Ad Code

ប្រទេស​សិង្ហ​បុរី ​ស្វែងយល់​និង​ចង់​វិនិយោគ​លើ​ហេដ្ឋារចនាសម្ព័ន្ធ​នៅក្នុង​រាជធានី​ភ្នំពេញ​



ភ្នំពេញ​ ៖ ប្រតិភូ​សិង្ហ​បុរី​ដឹកនាំ​ដោយ​លោក​ម៉ៃ ឈើ​លតា​ន់​អគ្គរដ្ឋទូត សិង្ហ​បុរី ប្រចាំ​នៅ​ប្រទេស​កម្ពុជា និង​លោក​ស៊ីត តាន់ នាយក​ប្រតិបត្តិ​នៃ​ប្រទេស​សិង្ហ​បុរី កាលពី​ល្ងាច​ថ្ងៃទី​២២ កុម្ភៈ​ឆ្នាំ ២០១៩ នេះ​បាន​ដឹកនាំ​ប្រតិភូ​មួយ​ក្រុម​ ចូល​ជួប​សំដែង​ការគួរ​សម​ និង​ពិភាក្សា​ការងារ​មួយចំនួន​ជាមួយ លោក​ឃួ​ង​ ស្រេង​ អភិបាល​នៃ​គណៈ​អភិបាល​រាជធានី​ភ្នំពេញ ដើម្បី​ស្វែងយល់​និង ចង់​វិនិយោគ​លើ​វិស័យ​ហេដ្ឋារចនាសម្ព័ន្ធ​នានា​នៅក្នុង​រាជធានី​ភ្នំពេញ ខណៈដែល​រាជធានី​ភ្នំពេញ​បាននិងកំពុង​មានការ​អភិវឌ្ឍ​រីកចម្រើន យ៉ាងខ្លាំង ពីមួយថ្ងៃ​ទៅមួយថ្ងៃ​នោះ។



លោក​ឃួ​ង ស្រេង ក្នុង​ឱកាស​នោះ​បាន​មានប្រសាសន៍​លើកឡើង​ថា ការកសាង​នូវ​ហេដ្ឋារចនាសម្ព័ន្ធ​នៅក្នុង​រាជធានី​ភ្នំពេញ រដ្ឋបាល​រាជធានី បាននឹងកំពុង​ពង្រឹង​និង​ពង្រីក​តំបន់​មួយចំនួន​នៅក្នុង​រាជធានី។ លោក​បាន​បញ្ជាក់​ថា គម្រោង​ប្លង់​មេ អភិវឌ្ឍន៍​រាជធានី​ភ្នំពេញ​នៅ​ឆ្នាំ ២០៣៥ គណៈរដ្ឋមន្ត្រី​បានសម្រេច​ជា​ស្ថាពរ​ហើយ ទន្ទឹម នឹង​នេះ​រាជធានី​ភ្នំពេញ​នឹងត្រូវ​ធ្វើការ​អភិវឌ្ឍ​ហេដ្ឋារចនាសម្ព័ន្ធ​ជាច្រើន​ទៀត ដូចជា​ប្រព័ន្ធ​លូ​ប្រព័ន្ធ​ប្រឡាយ​ផ្លូវថ្នល់​ស្ពាន​អាកាស និង​ផ្លូវ​ក្រោម​ដី​ជាដើម ហើយ​ការងារ​នេះ​យើង​បាន​នឹង​កំពុង​អនុវត្ត​សព្វថ្ងៃ ។ ប៉ុន្តែ​ទោះបីជា​យ៉ាងណាក៏ដោយ រដ្ឋបាល​រាជធានី​ភ្នំពេញ​ក៏​នឹងត្រូវ​ការ​ដៃគូ​ដើម្បី​ធ្វើការ​វិនិយោគ​ទៅលើ​ហេដ្ឋារចនាសម្ព័ន្ធ​នេះ​បន្ថែមទៀត​។​



លោក​ស៊ីត តាន់ បាន​មានប្រសាសន៍​លើកឡើង​ថា គោល​បំណង​ដែល​ប្រតិភូ​មក​ភ្នំពេញ​ក្នុង​ពេលនេះ​គឺ​ដើម្បី​ស្វែងយល់​និង​ចង់​ធ្វើការ​បណ្ដាក់​ទុន​វិនិយោគ​ទៅលើ​ហេដ្ឋារចនាសម្ព័ន្ធ​នានា​នៅក្នុង​រាជធានី​ភ្នំពេញ។ ការ​សំយោគ​ទុន​លើ​វិស័យ​នេះ គឺ​ដោយសារ​មើលឃើញ រាជធានី​ភ្នំពេញ​ក៏ដូចជា​នៅ​ទូទាំងប្រទេស​កម្ពុ​ជាមាន​ការអភិវឌ្ឍន៍​រីកចម្រើន​យ៉ាង​ខ្លាំង​ដែល​ទាមទារ​ឲ្យ​មានការ កសាង​ហេដ្ឋារចនាសម្ព័ន្ធ​បន្ថែម​ទៀត។ លោក​បាន​បញ្ជាក់​ទៀត​ថា ក្រុមហ៊ុន​វិនិយោគ​លើ​ហេដ្ឋារចនាសម្ព័ន្ធ​របស់​ប្រទេស​សិង្ហ​បុរី ជា​ក្រុមហ៊ុន ធំ​មួយ​ដែល​សហការ​ដៃគូ ជាមួយ​រដ្ឋាភិបាល និង​ធានា​គារ​ADB​ដែលមាន​វិសាលភាព​ធំធេង​លើ​ការវិនិយោគទុន​។



លោក​សាំ ពិសិដ្ឋ ប្រធាន​មន្ទីរ​សាធារណការ​និង​ដឹកជញ្ជូន​រាជធានី​ភ្នំពេញ ក្នុង​ឱកាស​នោះ​បាន​លើកឡើង​ពី​ហេដ្ឋារចនាសម្ព័ន្ធ​ជាច្រើន​នៅក្នុង​រាជធានី​ភ្នំពេញ ដូចជា​ការ​អភិវឌ្ឍ​ផ្លូវ ស្ពាន ប្រឡាយ​លូ ជាដើម​។ លោក​បាន​បញ្ជាក់​ថា ក្នុង​ពេលនេះ​គឺ​រដ្ឋបាល​រាជធានី​ភ្នំពេញ​បាន​កសាង ប្រព័ន្ធ​លូ​បាន​ប្រវែង​៧៣២​គីឡូម៉ែត្រ ខណៈ​គម្រោង​ដែល​ត្រូវ​សាងសង់​មាន​រហូត​ទៅដល់ ២​ពាន់​គីឡូម៉ែត្រ បច្ចុប្បន្ននេះ​យើង​មាន ស្ពាន​អាកាស​ចំនួន ៦ ហើយ​ជា​ទិសដៅ​យើង​នឹង​កសាង​ស្ពាន​អាកាស​ជាច្រើន​កន្លែង​ទៀត ។​រាជធានី​ភ្នំពេញ​ជា​ទិសដៅ​ដែល​ត្រូវ​ដោះស្រាយ​មាន​៣ ចំណុច នោះ​គឺ​ការដោះស្រាយ​លើ​ការ​កកស្ទះ​ចរាចរណ៍ បរិស្ថាន​និង​ទឹកជំនន់ និង​កាកសំណល់​និង​សំរាម ដែល​បញ្ហា​ទាំងនេះ​ទាមទារ​ឲ្យ​មាន ការ​យើង​ត្រូវ​ចាប់​ដៃគូ​វិនិយោគ​ជាមួយនឹង​វិស័យ​ឯកជន​។

ប្រតិភូ​សិង្ហ​បុរី​ជា​ចុងក្រោយ​បាន បញ្ជាក់​ថា គម្រោង​ដឹកជញ្ជូន ការកែច្នៃ​សំរាម​ទៅជា​ថាមពល ការស្ថាបនា​ហេដ្ឋារចនាសម្ព័ន្ធ​ផ្សេងៗ​ទៀត ក្រុម​ប្រតិភូ​នឹង​យកទៅ​ពិភាក្សា​ជាមួយ​ដៃគូ​អភិវឌ្ឍន៍ ក្រោយ​ការសិក្សា​ហើយ ប្រតិភូ សិង្ហ​បុរី​និង មក​ទំនាក់ទំនង​ជាមួយ​រដ្ឋ​បាល​រដ្ឋបាល​រាជធានី​ភ្នំពេញ ដើម្បី​ពិភាក្សា​និង​អនុម័ត​៕



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu