ប្រធានាធិបតី​អាមេរិក​លោក Donald Trump កាលពី​ថ្ងៃ​សុក្រ​បានបញ្ចប់​ជា​បណ្តោះអាសន្ន​នូវ​ការបិទ​រដ្ឋាភិបាល​ដ៏​យូរ​បំផុត​ក្នុង​ប្រវត្តិសាស្ត្រ​អាមេរិក​ខណៈពេលដែល​លោក​បាន​លុបចោល​ការទទូច​របស់​លោក​ទៅលើ​ថវិកា​ភ្លាមៗ​សម្រាប់​ការសាងសង់​ជញ្ជាំង​នៅតាម​បណ្តោយ​ព្រំដែន​ម៉ិ​ក​ស៊ិ​ក​។​

សេចក្តីប្រកាស​នៅ​សួន Rose Garden ក្នុង​សេត​វិមាន​អំពី​កិច្ចព្រមព្រៀង​ពីរ​គណបក្ស​នេះ​បាន​សម្គាល់​អំពី​ការដកថយ​របស់លោក Trump, ផ្អាក​ជម្លោះ​នយោបាយ​មួយ​ដែល​បានធ្វើ​ឲ្យ​ជាប់គាំង​ដល់ទី​ក្រុង​វ៉ាស៊ីនតោន​, បង្អាក់​ការធ្វើដំណើរ​តាមផ្លូវ​អាកាស​ហើយ​បាន​បណ្តាល​ឲ្យ​បុគ្គលិក​ជាង​៨០០,០០០​នាក់​មិន​ទទួលបាន​ប្រាក់ខែ​រយៈពេល​ប្រាំ​សប្តាហ៍​។​

សមាជិក​ព្រឹទ្ធសភា​ជាន់ខ្ពស់​ខាង​គណបក្ស​ប្រជាធិបតេយ្យ​លោក Chuck Schumer បាន​និយាយថា លោក​សង្ឃឹមថា លោក Trump បាន​រៀន​មេរៀន​របស់គាត់​។​

ទាំង​ព្រឹទ្ធសភា​និង​សភាតំណាងរាស្ដ្រ​បាន​ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​នេះ​ជាមួយ​ការយល់ព្រម​ជា​ឯកច្ឆន្ទ​កាលពី​ថ្ងៃ​សុក្រ​។ ក្រោយមក សេត​វិមាន​បាន​បញ្ជាក់ថា លោក Trump បាន​ចុះហត្ថលេខា​លើ​ច្បាប់​នេះ​។​

ការផ្លាស់ប្តូរ​គំនិត​របស់លោក Trump បានកើត​ឡើង​ចំពេល​ដែល​រង​សម្ពាធ​ដោយសារ​ការបិទ​រដ្ឋាភិបាល​រួមទាំង​ការចំណាយ​ហិរញ្ញវត្ថុ​លើ​បុគ្គលិក​ដែល​កំពុង​តវ៉ា​និង​សេដ្ឋកិច្ចជាតិ​ផងដែរ​។​

ប៉ុន្តែ​ខណៈដែល​លោក​ប្រធានាធិបតី​សុខចិត្ត​យល់ព្រម​បើក​រដ្ឋាភិបាល​ឡើងវិញ​ទាំង​មិន​ទទួលបាន​ទឹកប្រាក់​ចំនួន​៥.៧​ពាន់​លាន​ដុល្លារ​សម្រាប់​មូលនិធិ​ជញ្ជាំង​ព្រំដែន​នោះ លោក​នៅតែ​គំរាម​ធ្វើសង្គ្រាម​សាជាថ្មី​ជាមួយនឹង​ការបិទ​រដ្ឋាភិបាល​ជាថ្មី​ឬ​ដាក់​រដ្ឋ​ក្នុង​គ្រាអាសន្ន​បើសិនជា​មិនមាន​ភាពជោគជ័យ​ណាមួយ​លើ​គម្រោង​របស់លោក​នៅ​បី​សប្តាហ៍​បន្ទាប់​។​

លោក​និយាយថា “​ក្នុង​រយៈពេល​ខ្លី ខ្ញុំ​នឹង​ចុះហត្ថលេខា​លើ​សេចក្តីព្រាងច្បាប់​មួយ​ដើម្បី​បើក​រដ្ឋាភិបាល​របស់​យើង​។ ក្នុង​រយៈពេល​២១​ថ្ងៃ​ទៀត ខ្ញុំ​រំពឹងថា គណបក្ស​ប្រជាធិបតេយ្យ​និង​គណបក្ស​សាធារណរដ្ឋ​នឹងធ្វើ​សកម្មភាព​ដោយស្មោះ​ត្រង់​ជាមួយគ្នា​”​។​

ទោះបីជា​យ៉ាងណាក៏ដោយ លោក​បាន​ព្រមាន​ថា “​ប្រសិនបើ​យើង​មិន​ទទួលបាន​កិច្ចព្រមព្រៀង​ដោយ​សមរម្យ​ពីស​ភា​ទេនោះ រដ្ឋាភិបាល​នឹង​បិទ​ម្តងទៀត​នៅ​ថ្ងៃទី​១៥​ខែកុម្ភៈ​ឬ​ខ្ញុំ​នឹង​ប្រើប្រាស់​អំណាច​នៅក្រោម​ច្បាប់​និង​រដ្ឋធម្មនុញ្ញ​នៃ​សហរដ្ឋអាមេរិក​ដើម្បី​ដោះស្រាយ​ភាពអាសន្ន​នេះ​។ យើង​ពិតជា​មិនមាន​ជម្រើស​ទេ​ប៉ុន្តែ​ត្រូវ​សាងសង់​ជញ្ជាំង​ដ៏​រឹងមាំ​ឬ​របាំង​ដែក​”​។​

គួរបញ្ជាក់​ជាថ្មី​ថា លោក Trump បាន​បង្ក​ឲ្យ​មាន​ការបិទ​រដ្ឋាភិបាល​កាលពី​ខែធ្នូ​ដើម្បី​ជា​មធ្យោបាយ​ដាក់​សម្ពាធ​ទៅលើ​សភា​របស់​គណបក្ស​ប្រជាធិបតេយ្យ​បន្ទាប់ពី​ពួកគេ​បាន​បដិសេធ​ការទាមទារ​មូលនិធិ​ជញ្ជាំង​របស់គាត់​៕ AFP



Source: Kampuchea Thmey Daily