យ៉ាងហោចណាស់មានក្លិបបាល់ទាត់ចំនួន៣ក្រុម ត្រូវបានគណៈកម្មការប្រកួតបាល់ទាត់ជាតិកម្ពុជា (CNCC) នឹងជ្រើសរើសជាបេក្ខភាពតែ១ក្រុមដើម្បីចូលរួមប្រកួតក្នុងពានរង្វាន់លីគកំពូលកម្ពុជា (Metfone Cambodian League)រដូវកាលឆ្នាំ២០១៩ ខាងមុខ ជំនួសក្រុមបាល់ទាត់វេស្ទើនភ្នំពេញ ដែលប្រកាសរំសាយក្រុមកាលពីពេលថ្មីៗ ដោយសារបញ្ហាហិរញ្ញវត្ថុ។
លោក ឆាំង ពិសិដ្ឋ លេខាធិការប្រតិបត្តិនៃគណៈកម្មការប្រកួតបាល់ទាត់ជាតិ បានឲ្យដឹងថា «ដោយយោងតាមកិច្ចប្រជុំរបស់គណៈកម្មាធិការប្រតិបត្តិនៃសហព័ន្ធកីឡាបាល់ទាត់កម្ពុជាថ្មីៗនេះក្លិបដែលជាបេក្ខភាពត្រូវឡើងមកលេងលីគកំពូលឆ្នាំ ២០១៩ គឺក្រុមដែលប្រកួតជម្រុះពីក្របខ័ណ្ឌក១ ប៉ុន្តែដោយសារអត់មានការប្រកួត យើងត្រូវមើលលើការដាក់ពាក្យរបស់ក្លិប Forza របស់ ខេត្តសៀមរាប, ខេត្តកំពង់ចាម និង គីរីវង់សុខសែនជ័យ»។
ដូច្នេះគណៈកម្មាធិការប្រតិបត្តិនៃសហព័ន្ធកីឡាបាល់ទាត់កម្ពុជានឹងពិនិត្យជាក់ស្ដែងអំពីលទ្ធភាព ចំពោះក្រុមទាំង ៣ ខាងលើ តើក្រុមណាអាចបំពេញតម្រូវការលេងនៅលីគឆ្នាំ ២០១៩បាន។ ប៉ុន្តែបើយោងតាមដំណឹងក្រៅផ្លូវការមួយបានបញ្ជាក់ថា សិទ្ធិនេះត្រូវបានធ្លាក់ទៅក្លិបគីរីវង់សុខសែនជ័យ តែមិនទាន់មានការប្រកាសជាសាធារណៈនៅឡើយនោះទេ។
សូមរំលឹកថា កាលពីរដូវកាលឆ្នាំ២០១៨ កន្លងទៅគឺសហព័ន្ធកីឡាបាល់ទាត់កម្ពុជា បានសម្រេចឲ្យក្រុមខ្លាំងចំនួន២មកពីលីគលំដាប់ទី២ ឡើងទៅលេងក្នុងពានរង្វាន់លីគកំពូលកម្ពុជា ដែលជម្រុះក្រុមបាតតារាងចំនួន២ក្រុមចេញ។ ប៉ុន្តែដោយឆ្នាំ២០១៩ នេះមិនមានរៀបចំកម្មវិធីប្រកួតក្របខណ្ឌលីគលំដាប់ទី២ ទើបមិនមានជម្រុះក្រុម តែដោយចៃដន្យក្រុមវេស្ទើនភ្នំពេញ ដកខ្លួនចេញក៏សម្រេចរកក្រុមថ្មីដើម្បីជំនួសតែម្តង។
សូមបញ្ជាក់ថា ក្រុមដែលជាសមាជិកពានរង្វាន់លីគកំពូលកម្ពុជា បានចាប់ផ្តើមប្រមូលផ្តុំកីឡាករឡើងវិញក្រោយសម្រាកមួយរយៈបន្ទាប់ពីបញ្ចប់បេសកម្មក្នុងរដូវកាលចាស់ហើយនេះជាដំណាក់កាលដែលក្រុមទាំងអស់ត្រូវតាមដាននិងត្រួតពិនិត្យសមត្ថភាពកូនក្រុមរបស់ខ្លួនឡើងវិញទាំងសមាជិកចាស់ និងសមាជិកថ្មីៗទាំងខ្មែរនិងបរទេស ឬកីឡាករខ្លះទើបតែជ្រើសរើសចេញពីក្រុមថ្នាលយុវជន ព្រមទាំងកីឡាករមួយចំនួនដែលកំពុងស្ថិតក្នុងដំណាក់កាលធ្វើតេស្តសាកល្បងមុននឹងសម្រេចបញ្ចូលពួកគេទៅក្នុងក្រុមឈុតធំឬយ៉ាងណានោះ មុនរដូវកាលឆ្នាំ២០១៩ មកដល់នៅខែមីនា ខាងមុខ៕
Source: Kampuchea Thmey Daily
0 Comments