្បន្ន​ក៏បាន​ដាក់​ប្រកាស​ប្រទេស​ក្នុង​គ្រា​មាន​អាសន្ន​ដើម្បី​ទប់ស្កាត់​នៃ​ចលនា​អាវកាក់​ពណ៌​លឿង​ហេតុអ្វី​បានជា​បារាំង​អាច​ធ្វើ​បានតែ​កម្ពុជា​មិនអាច​ធ្វើបាន​? ប្រទេស​ខ្លះ​ប្រើ​កងទ័ព​ទៅ​ដណ្ដើមយក​អធិបតេយ្យភាព​របស់​ប្រទេស​ដទៃ គេ​អាច​ធ្វើបាន​ដោយ​គ្មាន​បញ្ហា​ទេ​តែ​សម្រាប់​កម្ពុជា​គ្រាន់តែ​ការពារ​នូវ​សុខសន្តិភាព ការពារ​នូវ​រដ្ឋាភិបាល​ស្របច្បាប់ បែរជា​មានឈ្មោះ​ថា​ជា​ជន​ផ្តាច់ការ​វា​មិន​យុត្តិធម៌​ទេ​នៅលើ​លោកិយ​នេះ​។

ទី​៤.​កងទ័ព​ទាំងអស់​ចូលរួម​ជាមួយ​កម្លាំង​ផ្សេងៗ​ទៀត​ដើម្បី​ជួយ​ដល់​ប្រជាជន​ពិសេស​ពេល​មាន​គ្រោះមហន្តរាយ​កងទ័ព​ជា​កូនចៅ​ប្រជាជន​នៅ​ទីកន្លែង​ណាក៏ដោយ​ត្រូវ​ដឹង​សុខទុក្ខ​ប្រជាជន​ជួយ​ដល់​ប្រជាជន​ដែល​ជួប​ការ​លំបាក​ខិតខំ​ធ្វើ​នូវ​កិច្ច​ការដែល​យើង​អាច​ធ្វើ​ទៅរួច​ជួយ​ដល់​ប្រជាជន​ជាពិសេស​ប្រជាជន​ដែល​មាន​ជីវភាព​ក្រីក្រ​ជួប​ការ​លំបាក​ចំនួន​បាន​បង្ហាញ​ច្បាស់​អំពី​ធាតុពិត​នៃ​កងទ័ព​នោះ​ក៏​ជា​ផ្នែក​មួយ​នៃ​ខឿន​ការពារ​ជាតិ​របស់​ប្រជាជន​ផងដែរ។ ដូច្នេះ​សូមអ្នក​ទាំងអស់​ចាំ​ឲ្យ​បាន​ត្រូវ​ជួយ​ដល់​ប្រជាជន​ហើយ​កុំ​ធ្វើអោយ​ប្រជាជន​ស្រក់​ទឹកភ្នែក​ដោយសារតែ​ទង្វើ​មិន​គប្បី​របស់​កងទ័ព​ត្រូវធ្វើ​ឲ្យ​កងទ័ព​របស់​យើង​ស្អាតស្អំ​ឡើង​ហើយ​ជួយ​ដល់​ប្រជាជន​នៅ​គ្រប់​កាលៈទេសៈ​រួមសុខ​រួមទុក្ខ​ជាមួយ​ប្រជាជន។ នៅមុន​ពេលដែល​កងទ័ព​របស់​យើង​ត្រូវបញ្ជូន​ចេញទៅ​ប្រទេស​ជប៉ុន​នៅ​ឆ្នាំ ២០០៦ ខ្ញុំ​បាន​ផ្តាំផ្ញើ​ទៅ​កងទ័ព​របស់​យើង​ថា​នៅពេល​ចេញទៅ​ប្រទេស​ក្រៅប្រទេស​ត្រូវធ្វើ​ភារកិច្ច​ដែល​ជួយ​ដល់​ប្រជាជន​នៅ​ប្រទេស​នោះ​។ ​សូម​ផ្តាំផ្ញើ​ពី​ទីនេះ​ទៅ​កងទ័ព​របស់​យើង​ដែល​កំពុង​រស់នៅ​ស៊ូដង់​ខាងត្បូង​នៅ​លី​បង់​នៅ​ម៉ាលី សូម​ជួយ​ដល់​ប្រជាជន​នៅ​ទីនោះ​តាម​លទ្ធភាព​ដែល​អាចធ្វើ​ទៅបាន​។​ កុំ​ធ្វើ​ឲ្យ​ប៉ះពាល់​ទៅដល់​ទឹកចិត្ត​ប្រជាជន​នៅក្នុង​ប្រទេសមួយ​ដែល​យើង​ទៅ​ចូលរួម​រក្សា​សន្តិភាព​នៅ​ទីនោះ​។

ទី​៥.​កងទ័ព​ត្រូវ​គាំទ្រ​កម្លាំង​អនុវត្ត​ច្បាប់​ដើម្បី​ការការពារ​ព្រៃឈើ​ជលផល​និង​ធនធានធម្មជាតិ​ដទៃទៀត​។ ​កងទ័ព​ទាំងអស់​ត្រូវ​ចូលរួម​រក្សា​ព្រៃឈើ​មិន​ត្រូវ​ក្លាយទៅជា​អ្នក​កាប់​ឈើ​ឬ​ជា​អ្នកការពារ​ឈ្មួញ​កាប់​ឈើ​នោះ​ទេ​ ចូលរួម​រក្សា​នូវ​ត្រី​ធនធាន​ជលផល​ដ៏​កម្រ​របស់​យើង​មិន​ត្រូវ​ចូលរួម​ជាមួយនឹង​អំពើ​អសកម្ម​នានា​ទាក់ទង​ទៅ​វិស័យ​ជលផល​ការ​ធ្វើ​នេសាទ​ដោយ​ខុសច្បាប់​នោះទេ។



ត្រូវ​ចូលរួម​ថែរក្សា​ធនធានធម្មជាតិ​ដទៃទៀត​ដែល​មាន​នៅក្នុង​ព្រះរាជាណាចក្រ​កម្ពុជា​រប​ស់​យើង​។ ត្រូវ​ហ៊ា​ន​ដាក់ទោស​ទណ្ឌ​ជាមួយ​អ្នកណា​ក៏ដោយ​ស័ក្តិ​ប៉ុណ្ណា​ក៏ដោយ​ដែល​ធ្វើការ​ឃុបឃិត​ឬក៏​បំពាន​ទៅលើ​បទបញ្ជា​ទាំងនោះ​។ ធ្វើ​យ៉ាង​ដូច្នេះ​យើង​ក្លាយទៅជា​អង្គភាព​ដែល​គាំទ្រ​នៅ​អាជ្ញាធរ​មាន​សមត្ថកិច្ច​អនុវត្ត​ច្បាប់​ទាំង​ច្បាប់​ព្រៃឈើ​ច្បាប់បរិស្ថាន​និង​ច្បាប់​ដទៃទៀត​ដែល​ទាក់ទង​ទៅនឹង​ការការពារ​សម្បត្តិ​ធម្មជាតិ​។

​ទី​៦.​កងទ័ព​គាំទ្រ​ដល់​ការ​ប្រមូល​ចំណូល​ថវិកាជាតិ​ទាំង​ថ្នាក់ជាតិ​ទាំង​ថ្នាក់ក្រោម​ជាតិ​ចំណុច​នេះ​គឺជា​ចំណុច​ដែល​គ្រប់​អង្គភាព​មិន​ថា​តែ​កងកម្លាំងប្រដាប់អាវុធ​ក្នុង​ក្របខ័ណ្ឌ​នៃ​កងកម្លាំង​ខេមរភូមិន្ទ​ប៉ុណ្ណោះ​ទេ​ តែ​កងកម្លាំង​ដទៃទៀត​ដូចជា​កង​នគរបាល​ជាតិ​ក៏​ត្រូវ​តែ​ចូលរួម​ដើម្បី​គាំទ្រ​ឲ្យ​អង្គភាព​ប្រមូល​ចំណូល​ឲ្យ​ថវិកាជាតិ។ ខិតខំ​ទប់ស្កាត់​ការ​រកស៊ី​គេចពន្ធ​ទប់ស្កាត់​នូវ​ឧក្រិដ្ឋកម្ម​ឆ្លងដែន​ហើយ​ត្រូវ​ដាក់​ទោសទណ្ឌ​ចំពោះ​អ្នក​ដែល​រកស៊ី​ខុសច្បាប់​។ ការ​ការពារ​អ្នករកស៊ី​ខុសច្បាប់​វា​បានផ្តល់​ប្រយោជន៍​ទៅ​តែម​នុស្ស ២ ទៅ​៣​នាក់ ។ ក៏ប៉ុន្តែ​កងទ័ព​របស់​យើង​មាន​ច្រើន​ម៉ឺន​នាក់​ដូច្នេះ​នាយទាហាន​នាយទាហានរង​និង​ពលទាហាន​មិនត្រូវ​អត់ឱន​ឲ្យ​បុគ្គល​មួយចំនួន​តូច​បំផ្លាញ​កិត្តិយស​សេចក្តីថ្លៃថ្នូរ​របស់​កងទ័ព​នោះ​ទេ​។



ជា​មួយ​នេះ​ សម្តេច​ក៏បាន​ធ្វើការ​ណែនាំ​ទៅ​មន្ត្រី​យោធា​ទាំងអស់​ផង​ដែរ​ថា ខ្លួន​យើង​ក៏ត្រូវ​បំពេញ​កាតព្វកិច្ច​ពន្ធ​ដែរ​ដូចគ្នា​អស់លោក​មាន​លុយ​ទិញ​ឡាន​ត្រូវ​ខិតខំ​បង់ពន្ធ​ឡាន​ឲ្យ​រដ្ឋ ការមិន​បង់ពន្ធ​ឲ្យ​រដ្ឋ​វា​ជា​ការ​កាត់បន្ថយ​ចំណូល​របស់​ជាតិ​តើ​យើង​បាន​លុយ​ពី​ណា​ដូច្នេះ​ត្រូវ​ខិតខំ​ពង្រឹង​វប្បធម៌​បង់ពន្ធ​ដើម្បី​ឲ្យ​រដ្ឋាភិបាល​មាន​ប្រាក់​សម្រាប់​វិនិយោគ​ទៅលើ​គម្រោង​របស់​យើង​។ ការ​អភិវឌ្ឍ​ប្រទេស​នេះ​ មិនមែន​គ្រប់​តែ​គំរោង​សុទ្ធតែ​បាន​មកពី​លុយ​បរទេស​ទេ។ គំរោង​ជាច្រើន​គឺ​ត្រូវ​បាន​អនុវត្ត​ដោយ​ថវិកាជាតិ​របស់​យើង​ផ្ទាល់​តាមរយៈ​នៃ​ការ​ខិតខំ​ប្រមូល​ចំណូល​ជាតិ​របស់​យើង។

ទី​៧.​ខិតខំ​ពង្រឹង​វិន័យ​កងទ័ព​បង្កើន​សមត្ថភាព​លើ​គ្រប់ផ្នែក​ចំណុច​នេះ​គឺជា​ចំណុច​ដ៏​សំខាន់​មួយ​ដែល​ត្រូវតែ​យកចិត្តទុកដាក់​ការហ្វឹកហ្វឺន​ត្រូវធ្វើ​ជាប្រចាំ​គ្រប់មុខ​ជំនាញ​ទាំងអស់​សម្ភារៈ​កាន់តែ​ទំនើប​បើ​មនុស្ស​មិន​ទំនើប ​គឺ​ស្មើនឹង​គ្មាន​សម្ភារៈ​ទាំង​នោះ​ទេ​ អាវុធយុទ្ធភណ្ឌ​របស់​យើង​ពិតមែនតែ​ថ្ងៃនេះ​មាន​មួយចំនួន​មិន​បង្ហាញមុខ​នៅទីនេះ​ក៏ប៉ុន្តែ​បើ​ទោះបីជា​នៅទីនេះ​បង្ហាញមុខ​ក៏​នៅ​តែ​មាន​ការ​ហ្វឹកហាត់​ឲ្យ​ស្ទាត់ជំនាញ​នៃ​ការប្រើប្រាស់​ដូចជា​កាំជ្រួច​បេអិម២១​ជាដើម ​បើ​បាញ់​ខុស​មុំ​តែ​បន្តិច​គ្រាន់​វា​នឹង​ធា្លក់​ខុស​គោលដៅ។ តែ​ខុស 1° ចេញពី​ចំណុច​បាញ់​ទៅ​វា​ខុស​ប៉ុន្មាន​គីឡូម៉ែត្រ​នៅ​ឯ​គោលដៅ​ពេល​ដែល​វា​ធ្លាក់​ទៅ​នោះ។

សម្តេច​បាន​រំលឹក​ថា ​ខិតខំ​តស៊ូ​បង្ហូរញើស​ឈាម​នៅ​ទីលាន​ហ្វឹកហាត់ គឺ​កាត់បន្ថយ​ការ​ហូរ​ឈាម​និង​ការ​ស្លាប់​នៅ​ទីលានប្រយុទ្ធ។ សម្តេច​បាន​ស្នើ​ឲ្យ​ពលទាហាន​នាយទាហាន​ស្ដាប់​ឲ្យ​បាន​ហើយ​យក​ការ​ផ្ដាំផ្ញើ​នេះ​ទៅ​អនុវត្ត​។​ ជា​មួយ​នេះ​សម្តេច​ក៏បាន​ស្នើ​ឲ្យ​មេទាហាន​ទាំងអស់​ខិតខំ​សម្រក់​ក្បាលពោះ​ ព្រោះ​ពោះ​របស់​អស់លោក​កាន់តែ​ធំ​ហើយ​មិន​ថា​នាយទាហាន​ថ្នាក់​ណា​ទេ​ហើយ​បើ​នៅ​ឥណ្ឌូណេស៊ី​អត់​គ្រប់​លក្ខណៈ​ទេ​កាលណា​មាន​ប៉ូលិស ឬ ទាហាន​ក្បាល​ពោះធំ​គេ​បញ្ចេញ​ពី​កងទ័ព​ភ្លាម​គេ​មិន​ទុក​ឲ្យ​នៅ​ដើរ​យួរ​ក្បាលពោះ​ចឹ​ង​ទេ​ រក​វិធី​ទម្លាក់​ក្បាលពោះ​ចុះបើ​មិន​អញ្ចឹង​ទេ​តែ​យើង​អាច​លោត​ផ្លោះ​របង​បានទេ​។ សម្តេច​បន្ត​ថា ​ឥឡូវនេះ​កងទ័ព​ស្រួល​ពេក​ហើយ​មិន​ដូច​មុន​កងទ័ព​នា​ពេល​មុន​ទេ​ត្រូវ​ដើរ​២០ ទៅ ៣០ គីឡូ​ដី​ក្នុង​មួយថ្ងៃៗ​។

ទី​៨.​ត្រូវ​យកចិត្តទុកដាក់​ថែទាំ​យុទ្ធុបករណ៍​ទាំងអស់​ ដែល​ជា​គ្រឿង​បំពាក់​របស់​កង​ទ័ព​របស់​យើង​ហើយ​ត្រូវ​ពិនិត្យ​វា​ជាប្រចាំ។ ចំណុច​នេះ​សម្តេច​បាន​ដាស់តឿន​ចំពោះ​គ្រប់​អង្គភាព​ទាំង​អស់នៃ​កងកម្លាំងប្រដាប់អាវុធ​របស់​កម្ពុជា​មិន​ថា​ជើងគោក​ ជើង​ទឹក​ ជើង​អាកាស ​ឬ​ អង្គភាព​ជំនាញ​ផ្សេងៗ​ត្រូវតែ​ថែទាំ​ឲ្យ​បាន​គត់មត់​ធានា​ថា ​យុទ្ធុបករណ៍​របស់​យើង​នេះ​ប្រើប្រាស់​បាន​ហើយ​ចំ​គោលដៅ​ទៀត​នៅ​ពេល​ដែល​មានការ​ចំ​បាច់​កើតឡើង។



សម្តេច​តេ​ជោ​បន្ត​ថា ​វា​មិនមែន​ជា​ចម្ពាមកៅស៊ូ​ទេ​នេះ​គឺជា​កាំភ្លើង​ហើយ​ទិញ​ក្នុង​តម្លៃ​ច្រើន​មែន​តម្លៃថោក​ទេ​នៅទីនេះ​។

ទី​៩.​ត្រូវ​យកចិត្តទុកដាក់​ដល់​ជីវភាព​កងទ័ព​ជាពិសេស​ចំពោះ​តំបន់​ដាច់ស្រយាល​ទាំងអស់​ត្រូវតែ​មានការ​រៀបចំ​ដើម្បី​ឲ្យ​កងទ័ព​យើង​មាន​គ្រប់​លក្ខណៈ​សម្បត្តិ​និង​ថែទាំ​សុខភាព​ជម្រក​ស្នាក់នៅ​ទីកន្លែង​នានា​ម្ហូបអាហារ​អ្វីៗ​ក៏​ត្រូវ​តែ​មើល​កងទ័ព​របស់​យើង​ពី​ចុងជើង​ដល់​ក្បាល​និង​ពី​ក្បាល​ដល់​ចុងជើង​ខ្ញុំ​អរគុណ​ណាស់​ដែល​ព្រឹត្តិការណ៍​ក្រោយ​ខែកក្កដា​ឆ្នាំ ២០០៨ នាយទាហាន​របស់​យើង​បាន​ប្រសិទ្ធ​នាម​ឲ្យ​ខ្ញុំ​ថា​ជា​អគ្គ​ភស្តុភារ​ជាន់ខ្ពស់​របស់​កងទ័ព​។

ទី​១០.​ជា​ចំណុច​ចុងក្រោយ​ហើយក៏​ជា​ចំណុច​សំខាន់​ណាស់​ដែល​កងទ័ព​ត្រូវ​ដើរ​តួនាទី​ជា​អ្នកការទូត​ក្នុង​ការ​កសាង​ទំនាក់ទំនង​ល្អជា​មួយ​ប្រទេសជិតខាង​និង​កសាង​ទំនាក់ទំនង​ល្អជា​មួយ​ប្រទេស​ជា​មិត្ត​ទាំងអស់​នៅ​លើ​ពិភពលោក​កងទ័ព​ពិត​ជាមាន​តួនាទី​សំខាន់​ណាស់​ដើម្បី​បង្កើតឡើង​នូវ​បរិយាកាស​ល្អ​ជាមួយ​ប្រទេសជិតខាង​។ ទំនាក់ទំនង​ល្អជា​មួយ​ប្រទេសជិតខាង​នោះ​ហើយ​បានធ្វើ​ឲ្យ​ទំនាក់ទំនង​រវាង​រដ្ឋ​និង​រដ្ឋ​ក្នុង​ការធ្វើ​ពាណិជ្ជកម្ម​វិនិយោគ​ទេសចរណ៍​បាន​ប្រសើរឡើង។

ទំហំ​ពាណិជ្ជកម្ម​រវាង​កម្ពុជា​និង​វៀតណាម​ នៅ​តាម​ព្រំដែន​ដែល​រកស៊ី​ជាមួយគ្នា​គឺ​មាន​ជិត ៥ ពាន់​លាន​ដុល្លារ​ទំហំ​ពាណិជ្ជកម្ម​រវាង​យើង​និង​ថៃ​ជាង ៦ ពាន់​លាន​ដុល្លារ​នេះ គឺ​ពិតជា​បានមកពី​ការ​មាន​ទំនាក់ទំនង​ល្អ​រវាង​កងទ័ព​នៃ​ប្រទេសជិតខាង​គ្នា​ជាមួយ​ថៃ​ជាមួយ​វៀតណាម​និង​ជាមួយ​ឡាវ​។

នៅក្នុង​ឱកាស​នេះ​ដែរ សម្ដេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​បាន​អញ្ជើញ​ផ្ដល់​កិត្តិយស​ដ៏​ខ្ពង់ខ្ពស់​បំពាក់​គ្រឿង​ឥស្សរិយយស​ជូន​ដល់​អង្គភាព និង​នាយទាហាន និង​ពលទាហាន​ជាច្រើនរូប ដែល​មាន​គុណបំណាច់​ចំពោះ​ជាតិ​មាតុភូមិ​កន្លងមក​នៅក្នុង​បរិយាកាស​ស្និទ្ធស្នាល និង​រីករាយ​ក្រៃលែង​៕



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu