ភ្នំពេញ ៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានទទួលជួបលោក Dmitry Kobylkin រដ្ឋមន្ត្រីក្រសួងធនធានធម្មជាតិ និងបរិស្ថាន នៃសហព័ន្ធរុស្ស៊ីនៅវិមានសន្តិភាពទីស្តីការនាយករដ្ឋមន្ត្រី កាលពីរសៀលថ្ងៃទី២៤ មករា នេះ។
ក្នុងជំនួបនោះ លោក Dmitry បានគោរពសម្តែងនូវអំណរគុណយ៉ាងជ្រាលជ្រៅបំផុតជូនចំពោះសម្តេចតេជោនាយករដ្ឋមន្ត្រី ដែលបានអនុញ្ញាតឲ្យរូបលោក និងគណប្រតិភូបានចូលជួបសម្តែងការគួរសម។
លោក អ៊ាង សុផល្លែត ជំនួយការផ្ទាល់សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ឲ្យដឹងបន្ទាប់ពីជំនួបនោះថា លោករដ្ឋមន្ត្រីមានប្រសាសន៍ជម្រាបជូនសម្តេចតេជោដែរថា ទំនាក់ទំនងនៃប្រទេសទាំងពីរកម្ពុជា-រុស្សី មានជាយូរលង់ណាស់មកហើយ ពោលគឺអាចនិយាយបានថា ចាប់តាំងពីឆ្នាំ១៩៥៦រហូតមក។
លោកមានប្រសាសន៍ជម្រាបជូនសម្តេចតេជោដែរថា ដំណើរទស្សនកិច្ចរបស់លោកមកកាន់ប្រទេសកម្ពុជានៅពេលនេះ គឺដើម្បីជួបលោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន ដែលជាសហប្រធានគណៈកម្មការអន្តររដ្ឋាភិបាល នៃប្រទេសទាំងពីរកម្ពុជា -រុស្ស៊ី។ លោកមានប្រសាសន៍បន្តថា រុស្ស៊ីនឹងធ្វើការគាំទ្រដល់ប្រទេសកម្ពុជា ដើម្បីធ្វើយ៉ាងណាឲ្យមានការអភិវឌ្ឍរីកចម្រើនប្រកបដោយចីរភាព ដែលនោះគឺជាគោលដៅចម្បងនៃកិច្ចពិភាក្សារវាងលោក និងលោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន ដែលគ្រោងត្រូវធ្វើការពិភាក្សានៅថ្ងៃទី២៥ មករា។
លោកបន្តថា កិច្ចពិភាក្សានេះ ផ្តោតការពិភាក្សាទៅលើលការពិនិត្យលើលទ្ធផលអ្វី ដែលរដ្ឋាភិបាលនៃប្រទេសទាំងពីរបានសម្រេចនៅពេលកន្លងមក និងរៀបចំផែនការថ្មីថែមទៀត ដើម្បីជំរុញកិច្ចសហប្រតិបត្តិការនៃប្រទេសទាំងពីរ ពាក់ព័ន្ធនិងបញ្ហាសេដ្ឋកិច្ច ពាណិជ្ជកម្ម បច្ចេកទេស និងវិទ្យាសាស្ត្រ។
សម្តេចតេជោនាយករដ្ឋមន្ត្រីមានប្រសាសន៍អបអរសាទរជូនចំពោះលោក Dmitry Kobylkin ដែលត្រូវបានតែតាំងជាសហប្រធាននៃគណៈកម្មការអន្តររដ្ឋាភិបាលរុស្សី-កម្ពុជា។ សម្តេចតេជោឯកភាពជាលោករដ្ឋមន្ត្រីដែរថា ទំនាក់ទំនងនៃប្រទេសទាំងពីរមានជាយូរយារណាស់មកហើយ ជាសក្ខីភាពគឺយើងមានវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា និងមន្ទីរពេទ្យមិត្តភាពកម្ពុជា-រុស្ស៊ី ដែលមានស្រាប់នៅកម្ពុជា។ សម្តេចបន្តថា បន្ទាប់ពីធ្វើការផ្តល់រំលំរបប ប៉ុល ពត អតីតសហភាពសូវៀត បានផ្តល់ជំនួយយ៉ាងច្រើនដល់កម្ពុជា និងបានដើរតួនាទីយ៉ាងសំខាន់ក្នុងដំណើរការស្វែងរកសន្តិភាព និងការអភិវឌ្ឍប្រទេសកម្ពុជាឡើងវិញ ហើយរហូតមកដល់ពេលនេះទៀតសោតទំនាក់ទំនងនៃប្រទេសទាំងពីរ កំពុងរីកចម្រើនយ៉ាងខ្លាំង ក្នុងន័យនេះ សម្តេចបានផ្តល់អនុសាសន៍ជូនលោករដ្ឋមន្ត្រី ធ្វើការពិភាក្សាជាមួយលោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន គឺសូមពិនិត្យមើលលើកិច្ចសហប្រតិបត្តិការ ឲ្យលើសពីអ្វីដែលជាកិច្ចសហប្រតិបត្តិការទ្វេភាគី គឺពិនិត្យមើលលើទំនាក់ទំនងកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចអឺរ៉ាស៊ី អេរ៉ាស៊ី និងលើសពីនោះទៅទៀត សម្តេចតេជោក៏បានលើកទឹកចិត្តឲ្យមានកិច្ចសហប្រតិបត្តិការលើវិស័យបរិស្ថានផងដែរ៕
Source: Kampuchea Thmey Daily
0 Comments