ភ្នំពេញ ៖ ប្រមុខរាជរដ្ឋាភិបាលកម្ពុជាសម្តេចតេជោ ហ៊ុន សែនបានអំពាវនាវឲ្យមន្ត្រី យោធាដែលជាឧត្តមសេនីយ៍កងយោធពលខេមរភូមិន្ទទាំងអស់ ដែលមានលុយ ទិញឡានជិះហើយនោះសូមចូលរួមបង់ពន្ធឲ្យរដ្ឋ ដោយសម្តេចតេជោបានលើកឡើងថា បើឧត្តមសេនីយ៍ម្នាក់ៗមានលុយទិញឡានជិះហើយសុំមិនបង់ពន្ធថ្លៃឡាននោះ វានឹងធ្វើឲ្យខាតបង់ចំណូលថវិកាជាតិដែរ។
ដូច្នេះបុគ្គលទាំងអស់ត្រូវបង់ពន្ធឲ្យបានត្រឹមត្រូវទាំងអស់គ្នា ដើម្បីពង្រឹងវប្បធម៌បង់ពន្ធដារចូលថវិកាជាតិ។
នៅក្នុងពិធីរលឹកខួប២០ឆ្នាំ នៃការបង្កើតបញ្ជាការដ្ឋានកងទ័ពជើងគោកនាព្រឹកថ្ងៃទី ២៤ ខែមករា នេះ សម្ដេចនាយករដ្ឋមន្ត្រី ហ៊ុន សែន បានថ្លែងទៅកាន់នាយទាហាន នាយទាហានរង ពលទាហាន ទាំងអស់ឲ្យចូលរួមបង្ក្រាបនិង ទប់ស្កាត់ការរកស៊ីគេចពន្ធឲ្យបានត្រឹមត្រូវដើម្បីពង្រឹងការអនុវត្តច្បាប់ពន្ធដារនៅក្នុងប្រទេសកម្ពុជា។
សម្តេចតេជោ ហ៊ុន សែន បានជំរុញឲ្យគ្រប់អង្គភាពទាំងអស់ មិនថាតែកងកម្លាំងប្រដាប់ អាវុធក្នុងក្របខណ្ឌតែកងយោធពលខេមរភូមិន្ទនោះទេ តែកងកម្លាំងដទៃទៀត ដូចជាកងនគរបាល ជាតិក៏ត្រូវតែចូលរួមដើម្បីគាំទ្រឲ្យអង្គភាពប្រមូលចំណូលថវិកាជាតិទាំងនៅថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ខិតខំទប់ស្កាត់ការរកស៊ីគេចពន្ធ ទប់ស្កាត់នូវឧក្រិដ្ឋកម្មឆ្លងដែន ហើយត្រូវដាក់ទោសទណ្ឌចំពោះអ្នកដែលរក ស៊ីខុសច្បាប់។ សម្ដេចតេជោ ហ៊ុន សែន បានបន្តថា ការរកស៊ីខុសច្បាប់និងការពារអ្នករកស៊ីខុសច្បាប់ ផលប្រយោជន៍វាបានទៅតែមនុស្ស ២ ឬ៣ នាក់។ ប៉ុន្តែកងទ័ពរបស់យើងមានរាប់ម៉ឺននាក់ ដូច្នេះនាយទាហាន នាយទាហានរង និងពលទាហាន មិនត្រូវអត់ឱនឲ្យបុគ្គលមួយចំនួនតូចបំផ្លាញកិត្តិយសនិងសេចក្តីថ្លៃថ្នូរកងទ័ពនោះទេ។
សម្តេចតេជោ ហ៊ុន សែនបានថ្លែងទៀតថា «យើងត្រូវរួមគ្នាមិនមែនជាភារកិច្ចដាក់ដោយឡែករបស់ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ អង្គភាពគយ ឬ អង្គភាពពន្ធដារនោះទេ ប៉ុន្តែត្រូវមានការជួយគាំទ្រទាំង អស់គ្នា ហើយខ្លួនយើងម្នាក់ៗ ក៏ត្រូវបំពេញកាតព្វកិច្ចពន្ធដារដូចគ្នា អស់លោកមានលុយទិញឡានត្រូវខិតខំបង់ពន្ធឡាន។ ការសុំរួចពន្ធឡានគឺជាការកាត់បន្ថយចំណូលជាតិហើយឧត្តមសេនីយ៍មួយសុំ(មិនបង់ពន្ធ) ហើយឧត្តមសេនីយ៍នៅក្នុងជួរទាហាន ហើយឧត្តមសេនីយ៍នៅក្នុងជួរប៉ូលិសក៏សុំរួចបន្តទៅដល់ថ្នាក់រដ្ឋមន្ត្រី សួរថា តើយើងបានលុយមកពីណាចូលពន្ធរដ្ឋ»។
ការអនុវត្តបង់ពន្ធចូលរដ្ឋគឺជាការបង្កើតលទ្ធភាពដល់រាជរដ្ឋាភិបាលក្នុងការដំឡើងប្រាក់ខែដល់កងកម្លាំងប្រដាប់អាវុធ មន្ត្រីរាជការស៊ីវិល រួមទាំងលទ្ធភាពសម្រាប់បង្កើនការវិនិយោគនិងរៀបចំហេដ្ឋារចនាសម្ព័ន្ធក្នុងដំណើរការអភិវឌ្ឍប្រទេស៕'
Source: Kampuchea Thmey Daily
0 Comments