ភ្នំពេញ ៖ សម្តេចអគ្គមហាសេនាបតីតេជោហ៊ុន សែន នាយករដ្ឋមន្ត្រីនិងជានាយឧត្តមសេនីយ៍ផុតលេខផ្កាយមាស៥ បានដាក់បញ្ជាទៅកាន់កងប្រដាប់អាវុធឲ្យកម្ចាត់ជាបន្ទាន់នូវរាល់ទង្វើណាដែលចង់ផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់ ឬ ក៏ដណ្តើមអំណាចក្រៅប្រព័ន្ធច្បាប់ផ្ទុយពីរដ្ឋធម្មនុញ្ញ។
សម្តេចតេជោ ហ៊ុន សែន បានចេញបទបញ្ជាដូច្នេះកាលពីព្រឹកថ្ងៃទី២៤ ខែមករា ឆ្នាំ២០១៩ ក្នុងពិធីរំលឹកខួប២០ឆ្នាំនៃកំណើតកងទ័ពជើងគោក ដោយសម្តេចតេជោ ហ៊ុន សែន បានជំរុញឲ្យកងទ័ពត្រូវប្រយុទ្ធប្រឆាំងភេរវកម្មនិងវាយកម្ទេចចោលឲ្យបានទាន់ពេលវេលានូវការប៉ុនប៉ងធ្វើបដិវត្តន៍ពណ៌ដែលផ្តួលរំលំរដ្ឋាភិបាលស្របច្បាប់តាមមធ្យោបាយមិនប្រជាធិបតេយ្យនិងផ្ទុយជាមួយរដ្ឋធម្មនុញ្ញ។
សម្តេចតេជោ ហ៊ុន សែន បានបន្តថា កម្លាំងប្រដាប់អាវុធមានភារកិច្ចការពាររដ្ឋ ដូចនេះមិនមានពាក្យអព្យាក្រឹតជាមួយពួកឧទ្ទាមទាំងនោះ ទាំងក្នុងព្រៃ និងឧទ្ទាមទីក្រុងនោះទេ ត្រូវចងចាំឲ្យបាន ទី១-ប្រយុទ្ធប្រឆាំងអំពើភេរវកម្មគ្រប់ទម្រង់នៃភេរវកម្មដែលវាកំពុងគំរាមកំហែងពិភពលោកបច្ចុប្បន្ននេះ មិនត្រូវឲ្យកម្ពុជាក្លាយទៅជាជម្រករបស់ភេរវកម្មឬក៏ជាទីកន្លែងវាយប្រហារភេរវកម្មនោះទេ យើងក៏ត្រូវផ្ដល់នូវកិច្ចសហប្រតិបត្តិការជាមួយប្រទេសទាំងអស់នៅលើពិភពលោកដើម្បីរួមគ្នាប្រឆាំងនឹងអំពើភេរវកម្មដែលកំពុងគំរាមកំហែងពិភពលោក។ យើងត្រូវតែកម្ចាត់ចោលជាបន្ទាន់ដោយមិនចាំបាច់បទបញ្ជានោះទេនូវទង្វើណាក៏ដោយ ដែលដណ្ដើមអំណាចដោយមិនតាមប្រព័ន្ធប្រជាធិបតេយ្យ ដែលផ្ទុយនឹងរដ្ឋធម្មនុញ្ញ។ យើងមិនត្រូវទុកឲ្យអ្នកណាមួយមកបំផ្លាញចោល រដ្ឋនោះទេ ចាំឲ្យបាន ប្រទេសមួយចំនួនដែលសម្រេចជោគជ័យនៃបដិវត្តន៍ពណ៌ចាប់ផ្ដើមពីការធ្វើអព្យាក្រឹត្យតូបនីយកម្ម កងកម្លាំងប្រដាប់អាវុធ។ ខ្ញុំយល់ស្របទៅលើការធ្វើអព្យាក្រឹត្យតូបនីយកម្មកងកម្លាំងប្រដាប់អាវុធ និង រដ្ឋបាលស៊ីវិល តែរវាងបក្សនយោបាយបក្សនយោបាយប៉ុណ្ណោះ។ ប៉ុន្តែអព្យាក្រឹត្យតូបនីយកម្មកងកម្លាំងប្រដាប់អាវុធ គ្មានទេរវាងរាជរដ្ឋាភិបាលនិងគណបក្សនយោបាយ។
សម្តេចតេជោ បានធ្វើការបញ្ជាក់ជាមួយនឹងភាពម៉ឺងម៉ាត់ទៅកាន់កងទ័ពថា «អ្វីដែលកើតឡើងគឺមិនចាំបាច់រង់ចាំបទបញ្ជានោះទេ គឺបើកវាផ្ទុយនឹងច្បាប់ ផ្ទុយនឹងរដ្ឋធម្មនុញ្ញ មានគោលដៅបំផ្លាញរដ្ឋនិងប្រជាជនដែលវាមិនស្រប ទៅតាមច្បាប់ ទៅតាមរដ្ឋធម្មនុញ្ញ បាវចនា ជាតិ សាសនា ព្រះមហាក្សត្រ កម្លាំងប្រដាប់អាវុធគ្រប់ប្រភេទត្រូវចេញធ្វើសកម្មភាពបង្ក្រាបឲ្យបានទាន់ពេលវេលា។ ស្លាប់មនុស្ស ៤, ៥ នាក់ វាប្រសើរជាងស្លាប់ប្រជាជនរាប់ម៉ឺននាក់។ ខ្ញុំមិនខ្លាចនឹងបញ្ជាទេ »។សម្ដេចតេជោ ហ៊ុន សែន បានសង្កត់ធ្ងន់ទៀតថា សូម្បីតែប្រទេសបារាំងបច្ចុប្បន្នក៏ប្រកាសដាក់ប្រទេសក្នុងគ្រាមានអាសន្នដើម្បីទប់ស្កាត់នូវចលនាអាវកាក់ពណ៌លឿង ហើយអនុញ្ញាតឲ្យកងកម្លាំងប្រដាប់អាវុធបង្ក្រាបរាល់គ្រប់សកម្មភាពទាំងអស់ ហេតុអ្វីបានបារាំងអាចធ្វើបាន តែកម្ពុជាមិនអាចធ្វើបានទៅវិញ។ កម្ពុជាគ្រាន់តែយកកងកម្លាំងប្រដាប់អាវុធការពាររដ្ឋាភិបាលស្របច្បាប់ប៉ុណ្ណោះ បែរជាត្រូវគេចោទថា ប្រព្រឹត្តទង្វើផ្ដាច់ការទៅវិញ។ តើយុត្តិធម៌ នៅកន្លែងណា សម្រាប់កម្ពុជា? ខណៈដែលប្រទេសខ្លះយកកម្លាំងប្រដាប់អាវុធទៅដណ្ដើមអំណាចតែមិនមានបញ្ហាអ្វីដែលត្រូវរិះគន់ទាល់តែសោះ។
សម្តេចតេជោនាយករដ្ឋមន្ត្រីបានមានប្រសាសន៍ថា «យើងនៅទីនេះ គ្រាន់តែការពាររដ្ឋប្រទេសខ្លះគេហ៊ានប្រើកងទ័ពដណ្ដើមយករដ្ឋ គេអាចធ្វើបាន ហើយគ្មានបញ្ហាទៀតផង ឯសម្រាប់យើងគ្រាន់តែការពាររដ្ឋបែរជាមានឈ្មោះថា ជាជនផ្ដាច់ការ វាមិនយុត្តិធម៌ទេនៅលើលោកីយ៍នេះ»។ សម្ដេចតេជោ ហ៊ុន សែន ក៏បានប្រកាសទៀតថា ថ្វីត្បិតតែកងទ័ពកម្ពុជាតិច កម្លាំងទន់ខ្សោយ តែកម្ពុជាពិតជាមានសមត្ថភាពគ្រប់គ្រាន់ដើម្បីការពារជាតិរបស់ខ្លួន ហើយទប់ស្កាត់ និង បង្ក្រាបរាល់គ្រប់សកម្មភាពទាំងអស់ដែលចង់ផ្ដួលរំលំរាជរដ្ឋាភិបាលស្របច្បាប់ មិនថាឧទ្ទាមទីក្រុងឬឧទ្ទាមក្នុងព្រៃនោះទេ៕
Source: Kampuchea Thmey Daily
0 Comments