កាលពីថ្ងៃសុក្រ មេដឹកនាំគណបក្សប្រឆាំងរបស់ប្រទេសវេណេហ្ស៊ូអេឡា បានបង្កើនយុទ្ធនាការរបស់ខ្លួនដើម្បីទម្លាក់លោកប្រធានាធិបតី Nicolas Maduro ដោយលោកបានអំពាវនាវឲ្យមានបាតុកម្មទ្រង់ទ្រាយធំមួយនិងបដិសេធសំណើកិច្ចចរចាជាមួយមេដឹកនាំសង្គមនិយម។
ប្រធានសភាជាតិលោក Juan Guaido ដែលបានប្រកាសខ្លួនថាជាប្រធានាធិបតីស្តីទីអំឡុងការប្រមូលផ្តុំតាមដងផ្លូវ ដោយមនុស្សរាប់ម៉ឺននាក់កាលពីថ្ងៃពុធបាននិយាយថា លោកនឹងមិនចូលរួមការសន្ទនាក្លែងក្លាយមួយស្តីពីវិបត្តិ ដែលបានសម្លាប់មនុស្សចំនួន២៦នាក់នៅសប្តាហ៍នេះក្នុងការប៉ះទង្គិចគ្នារវាងសកម្មជនប្រឆាំងលោក Maduro និងកងកម្លាំងសន្តិសុខទេ។
បន្ទាប់ពីការឈឺចាប់ផ្នែកសេដ្ឋកិច្ចរយៈពេល៤ឆ្នាំដែលបានធ្វើឲ្យប្រជាជនវេណេហ្ស៊ូអេឡាខ្វះចំណីអាហារនិងឱសថហើយបានជំរុញឲ្យមនុស្សជាងពីរលាននាក់ភៀសខ្លួនចេញពីប្រទេស, គណបក្សប្រឆាំងបានទទួលសំឡេងគាំទ្រក្នុងខែនេះចំពោះលោក Guaido បន្ទាប់ពីលោក Maduro បានស្បថចូលកាន់តំណែងប្រធានាធិបតីជាលើកទីពីរបន្ទាប់ពីការបោះឆ្នោតដ៏ចម្រូងចម្រាស។
ប្រទេសម៉ិកស៊ិកបានផ្តល់សំណើរៀបចំការចរចាររវាងមេដឹកនាំគូប្រជែងទាំងពីរហើយលោក Maduro បាននិយាយថា លោកត្រៀមខ្លួនទៅគ្រប់ទីកន្លែងដែលត្រូវទៅ។ ប៉ុន្តែលោក Guaido ដែលត្រូវបានគាំទ្រដោយសហរដ្ឋអាមេរិកនិងបណ្តាប្រទេសអាមេរិកឡាទីនជាច្រើនបានប្រាប់អ្នកគាំទ្រនៅទីក្រុង Caracas ថា “សាធារណជននឹងបន្តនៅតាមដងផ្លូវរហូតដល់យើងបញ្ចប់ការដណ្តើមអំណាច មានរដ្ឋាភិបាលអន្តរកាលនិងការបោះឆ្នោតដោយសេរី”។
សហភាពអឺរ៉ុបនិងសហរដ្ឋអាមេរិកបានបង្កើនសម្ពាធលើលោក Maduro ឲ្យយល់ព្រមចំពោះការបោះឆ្នោតថ្មីមួយ។ អ្នកការទូតសហភាពអ៊ឺរ៉ុបម្នាក់បានប្រាប់ AFP ថា ប្លុកនេះចង់បានការអំពាវនាវភ្លាមៗសម្រាប់ការបោះឆ្នោតនាពេលអនាគតដ៏ខ្លីខាងមុខ។
ស្របពេលជាមួយគ្នានោះដែរ ក្រសួងការបរទេសអាមេរិកបាននិយាយថា រដ្ឋមន្ត្រីក្រសួងការបរទេសសហរដ្ឋអាមេរិកលោក Mike Pompeo នឹងបញ្ជាក់ពីការគាំទ្ររបស់អាមេរិកដល់ប្រជាជនវេណេហ្ស៊ូអេឡានៅឯកិច្ចប្រជុំក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិនៅថ្ងៃសៅរ៍និងជំរុញឲ្យរដ្ឋជាសមាជិកទទួលស្គាល់លោក Guaido ជាប្រធានាធិបតីបណ្តោះអាសន្ន។
រដ្ឋបាលរបស់លោកប្រធានាធិបតី Donald Trump បានដឹកនាំការដាក់សម្ពាធជាអន្តរជាតិលើលោក Maduro ដែលបានចោទប្រកាន់ទីក្រុងវ៉ាស៊ីនតោនថាប៉ុនប៉ងធ្វើរដ្ឋប្រហារ។
កាលពីថ្ងៃសុក្រ លោក Pompeo បានប្រកាសថា សហរដ្ឋអាមេរិកបានតែងតាំងប្រេសិតថ្មីមួយដើម្បីដឹកនាំកិច្ចខិតខំប្រឹងប្រែងដើម្បីជួយវេណេហ្ស៊ូអេឡាឲ្យសម្រេចបាននូវលទ្ធិប្រជាធិបតេយ្យ៕ AFP
Source: Kampuchea Thmey Daily
0 Comments