បាត់ដំបង ៖ ថ្មីៗនេះ សារសំឡេងមួយ បានបែកធ្លាយស្តីពីការចរចា គ្នា រវាងមេឈ្មួញ ជាមួយនឹងលោក ម៉ង់ ស៊ី មេបញ្ជាការ នគរបាលវរៈការពារព្រំដែនគោក លេខ ៨១៩ ប្រចាំស្រុកកំរៀង និងប្រចាំច្រករបៀងព្រះពុទ្ធ ហៅច្រកបឹងឆ្នាំង ស្ថិតក្នុងទឹកដីស្រុកកំរៀង ខេត្តបាត់ដំបង ដែលជាប់នឹងខ្សែបន្ទាប់ព្រំដែនកម្ពុជ-ថៃ ដែលសារនេះគឺជាការសុំសម្របសម្រួលតម្លៃ ដើម្បីនាំរថយន្តចំនួន២គ្រឿង ចូលតាមច្រកដែលគ្រប់គ្រងដោយមេបញ្ជាការ ៨១៩។
យោងតាមប្រភពសម្ងាត់ និងច្បាស់ការមួយ បានឲ្យកម្ពុជាថ្មីដឹងថា មួយរយៈកន្លងមកនេះ គឺចាប់តាំងពី លោក ម៉ង់ ស៊ី ទៅកាន់ជាមេបញ្ជាការ នគរបាល វរៈការពារព្រំដែនគោកលេខ៨១៩មក គឺមានការបើកភ្លើងខៀវយ៉ាងពេញបន្ទុក ដើម្បីឲ្យក្រុមឈ្មួញ បាននាំចូលនូវរថយន្តប្រភេទចង្កូតស្តាំ ដែលជាប្រភេទរថយន្តត្រូវហាមឃាត់ ឲ្យចូលយ៉ាងគំហុកពីថៃ មកកម្ពុជា ដើម្បីទទួលនូវផលប្រយោជន៍ផ្ទាល់ខ្លួន។
ប្រភពដដែលបានលើកឡើងថា រថយន្តដែលគេបានបើកដៃឲ្យឈ្មួញនាំចូលនោះ សុទ្ធសឹងតែជាប្រភេទរថយន្តទំនើបៗ និងមានបំពាក់ស្លាកលេខថៃនៅឡើយ លុះមកដល់ដីខ្មែរ ទើបលោកមេបញ្ជាការរូបនេះចាប់ចែងបញ្ជាទៅ លោកនាយរងប៉ុស្តិ៍ ខូវ សុភាព ជាអ្នកដោះដូរស្លាកលេខ វិញ ទើបប្រគល់ទៅឲ្យឈ្មួញបញ្ចេញទៅលក់នៅលើទីផ្សារ ដោយភាគច្រើន គឺគេបញ្ចេញទៅកាន់ក្រុងប៉ោយប៉ែត។
ចំណែកតម្លៃលើការនាំចូលរថយន្តចង្កូតស្តាំ សម្រាប់តែ លោកមេបញ្ជាការ ម៉ង់ ស៊ី គឺចាប់ពី ១០ ០០០បាត ដល់ ៣០ ០០០បាត ទៅតាមប្រភេទ និង ស៊េរីរថយន្ត រហូតមានពេលខ្លះ បានកើតទៅជាទំនាស់ក៏មានដែរ ដោយសារតែការទាមទារនូវតម្លៃមិនបានដូចបំណង។
ការគ្រប់គ្រងច្រករបៀងនៅក្នុងតំបន់ខាងលើ ពីសំណាក់ លោក ម៉ង់ ស៊ី គឺគេបានវាតទី និងលាតសន្ធឹងយ៉ាងឆ្ងាយ ដើម្បីក្ដោបក្ដាប់នូវបទល្មើសគ្រប់ប្រភេទ ទាំងការនាំម៉ូតូចូល ក៏ដូចជាការនាំឈើគ្រញូង របស់លោក « ភីយ៉ៃណុង » ដែលឈ្មោះនេះ គឺជាមេឈ្មួញរកស៊ីឈើគ្រញូងពីថៃ មកខ្មែរ នៅចន្លោះ ប៉ុស្តិ៍ស្វាយ ស និងប៉ុស្តិ៍ អូរជ្រៃ គឺត្រូវបង់ឲ្យ លោក ម៉ង់ ស៊ី ទាំងអស់។
ជាចុងក្រោយ ប្រភពច្បាស់ការណ៍បានបញ្ជាក់ថា មួយរយៈចុងក្រោយនេះ គឺនៅថ្ងៃទី២៤ ខែធ្នូ ឆ្នាំ ២០១៨ លោក ម៉ង់ ស៊ី បានបើកភ្លើងខៀវឲ្យរថយន្តចំនួន២គ្រឿង ចូលតាមចំណុចចម្ការស្វាយ និងត្រង់បង្គោលឡាក់លេខ៥៣ ដែលចំណុចទាំង២នេះ មានចម្ងាយពីច្រករបៀង ព្រះពុទ្ធ ឬ ច្រក បឹងឆ្នាំង ប្រហែល៧០០ម៉ែត្រ តែប៉ុណ្ណោះ។
មិនត្រឹមតែប៉ុណ្ណោះទេ លោកមេបញ្ជាការ វរៈ ៨១៩ បានប្រមូលលុយពីមន្ត្រីមួយចំនួននៅក្រោមឱវាទ ក្នុងម្នាក់ៗ ចាប់ពី១.៥០០ដុល្លារ ដល់ ៣.៥០០ដុល្លារ ដោយសន្យាថា នឹងតំឡើងឋានន្តរសក្ដិ ឬក៏តំឡើងតួនាទីឲ្យ តែធាតុពិតគឺរហូតមកទល់នឹងពេលនេះ មានរយៈពេលជិត១ឆ្នាំហើយ ដែលគ្មានពន្លឺអ្វីបន្តិចទាល់តែសោះ គឺគេបានយកលុយទៅស៊ីចាយយ៉ាងសប្បាយទៅវិញ ថែមទាំងស៊ីដាច់ប្រាក់ឧបត្ថម្ភប្រចាំខែ ពី សម្ដេច ទៅលើបណ្តាប៉ុស្តិ៍គ្រប់ប៉ុស្តិ៍ តាមខ្សែបន្ទាត់ព្រំដែនផងដែរ។
តាមរយៈទូរស័ព្ទ កាលពីព្រឹកថ្ងៃទី២៥ ខែមករា ឆ្នាំ២០១៩ លោក ម៉ង់ ស៊ី បានគំរាមថា លោកនឹងប្តឹងទៅលើប្រភពណាដែលរាយការណ៍មិនពិត ដើម្បីឲ្យកាសែតផ្សាយពាក់ព័ន្ធនឹងរឿងអាស្រូវរបស់លោក ដោយលោកបានសង្កត់ធ្ងន់ថា បើលោកចេះរកស៊ីអញ្ចឹង លោកមិនចាំបាច់មកធ្វើជាប៉ូលិសនោះទេ។ ហើយលោកក៏បានអះអាងថា បើចង់ដឹងរឿងនេះច្បាស់ ត្រូវសួរទៅលោក អភិបាលស្រុក កំរៀងផង។
ភាសាដែលទម្លាក់ឲ្យកម្ពុជាថ្មី សួរទៅលោកអភិបាលស្រុក ធ្វើឲ្យមានការងឿងឆ្ងល់កាន់តែខ្លាំងថា តើលោកអភិបាលស្រុកមានការពាក់ព័ន្ធនៅក្នុងរឿងនេះដែរ ឬយ៉ាងណា? ប៉ុន្តែតាមការបកស្រាយរបស់ លោកអភិបាលស្រុក សុខ គឹមខុន បានឲ្យដឹងថា រឿងនេះលោកគ្រាន់តែដឹងថា បើតាមច្រករបៀងតែម្តង គឺគេមិនអាចនាំចេញបានទេ ព្រោះភាគីថៃក៏មានការរឹតបន្តឹងដែរ ប៉ុន្តែគេខ្លាចតែរថយន្តចេញតាមចម្ការដំឡូង ឬ ចម្ការស្វាយ ដែលនៅសងខាងប៉ុស្តិ៍ ព្រោះខ្សែបន្ទាត់ព្រំដែននៅក្នុងតំបន់នេះគ្មានអូរទេ គឺដីរាបស្មើទាំងអស់។
ដោយឡែកចំពោះប្រភពមួយដែលធ្លាយពីជួរថ្នាក់ដឹកនាំកំពូលៗ នៅក្នុងស្នងការដ្ឋាននគរបាលខេត្ត គឺបានឲ្យដឹងថា ប្រមាណជា២ខែមុន លោកស្នងការបានកោះប្រជុំដល់បណ្តាមេវរៈ និងមេប៉ុស្តិ៍ជួរមុខទាំងអស់ ដោយដាក់វិន័យយ៉ាងតឹងរ៉ឹងបំផុត គឺហាមដាច់ខាតការបើកឲ្យរថយន្តចង្កូតស្តាំហូរចូលមកកម្ពុជា ថែមទាំងបានឲ្យមេៗទាំងនោះផ្តិតមេដៃ លើកិច្ចសន្យានោះទៀតផង ផ្ទុយទៅវិញ បែរជាលេចធ្លាយនូវការបើកឲ្យឈ្មួញនាំចូលនូវប្រភេទរថយន្តចង្កូតស្តាំនេះវិញដដែល តាមច្រកព្រះពុទ្ធ ស.បញ្ជាក់ឲ្យឃើញថា លោកមេបញ្ជាការ វរៈ ៨១៩ មិនបានគោរពតាមកិច្ចសន្យាដែលលោកស្នងការបានកំណត់នោះឡើយ ដូច្នេះប្រភពជាច្រើនដែលកំពុងទទួលនូវការកៀបសង្កត់ពីលោកមេបញ្ជាការវរៈ រូបនេះ នឹងរង់ចាំមើលថា តើលោកស្នងការនឹងចាត់វិធានការបែបណាទៅលើបុគ្គលដែលផ្គើននឹងថ្នាក់ដឹកនាំ?៕
Source: Kampuchea Thmey Daily
0 Comments