ក្នុងនាមជាម្ចាស់ជើងឯកនៃពានរង្វាន់លីគកំពូលកម្ពុជា (Metfone Cambodian League 2018) ក្លិបណាហ្គាវើល បានចាប់ឆ្នោតស្ថិតនៅពូល F ជាមួយក្រុមខ្លាំងដល់ទៅ៣ពីតំបន់អាស៊ានផ្សេងទៀត សម្រាប់ការប្រកួតក្នុងពានរង្វាន់កម្រិតទី២ប្រចាំទ្វីបអាស៊ី គឺAFC Cup 2019 ដែលនឹងប្រកួតនៅឆ្នាំ២០១៩នេះ។
លោក មាស ចាន់ណា គ្រូបង្វឹករបស់ក្រុមណាហ្គាវើល បានលើកឡើងថា ក្រុមខ្លួននឹងចេញដំណើរទៅកាន់ប្រទេសវៀតណាម នៅវេលាម៉ោង៥ល្ងាចថ្ងៃអាទិត្យ ទី២៤ ខែកុម្ភៈ ឆ្នាំ២០១៩ នេះតាមច្រកអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ ដើម្បីប្រកួតបើកឆាកជាមួយក្រុមម្ចាស់ផ្ទះ Hanoi FC នៅដើមសប្ដាហ៍ក្រោយ។
ការចាប់ឆ្នោតរបស់សហព័ន្ធកីឡាបាល់ទាត់ទ្វីបអាស៊ី ឃើញថាក្រុមណាហ្គាវើលស្ថិតនៅពូល F ជាមួយក្រុម Hanoi FC (ម្ចាស់ជើងឯកលីគកំពូលវៀតណាម) Tampines Rovers (ជើងឯករងលីគកំពូលសិង្ហបុរី) និង Yangon United (ជើងឯកលីគកំពូលមីយ៉ាន់ម៉ា)។ សម្រាប់ប្រកួតបើកឆាកពានរង្វាន់ AFC Cup 2019 នេះក្រុមណាហ្គាវើល ត្រូវប៉ះក្រុម Hanoi FC នៅវេលាម៉ោង៧យប់ ថ្ងៃអង្គារទី២៦ ខែកុម្ភៈ ឆ្នាំ២០១៩ លើទីលានកីឡដ្ឋានHàng Đẫy Stadium។
លោក មាស ចាន់ណា ពានលើកឡើងពីការត្រៀមខ្លួនមុនចេញទៅប្រកួតលើឆាកអន្តរជាតិនេះថា៖«មកទល់ពេលនេះ ត្រៀមខ្លួនបានច្រើនហើយ។ យើងផ្ដោតទៅលើ៥ចំនុចធំៗ សម្រាប់ទប់ទល់និងក្រុមខ្លាំង៣នោះ ដែលកត្តាទាំងអស់រួមមាន ទម្រង់លេង ការរៀបចំតំបន់ការពារ ការរៀបចំតំបន់ប្រយុទ្ធកីឡាករនាំលេង និង ចលនាបម្លាស់ទី»។
តាមគម្រោងការប្រកួតពានរង្វាន់ AFC Cup វគ្គជម្រុះតាមពូលនឹងចាប់ផ្ដើមនៅចុងខែ កុម្ភៈ នេះតាមរូបមន្តវិលជុំសន្សំពិន្ទុ សរុបស្មើ៦ប្រកួត (ក្នុងដីនិងក្រៅដី) ដើម្បីយកតែមួយក្រុមឡើងទៅវគ្គបន្ត ដោយគ្រោងនឹងបញ្ចប់ការប្រកួតទាំងមូលនៅដើមខែតុលា ឆ្នាំ២០១៩។ នេះជាឆ្នាំទី១ សម្រាប់ណាហ្គាវើល ក្នុងការប្រកួតនៅវគ្គបែងចែកពូលបន្ទាប់ពីបានក្លាយជាម្ចាស់ជើងឯកលីគកំពូលកម្ពុជា ឆ្នាំ២០១៨ ខណៈកាលពីឆ្នាំ២០១៧ ធ្លាប់បានចូលរួមប្រកួតម្តងតែត្រូវប្រកួតជម្រុះនៅវគ្គជម្រុះបឋម។
សូមរំលឹកថា សម្រាប់ឆ្នាំ ២០១៨ក្នុងពានរង្វាន់ AFC Cup ជើងឯកបានទៅក្លិប Al-Quwa Al-Jawiya របស់អ៊ីរ៉ាក់ក្រោយឈ្នះក្លិប Altyn Asyr របស់ទួរមេនីស្ថាន ក្នុងលទ្ធផល ២-០ នាវគ្គផ្ដាច់ព្រ័ត្រលើទីលានកីឡដ្ឋានBasra Sports City ក្នុងទីក្រុង Basraក្រោមក្រសែភ្នែកទស្សនិកជនប្រមាណជាង២ម៉ឺននាក់កាលពីចុងខែតុលាកន្លងទៅថ្មីៗនេះ៕
Source: Kampuchea Thmey Daily
0 Comments