Ad Code

អាវុធហត្ថ​រាជធានី​ត្រៀម​លក្ខណៈ​រួច​ជាស្រេច​ក្នុង​ពេល​លោក​នាយ​ឧត្ដមសេនីយ៍​សៅ​សុខា​អញ្ជើញ​បិទ​សន្និបាត​បូកសរុប​ការងារ​បំណាច់​ឆ្នាំ

ភ្នំពេញ​​ ៖​ អាវុធហត្ថ​រាជធានី​ទូទាំង​១២​ខណ្ឌ​ និង​ការិយាល័យ​ជំនាញ​ពាក់ព័ន្ធ​បាន​ត្រៀម​លក្ខណៈ​រួចជាស្រេច​ក្នុង​ការ​ទទួល​ស្វាគមន៍​ ខណៈ​ពេល​លោកនាយ​ឧត្ដមសេនីយ៍​សៅ​សុខា​អគ្គ​មេបញ្ជាការ​រង​នៃ​កង​យោធពល​ខេមរភូមិន្ទ​ និង​ជា​មេបញ្ជាការ​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស​ និង​លោកប៉ា​សុជាតិ​វង្ស​អភិបាល​នៃ​គណៈ​អភិបាល​រាជធានី​ព្រមទាំង​គណៈប្រតិភូ​អម​ដំណើរ​ចំណុះ​ឲ្យ​រាជធានី​នឹង អញ្ជើញ​ជួប​សំណេះសំណាល​ក្នុង​ឱកាស​បិទ​អង្គប្រជុំ​បូកសរុប​លទ្ធផល​ការងារ​ឆ្នាំ​២០១៤​និង​ទិសដៅ​អនុវត្តន៍​បន្ត​ឆ្នាំ​២០១៥​របស់​កងរាជអាវុធហត្ថ​រាជធានី​នៅ​រសៀល​ថ្ងៃ​ទី​១៥ ​ខែ​មករា ឆ្នាំ​២០១៥​នេះ។

ដើម្បី​ទទួល​គណៈប្រតិភូ​ពេល​អញ្ជើញ​មក​សំណេះសំណាល​នាឱកាស​នោះ​កាន់តែ​ល្អ​ប្រសើរ លោក​ឧ​ត្ត​ម​សេនីយ៍​ទោ រ័ត្ន ស្រ៊ាង មេបញ្ជាកា​ររង​អាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស និង​ជា​មេបញ្ជាការ​អាវុធហត្ថ​រាជធានី​ភ្នំពេញ ​នៅ​រសៀល​ថ្ងៃទី ១៣ ខែមករា ឆ្នាំ​២០១៥ បាន​ធ្វើ​ការប្រជុំ​ដោយមាន​វត្តមាន​មេបញ្ជាការ​រង នាយ​នាយរង​សេនាធិការ នាយការិយាល័យ​ និង​ថ្នាក់​មេបញ្ជាការ​មេបញ្ជាការ​រង​អាវុធហត្ថ​តាម​បណ្តា​ខណ្ឌ​ទាំង​១២​រួម​នឹង​កម្លាំង​សមត្ថកិច្ច​ចំណុះ​ឲ្យ​រាជធានី​ទាំងអស់​ចូលរួម។

ក្នុង​កិច្ចប្រជុំ​ក្រោម​វត្តមាន លោក​ឧ​ត្ត​ម​សេនីយ៍​ទោ រ័ត្ន ស្រ៊ាង នា​ឱកាស​នោះ​ សរុប​ខ្លឹមសារ​រួម បាន​លើក​ឡើង​ពី​របៀប​វារៈ​នៃ​កិច្ច​ស្វាគមន៍​និង​រៀបចំ​សណ្តាប់ធ្នាប់​របៀបរៀបរយ ពិសេស​ការទទួលខុសត្រូវ​ខ្ពស់ របស់​មន្ត្រី​អាវុធហត្ថ​គ្រប់រូប ក្នុងពេល​ទទួល​ស្វាគមន៍​គណៈប្រតិភូ។ នេះ​គឺជា​ខ្លឹមសារ ដ៏​មាន​សារៈសំខាន់​មួយ ដែល​លោក​ឧ​ត្ត​ម​សេនីយ៍​ទោ រ័ត្ន ស្រ៊ាង បានដាក់​ផែនការ​ក្នុងពេល បើក​កិច្ចប្រជុំ​។ លោក​ឧ​ត្ត​ម​សេនីយ៍​ទោ រ័ត្ន ស្រ៊ាង បាន​បញ្ជាក់​ថា ក្នុងនាម​ជា​អាវុធហត្ថ​ត្រូវតែ​មាន​ក្រមសីលធម៌​និង​ជំនាញ​រៀងៗ​ខ្លួន​ពិតប្រាកដ ប្រកបដោយ​ការទទួលខុសត្រូវ​ខ្ពស់​ចំពោះ​សន្តិសុខ​សុវត្ថិភាព របស់​ប្រជាពលរដ្ឋ​ទូទាំង​រាជធានី​ដើម្បី​ឲ្យ​ប្រជាពលរដ្ឋ​ទទួល​នូវ ភាពកក់ក្តៅ​ក្នុងការ​រស់នៅ​ក៏​ដូច​ការ​ធ្វើដំណើរ​ទៅមក ខណៈ​ពេលដែល កម្លាំង​អាវុធហត្ថ​បាន​ត្រៀមលក្ខណៈ​គ្រប់​បែបយ៉ាង​​រួច​ជាស្រេច​ក្នុង​កិច្ចការពារ​ដល់​ពួកគាត់​ជាប្រចាំ​ថ្ងៃនោះ។

ជាមួយគ្នា​នោះដែរ លោក​ឧ​ត្ត​ម​សេនីយ៍​មេបញ្ជាការ​អាវុធហត្ថ​រាជធានី​ក៏បាន​ធ្វើការ​ផ្តាំផ្ញើរ​ដល់​មន្ត្រី​អាវុធហត្ថ​ទាំងអស់​ត្រូវ​បន្ត​យកចិត្តទុកដាក់ ទប់ស្កាត់​និង​ការពារ សន្តិសុខ​ជូន​ប្រជាពលរដ្ឋ​និង​អនុវត្តន៍​ឲ្យ​បាន​នូវ​ទិសដៅ​ផែនការ​ដែល​បាន​ដាក់​ចេញ ពិសេស​ទប់ស្កាត់​ឲ្យ​បាន​នូវ​រាល់​បទល្មើស​ក្នុង​មូលដ្ឋាន​រៀងៗ​ខ្លួន​។ លោក​ឧ​ត្ត​ម​សេនីយ៍​បន្តថា ជាមួយនឹង​កិច្ចការពារ​សន្តិសុខ​ជូន​ប្រជាពលរដ្ឋ​ហើយ​នោះ អាវុធហត្ថ​រាជធានី​ត្រូវតែ​ប្រឹងប្រែង រៀនសូត្រ​ហ្វឹកហ្វឺន​បន្ថែម​លើ​មុខវិជ្ជា​ជំនាញ​របស់​សមត្ថកិច្ច​ និង​ប្រឹងប្រែង​អនុវត្តន៍​ទិសដៅ​ការពារ​ភូមិ​ឃុំ​មាន​សុវត្ថិភាព​ឲ្យ​ទទួលបាន​ប្រសិទ្ធភាព​ខ្ពស់ រួម​នឹង​ចេះ​ថែរក្សា​សុខភាព​ខ្លួនឯង​ផងដែរ។

គួរបញ្ជាក់​ថា​នៅ​រសៀល​ថ្ងៃទី​១៥​ខែមករា​ឆ្នាំ​២០១៥​ លោកនាយ​ឧត្ដមសេនីយ៍​សៅ​សុខា​អគ្គមេបញ្ជាការ​រង​នៃ​កង​យោធពល​ខេមរភូមិន្ទ​ និង​ជា​មេបញ្ជាការ​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស​និង​លោកប៉ា សុជាតិ​វង្ស អភិបាល​រាជធានី និង​ប្រតិភូ​អម​ដំណើរ​នឹង​អញ្ជើញ​មកជួប​សំណេះសំណាល​ជាមួយ​កម្លាំង​អាវុធហត្ថ​រាជធានី​ក្នុង​ឱកាស​បិទ​អង្គប្រជុំ​បូកសរុប​លទ្ធផល​ការងារ​ឆ្នាំ​២០១៤​និង​ទិសដៅ​អនុវត្តន៍​បន្ត​ឆ្នាំ​២០១៥របស់​កងរាជអាវុធហត្ថ​រាជធានី​និង​ទិសដៅ​លើកកម្ពស់​និង​សម្តែង​ការ​អរគុណ​ចំពោះ​អាវុធហត្ថ​រាជធានី​ដែល​អនុវត្តន៍​ផែនការ​ការពារ​ទប់ស្កាត់​រាល់​បទល្មើស ពិសេស​រក្សា​ឲ្យ​បាន​នូវ​សុវត្ថិភាព​ល្អប្រសើរ​នៅ​រាជធានី​ភ្នំពេញ​តែម្តង៕

Post a Comment

0 Comments

Close Menu