Ad Code

ក្លិប​អាស៊ី​អឺរ៉ុប សំបូរ​ក្រុម​កីឡាករ​ជា​យុវជន​ច្រើន​ត្រៀម​ស្វាគមន៍​រដូវ​កាល​ឆ្នាំ​២០១៩​ខាងមុខ​



ក្លិប​បាល់ទាត់​អាស៊ី​អឺរ៉ុប សមាជិក​ពានរង្វាន់​លី​គ​កំពូល​កម្ពុជា (Metfone Cambodian League) សំបូរ​ទៅដោយ​កីឡាករ​យុវជន​នៅក្នុង​ក្លិប ខណៈ​ថ្មីៗ​នេះ​ក្លិប​ក៏បាន​បានរៀបចំ​ចុះ​កិច្ចសន្យា​ជាមួយ​កីឡាករ​ចំនួន​១២​នាក់ សុទ្ធតែ​ជនជាតិខ្មែរ​មុន​រដូវ​កាល​ថ្មី​ឆ្នាំ​២០១៩ មកដល់​ហើយ​លោក សុក វាសនា គ្រូបង្វឹក​ប្រចាំ​ក្រុម​កំពុងតែ​ត្រូវការ​កម្លាំង​បន្ថែម ព្រោះ​កីឡាករ​ចាស់ៗ​មួយចំនួន​បាន​ចូលនិវត្តន៍​និង​ចាក​ចេញពី​ក្លិប​អស់​។



លោក សុក វាសនា បាន​បញ្ជាក់​ថា ​«​ឆ្នាំនេះ​កីឡាករ​ខ្មែរ​ភាគច្រើន​សុទ្ធតែ​យុវជន ដែល​ពុំ​សូវ​មាន​បទពិសោធ​ក្នុង​លី​គ​អាជីព ដោយសារ​ក្រុម​មាន​កញ្ចប់​ថវិកា​តូច យើង​ពុំ​មាន​លទ្ធភាព​នាំ​យក​កីឡាករ​ខ្មែរ​ឆ្នើមៗ​មក​ចូលរួម​ទេ​។ នេះ​ជា​ផល​លំបាក​មួយ​សម្រាប់​ក្រុម​។ តែ​ពួកយើង​ក៏​មាន​មោទនភាព ដែល​ថ្នាក់ដឹកនាំ​សាកលវិទ្យាល័យ ពិសេស​ឯកឧត្តម​ប្រធាន​ក្លិប ទោះ​មាន​ភាព​ខ្វះខាត​ក៏​គាត់​នៅតែ​ព្យាយាម​ជួយ​ជ្រោមជ្រែង មិនថាតែ​ក្លិប​បាល់ទាត់​យើង គឺ​ស្ទើរ​គ្រប់​ប្រភេទ​កីឡា ដើម្បី​ត្រៀម​សម្រាប់ SEA Games ឆ្នាំ​២០២៣»​។

ថ្មីៗ​នេះ​ក្លិប​អាស៊ី​អឺរ៉ុប បាន​ចុះកិច្ចសន្យា​ជាមួយ​កីឡាករ​១២​នាក់​ដើម្បី​ត្រៀម​រដូវ​កាល​ថ្មី​របស់ខ្លួន​ស្រប​ពេល​កីឡាករ​ទាំងអស់​នោះ​មាន​មកពី​ព្រះខ័ន​រាជ​ស្វាយរៀង​៤​រូប​, សូល​ទី​ឡូ​អង្គរ​២​រូប​, ការពារជាតិ​អាយុ​ក្រោម​១៩​ឆ្នាំ​២​រូប​, វេ​ស្ទើ​ន​១​នាក់​, ណាហ្គា​វើ​លដ៍​១​នាក់​, វិសាខា​១​នាក់ និង​ក្រុម​ពាក់កណ្ដាល​អាជីព​១​នាក់​។ ​តំណាង​ក្លិប​មួយ​នេះ​ធ្លាប់បាន​លើកឡើងថា​ កូនក្រុម​របស់ខ្លួន​កាលពី​រដូវ​កាល​២០១៨​កន្លងទៅ​នៅសល់​ប្រមាណ​ជាង​១០​នាក់​ប៉ុណ្ណោះ ដោយសារ​អ្នកខ្លះ​ផ្លាស់​ទ្រនំ​ថ្មី និង​មួយ​ចំនួន​ទៀត​បានបញ្ចប់​អាជីព ស្រប​ពេល​ថ្មីៗ​នេះ​ក្លិប​បាន​ធ្វើ​តេស្ត​សមត្ថភាព​កីឡាករ​យុវជន​ជាច្រើន​នាក់​ហើយ​ជម្រុះ​នៅសល់​ជាង​២០​នាក់ ​មុន​សម្រេច​ជ្រើស​រើសយក​អ្នក​ល្អ​ចូលរួម​ក្នុង​ក្រុម​។



បើ​និយាយ​ពី​លទ្ធផល​ក្នុង​ពានរង្វាន់​លី​គ​កំពូល​របស់​កម្ពុជា ក្រុម​អាស៊ី​អឺរ៉ុប បាន​បញ្ចប់​រដូវ​កាល​របស់​ខ្លួន​ដោយ​ឈរ​ចំណាត់ថ្នាក់​លេខ​៧ ក្នុងចំណោម​សមាជិក​ទាំង​១២​ក្រុម គឺជា​លទ្ធផល​ដ៏​ល្អ​របស់​ក្លិប​តាំងពី​បង្កើត​មក​។ តាមរយៈ​កម្មវិធី​ប្រកួត​សន្សំ​ពិន្ទុ​២២​ប្រកួត​ក្រុម​អាស៊ី​អឺរ៉ុប បាន​យកឈ្នះ​គូប្រកួត​បាន​៨​លើក ហើយ​ស្មើគ្នា​បាន​៦​លើក​និង​ចាញ់​៨​លើក ប៉ុណ្ណោះ​។ បើ​និយាយ​ពី​ក្នុង​ពានរង្វាន់​សម្តេច​តេ​ជោ ហ៊ុន សែន វិញ​ក្រុម​នេះ​បាន​ធ្លាក់​ចេញ​នៅ​វគ្គ​១៦​ក្រុម​ចុងក្រោយ​ថ្នាក់ជាតិ​ក្រោយ​ចាញ់​ក្រុម​ជើង​ឯក​ក្រសួង​ការពារជាតិ​ដោយ​លទ្ធផល​ទាំង២ជើង​១០ទល់២៕



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu