ភ្នំពេញ ៖ នៅព្រឹកថ្ងៃទី២៤ ខែមករានេះ ភ្នាក់ងារយកព័ត៌មានកាសែតកម្ពុជាថ្មីបាននាំយកអំណោយពីសប្បុរសជននៅច្បារអំពៅរាជធានីភ្នំពេញ ទៅផ្តល់លោកយាយម្នាក់ដែលកំពុងមានជំងឺហើយលើកដៃសុំសប្បុរសជនឲ្យផ្តល់អាហារណាដែលឆ្ងាញ់ឲ្យគាត់បានហូបមុនពេលដែលគាត់លាចាកលោកនេះទៅ។
លោកយាយដែលចង់ហូបម្ហូបឆ្ងាញ់មុនពេលគាត់លាចាកលោកនេះទៅឈ្មោះ យុង សះ អាយុ៦៦ឆ្នាំបច្ចុប្បន្នរស់នៅក្នុងកូនខ្ទមភូមិស្លែង ឃុំស្វាយរំពារ ស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ។
តាមប្រភពពីលោកយាយយុង សន អាយុ៧៧ឆ្នាំ ដែលជាបងបង្អើតលោកយាយយុង សះ បានឲ្យដឹងថា ប្អូនស្រីរបស់គាត់ជាស្ត្រីមេម៉ាយមានកូនប្រុសពីរ ប៉ុន្តែកូនគាត់បានបោះបង់គាត់ចោលនៅពេលដែលដឹងថា គាត់មានជំងឺប្រចាំកាយព្យាបាលមិនជា។ ហើយអ្វីដែលប្អូនស្រីគាត់មានក្តីព្រួយបារម្ភដេកមិនលក់នោះ គឺគាត់ខ្លាចម្ចាស់បំណុលមករឹបអូសខ្ទមកំសត់របស់គាត់ដែលដាក់បញ្ចាំគេចំនួន៥០ម៉ឺនរៀល ដើម្បីយកលុយទិញថ្នាំព្យាបាល។ តែនៅពេលអស់លុយដែលខ្ចីគេមកទិញថ្នាំព្យាបាល គឺនៅតែមិនជាម្យ៉ាងទៀតម្ចាស់បំណុលតែងតែមករំអុករឿងលុយជំពាក់ធ្វើឲ្យប្អូនស្រីគាត់កាន់តែភ័យខ្លាចរហូតដល់ចង់វិកលចរិត។
ប៉ុន្តែនៅថ្ងៃទី២៤ខែមករានេះ មានសប្បុរសជននៅច្បារអំពៅបានផ្តល់ថវិកាសម្រាប់យកទៅលួសប្លង់ដីនិងឧបត្ថម្ភប្រាក់បន្ថែមសរុប៨០ម៉ឺនរៀល រួមមានម្ហូបឆ្ងាញ់ ដែលអ្នកស្រុកស្រែមិនដែលបានហូបនោះគឺបង្កងស្ងោមួយគីឡូក្រាម បាយភ្លៅមាន់ និងមីចំនួន៣កេស ស្ករសមួយគីឡូក្រាមនិងទឹកដោះគោឆៅទៀតផង។
ខណៈពេលដែលលោកយាយយុង សះ បានទទួលអំណោយយ៉ាងច្រើនសន្ធឹកសន្ធាប់នេះរួចមកលោកយាយបានលើកដៃសំពះព្រមទាំងសម្រក់ទឹកភ្នែកទាំងពុំដឹងខ្លួន ព្រោះមិននឹកស្មានថាមានសប្បុរសជនមកពីច្បារអំពៅមកផ្តល់អំណោយមានទាំងថវិកាសម្រាប់លួសយកប្លង់ដី ថវិកាសម្រាប់ទិញម្ហូបចំណីនិងមានម្ហូបឆ្ងាញ់ៗបន្ថែមទៀត ដែលលោកយាយនឹកស្មានមិនដល់សោះ។
លោកយាយបានលើកដៃសំពះ និង បន់អស់ទេវតាគ្រប់ទិសទីឲ្យលោកជួយបីបាច់ថែរក្សាដល់សប្បុរសជនដែលបានជួយលោកយាយសូមឲ្យជួបប្រទះតែនិងសេចក្តីសុខរកទទួលទានមានបានជារៀងរហូតតទៅ៕
Source: Kampuchea Thmey Daily
0 Comments