ក្លិបបាល់ទាត់បឹងកេត សមាជិកពានរង្វាន់លីគកំពូលកម្ពុជា (Metfone Cambodian League) បានប្រកាសនៅថ្ងៃព្រហស្បតិ៍ សប្តាហ៍នេះថានឹងរៀបចំកម្មវិធីចែករំលែកបច្ចេកទេសបាល់ទាត់ (Football Clinic) រយៈពេល០២ថ្ងៃ នៅខេត្តកំពង់ចាម គឺនៅថ្ងៃសៅរ៍ ទី ២៦ និងអាទិត្យ ទី២៧ ខែមករា ឆ្នាំ២០១៩ ចុងសប្ដាហ៍នេះ។
យោងតាមការបញ្ជាក់របស់ក្លិបបានលើកឡើងថា ក្នុងដំណើរឆ្ពោះទៅកាន់ខេត្តដែលជាមូលដ្ឋានកំណើតរបស់ក្លិបនេះ ក្រុមបឹងកេត នឹងធ្វើការប្រកួតមិត្តភាពជាមួយនឹងក្រុមបាល់ទាត់យុវជនភូមិរការ នៅក្នុងថ្ងៃសៅរ៍ ទី ២៦ វេលាម៉ោង៣ និង ៣០នាទីរសៀល នៅទីលានបាល់ទាត់ខេត្តកំពង់ចាម ផងដែរ។ សម្រាប់ថ្ងៃទី ២៧ ខែមករាវិញ ក្រុមកីឡាករ និងគ្រូបង្វឹក ក៏នឹងចូលរួមចែករំលែកបច្ចេកទេសបាល់ទាត់ ដល់យុវជន ចំនួន ៥០នាក់ និងការលេងហ្គេមកំសាន្តថែមទៀតផង។
លោក បែ មករា អ្នកចាត់ការទូទៅក្លិបបឹងកេត បានលើកឡើងថា «ចំណុចសំខាន់ទី១ គឺយើងចង់ចែករំលែកបទពិសោធស្ដីពីបាល់ទាត់ដល់ប្អូនៗនៅខេត្តកំពង់ចាម ក៏ដូចជាខេត្តផ្សេងៗទៀតឲ្យយល់ដឹងកាន់តែទូលំទូលាយពីបាល់ទាត់។ ទី២ គឺបន្ទាប់ពីពង្រឹងពង្រីកពីវិស័យបាល់ទាត់នៅតាមបណ្ដាខេត្តហើយ យើងចង់បង្ហាញខ្លួនយើងឲ្យហ្វេនស្គាល់បានច្រើន។ យើងក៏ចង់បង្ហាញថា យើងក៏មានប្រភពពីខេត្តកំពង់ចាមដែរ»។ សូមរំលឹកថា កម្មវិធីចែករំលែកបទពិសោធន៍បាល់ទាត់នេះគឺជាលើកទីពីរហើយរបស់ក្លិបបាល់ទាត់បឹងកេត ក្នុងការចូលរួមចែករំលែកបច្ចេកទេសបាល់ទាត់ទៅដល់យុវជននៅតាមបណ្តាខេត្ត បន្ទាប់ពីបានធ្វើជោគជ័យនៅខេត្តកំពត កាលពីឆ្នាំ២០១៧ កន្លងទៅ។
ក្លិបបឹងកេត ឡើងមកលេងពានរង្វាន់លីគកំពូលកម្ពុជា នៅឆ្នាំ២០១២ ហើយធ្លាប់ឈ្នះជើងឯកចំនួន៣លើកគឺនៅឆ្នាំ២០១២,២០១៦ និង២០១៧ ខណៈនៅឆ្នាំ២០១៣ និង២០១៤ ត្រឹមឈរជើងឯករង។ នៅឆ្នាំ២០១៧ ក្រុមនេះឈ្នះពានរង្វាន់ CNCC Cup 2017 ផងដែរ។ ចំណែកពានរង្វាន់នៅក្រៅស្រុកវិញក្រុមដែលមានប្រភពមកពីខេត្តកំពង់ចាម មួយនេះធ្លាប់ចេញទៅប្រកួតវគ្គជម្រុះតាមពូលពានរង្វាន់ AFC President's Cup នៅឆ្នាំ២០១៣ ធ្លាប់ឡើងដល់វគ្គផ្ដាច់ព្រ័ត្រពានរង្វាន់ Toyota Mekong Club Championship 2015 តែចាញ់ក្រុម Buriram United របស់ថៃ និងប្រកួតក្នុងពានរង្វាន់នៅឆ្នាំ២០១៦ និង២០១៧ ផងដែរ។ នៅឆ្នាំ២០១៨និង២០១៨ ក្រុមនេះមានឈ្មោះចេញទៅលេងពានរង្វាន់លំដាប់ទី២ប្រចាំទ្វីបអាស៊ី AF Cup ផងដែរតែធ្លាក់ត្រឹមវគ្គជម្រុះតាមពូលដូចគ្នា៕
Source: Kampuchea Thmey Daily
0 Comments