Ad Code

គិលានដ្ឋាន ​ដែល​ជា​អំណោយ​របស់ ​សម្ដេច​តេ​ជោ និង​សម្ដេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ​ជូន​កងពលតូច​អន្តរាគមន៍​លេខ​១២៨ មាន​តម្លៃ​ជាង​៧​ម៉ឺន​ដុល្លារ​ ត្រូវ​បាន​សម្ពោធ​ដាក់​ឲ្យ​ប្រើប្រាស់​



ភ្នំពេញ​ ៖ គិលានដ្ឋាន​កងពលតូច​អន្តរាគមន៍​លេខ​១២៨​ ជា​អំណោយ​ដ៏​ថ្លៃថ្លា​របស់​ សម្ដេច​អគ្គ​មហា​សេនាបតី​តេ​ជោ​ ហ៊ុន សែន នាយករដ្ឋមន្ត្រី​ នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​ សម្ដេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​ស្ថិតនៅ​ក្នុងភូមិ​រាជា​នុ​កូ​ល សង្កាត់​ស្ទឹងត្រែង ក្រុង​ស្ទឹងត្រែង​(​អូ​ពងមាន់​) ត្រូវបាន​សម្ពោធ​ជា​ផ្លូវការ​នា​ព្រឹក​ថ្ងៃទី​២៦​មករា ដោយមាន​ការអញ្ជើញ​ចូលរួម​ពី ​លោក ​ឃួ​ង ស្រេង អភិបាល ​នៃ​គណៈ​អភិបាល​រាជធានី​ភ្នំពេញ និង​លោកស្រី។​

តាម​ការ​ឲ្យ​ដឹង​ពី​លោក​ឧត្ដមសេនីយ៍ទោ មៀ​ច សាមុត មេបញ្ជាការ​កងពលតូច​អន្តរាគមន៍​លេខ​១២៨ ​លើកឡើង​ពី​កិច្ចសហការ​ល្អប្រសើរ​ជាមួយ​រដ្ឋបាល​រាជធានី​ភ្នំពេញ ​ក្នុងនាម​ជា​អង្គភាព​សម្ព័ន្ធ​មេត្រី​នឹង​គ្នា​ ធ្វើ​ឲ្យ​អង្គភាព​កងពលតូច​អន្តរាគមន៍​លេខ​១២៨ ​ឈរជើង​នៅ​តំបន់​អូ​អាល័យ ស្រុក​សៀម​ប៉ាង ខេត្ត​ស្ទឹងត្រែង​ ដែលជា​អង្គភាព​ទើប​បង្កើត​ថ្មី​ មានការ​ប្រែ​មុខមាត់​ថ្មី​ទាំង​ការ​កសាង​មូលដ្ឋាន​ទ័ព និង​ហេដ្ឋារចនាសម្ពន្ធ ក៏​ដូច​ការលើក​កម្ពស់​ជីវភាព​កង​ទ័ព និង​គ្រួសារ​កង​ទ័ព​។​

លោក​ឧត្ដមសេនីយ៍​ក៏បាន​លើកឡើង​ពី​ស្ថានភាព​តាម​បណ្ដោយ​ព្រំដែន ដែល​អង្គភាព​១២៨​ ឈរ​ជើង​មាន​លក្ខណៈ​ល្អប្រសើរ​ជាមួយ​ភាគី​ឡាវ និង​បាន​រួម​ចំណែក​ធ្វើ​ឲ្យ​តំបន់​ព្រំដែន​ក្លាយ​ជា​ព្រំដែន​សន្តិភាព ព្រំដែន​អភិវឌ្ឍន៍​ និង​បង្ក​លក្ខណៈ​ងាយស្រួល​ដល់​ប្រជាពលរដ្ឋ​ទាំងសងខាង​ អាច​ធ្វើ​ទំនាក់​ទំនង​រកគ្នា​យ៉ាង​ល្អ ប្រសើរ​ក្រោម​អនុសាសន៍​ដ៏​ខ្ពង់ខ្ពស់​របស់​សម្ដេច​អគ្គ​មហា​សេនាបតី​តេ​ជោ ​ហ៊ុន សែន ជា​នាយករដ្ឋមន្ត្រី​។​

លោក​បន្តថា គិលានដ្ឋាន​ដែល​ត្រូវ​សម្ពោធ​ជា​ផ្លូវការ​នាពេលនេះ​ គឺជា សមិទ្ធផល និង​ជា​សក្ខីភាព​ នៃ​ការ​គិតគូរ​របស់​សម្ដេច​តេ​ជោ និង ​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ​ជូន​ដល់​អង្គភាព​អន្តរាគមន៍​លេខ​១២៨ តាមរយៈ​រដ្ឋបាល​រាជធានី​រាប់​ប្រើប្រាស់​ពិនិត្យ​ព្យាបាល​ជំងឺ​ជូន​កង​ទ័ព និង​ប្រជាពលរដ្ឋ​នៅ​តំបន់​នេះ​និង​កាត់បន្ថយ​ការចំណាយ​ក្នុងការ​ព្យាបាល​ជំងឺ និង​សង្គ្រោះ​បឋម​ដល់​ប្រជាពលរដ្ឋ​យើង។​

លោក​ ឃួ​ង ស្រេង បាន​មាន​ប្រសាសន៍​ថា ប្រទេសជាតិ​មួយ​ខ្លាំង គឺ​ខ្លាំង​ដោយសារ​កង​ទ័ព ​ហើយ​កង​ទ័ព​សម័យនេះ​មិន​ខុសពី​កងទ័ព​សម័យមុន​ទេ ​គឺ​ក្នុងតួនាទី​ភារកិច្ច និង​កាតព្វកិច្ច​ស្មោះត្រង់​ចំពោះ​ ជាតិ សាសនា ព្រះមហាក្សត្រ​,​ការពារ​រដ្ឋធម្មនុញ្ញ ការពារ​រាជរដ្ឋាភិបាល ការពារ​ទឹកដី និង​ថែរក្សា​សុខ​សន្តិភាព​ជូន​ជាតិ​មាតុភូមិ និង​ប្រជាជន​។​
​លោក​បន្តថា ទោះបី​កម្ពុជា​ជា​ប្រទេស​តូច ប្រជាជន​តិច ប៉ុន្តែ​ជា​ភ័ព្វសំណាង​ខ្ពស់​ណាស់​ដែល​យើង​មាន​កងទ័ព​ដ៏​ស្មោះត្រង់ មាន​ស្មារតី​ឆន្ទៈ​ស្នេហា​ជាតិ និង​មាន​អគ្គ​មគ្គុទ្ទេសក៍​ដឹកនាំ​ដ៏​ឆ្នើម​ គឺ​ សម្ដេច​អគ្គ​មហា​សេនាបតី​តេ​ជោ​ ហ៊ុន សែន ជា​ប្រមុខ​។​

ជាមួយគ្នានេះ ទោះបី​សង្គមជាតិ​យើង​នាពេល​បច្ចុប្បន្ន​មាន​សុខ​សន្តិភាព​ពេញលេញ ជម្លោះ​ដែន​អធិបតេយ្យ​មាន​សភាព​ស្ងប់ស្ងាត់ តំបន់​ព្រំដែន​មានការ​អភិវឌ្ឍន៍ និង​ជីវភាព​ប្រជាពលរដ្ឋ​ មាន​ការ​លើក​កម្ពស់ ប៉ុន្តែ​យើង​មិនអាច​ស្កប់ស្កល់​នោះទេ យើង​ចាំបាច់​ត្រូវតែ​បន្ត​រួមគ្នា​ថែរក្សា សុខ​សន្តិភាព និង​ការ​អភិវឌ្ឍ​​សង្គម​ដូច​សព្វថ្ងៃនេះ ហើយ​ពិតណាស់​យើង​មិនអាច​ខ្វះ​បានឡើយ​ នូវ​វត្តមាន​កងទ័ព​ដែលជា​តួអង្គ​ប្រតិបត្តិ​ករ​ដ៏​សំខាន់បំផុត​ ដូច្នេះ បញ្ហា​ជីវភាព​សុខទុក្ខ​កង​ទ័ព និង​សុខភាព​គ្រួសារ​កងទ័ព​ គឺជា​កត្តា​ដែល​ត្រូវ​យកចិត្តទុកដាក់​ ជា​អាទិភាព​។​ នេះ​ជា​លើក​ទី​២​ហើយ​ ដែល​ប្រតិភូ​រដ្ឋបាល​រាជធានី​ភ្នំពេញ​បានមក​សួរសុខទុក្ខ​កងទ័ព​នៅ​អង្គភាព​១២៨​ ក្រោយពី​បាន​ចង​សម្ព័ន្ធ​មេត្រីភាព​ជាមួយ​រាជធានី​ភ្នំពេញ​កាលពី​ថ្ងៃទី​១៥ ខែ​កញ្ញា ឆ្នាំ​២០១៧ ហើយក៏​ស្របគ្នា​នឹង​ដំណើរ​សួរ​សុខទុក្ខ​វីរៈ​កងទ័ព​ជួរមុខ​នៅ​បញ្ជាការដ្ឋាន​កងពលធំ​អន្តរាគមន៍​លេខ​៣,​កងពលតូច​អន្តរាគមន៍​លេខ​៩ និង​វ​រៈ​នគរបាល​ការពារ​ព្រំដែន​លេខ​៧៩៣ ខេត្ត​ព្រះវិហារ​ផងដែរ​។​

គិលានដ្ឋាន​នេះ ​ចាប់​សាងសង់​កាលពី​ថ្ងៃទី​២ ខែ​កុម្ភៈ ឆ្នាំ​២០១៨ ​មាន​បណ្ដោយ​៣០​ម៉ែត្រ ទទឹង​៧​ម៉ែត្រ​ មាន​ខ្លោងទ្វារ របង​ដែល​ចំណាយ​ថវិកា​សាងសង់​ប្រមាណ​៧​ម៉ឺន​ដុល្លារ​អាមេរិក​ ដែល​ជា​អំណោយ​របស់​សម្ដេច​អគ្គ​មហា​សេនាបតី​តេ​ជោ ​ហ៊ុន សែន និង​ សម្ដេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​ តាមរយៈ​រដ្ឋបាល​រាជធានី​ភ្នំពេញ។​ ដើម្បី​ផ្សារភ្ជាប់​មនោសញ្ចេតនា​ជាមួយ​កងពលតូច​អន្តរាគមន៍​លេខ​១២៨។

លោក ​ឃួ​ង ស្រេង និង​លោកស្រី​ បានផ្តល់​ជូនអំណោយ​រប​ស់ សម្ដេច​តេ​ជោ​ រួមមាន​ ថវិកា​,​មី​,​ទឹកស៊ីអ៊ីវ​,​ទឹកត្រី​,ស្រា​បៀ​,​ប្រេងម៉ាស៊ូត​,​ប្រេងសាំង​,​អង្ករ​,​ស័ង្កសី​,​ដែកគោល​ចម្រុះ​,​ រួម​ទាំង​ថ្នាំពេទ្យ​ជា​ច្រើន​មុខ​ទៀតផង​ដែរ​។​

គួរបញ្ជាក់​ផងដែរ ក្នុងឱកាស​នោះដែរ ឆ្លើយតប​តាម​ការស្នើសុំ​របស់​លោក​ឧត្ដមសេនីយ៍ទោ មៀ​ច សាមុត លើ​ការ​សុំ​សាងសង់​អគារ​ចិត្តសាស្ត្រ​មួយ​ខ្នង ​និង​បង្គន់​អនាម័យ​មួយ​ខ្នង​ ដែល​មាន​តម្លៃ​ជាង​៨​ម៉ឺន​ដុល្លារ​បន្ថែមទៀត​នោះ លោក​ ឃួ​ង ស្រេង បាន​ឯកភាព​សម្រេច​ប្រគល់ជូន​តាម​សំណើ ដែល​អគារ​នេះ ក៏​ជា​អំណោយ​ដ៏​ថ្លៃថ្លា​របស់​សម្ដេច​អគ្គ​មហា​សេនាបតី​តេ​ជោ​ ហ៊ុន សែន នាយករដ្ឋមន្ត្រី ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​សម្ដេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​ ជូន​អង្គភាព​កងពលតូច​អន្តរាគមន៍​លេខ​១២៨​ ឈរជើង​នៅ​តំបន់​អូ​អាល័យ ស្រុក​សៀម​ប៉ាង ខេត្ត​ស្ទឹងត្រែង​៕



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu