កណ្ដាល ៖ កាលពីរសៀលថ្ងៃទី១២ ខែមករា ឆ្នាំ២០១៥ សាខាកាកបាទក្រហមកម្ពុជាខេត្តកណ្តាលបានទទួលថវិកាសមាជិកទ្រទ្រង់ឆ្នាំ២០១៤ ពីមន្ទីរអប់រំយុវជនកីឡាខេត្ត និងពីមន្ទីរសាធារណការខេត្តកណ្តាលចំនួន៣២.១០៥.០០០រៀល ដែលមានសមាជិកទ្រទ្រង់ចំនួន៧.២៣៩នាក់ នៅសាលប្រជុំនៃទីស្នាក់ការសាខាខេត្ត។
លោក អ៊ុង តុលា ប្រធានមន្ទីរអប់រំយុវជន និងកីឡាខេត្ត លោក ម៉ឹង យូឡេង ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្ត បានសម្ដែងនូវចំណាប់អារម្មណ៍ជូនអង្គពិធីថា ដោយពិនិត្យឃើញអំពីការដឹកនាំដ៏ឈ្លាសវៃប្រកបដោយគតិបណ្ឌិតរបស់សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា និងដោយទទួលបានការអំពាវនាវពីគណៈកម្មាធិការសាខា ទើបថ្នាក់ដឹកនាំអង្គភាពរបស់លោក ព្រមទាំងមន្ត្រីបុគ្គលិកក្រោមឱវាទបានគាំទ្រដល់ចលនាកាកបាទក្រហម និងស្ម័គ្រចិត្តចូលរួមបង់ថវិកាសមាជិកប្រចាំឆ្នាំដល់សាខាកាកបាទក្រហមកម្ពុជាខេត្តកណ្តាលជារៀងរាល់ឆ្នាំ។ ជាក់ស្តែងឆ្នាំ២០១៤កន្លងមក មន្ទីរអប់រំយុវជន និងកីឡាខេត្ត សាស្ត្រាចារ្យ លោកគ្រូ អ្នកគ្រូទូទាំងខេត្តស្ម័គ្រចិត្តចូលជាសមាជិកគាំទ្រកាកបាទក្រហមកម្ពុជាខេត្តសរុបចំនួន៧.១១៣ នាក់ ថវិកាស្មើនឹង២៩.៥៣៥.០០០រៀល។ ចំពោះមន្ទីរសាធារណការនិងដឹកជញ្ជូនខេត្ត សមាជិកទ្រទ្រង់ចំនួន១២៦នាក់ ថវិកាសរុប២.៥៧០.០០០រៀល។
ជាការឆ្លើយតបវិញលោក ជាវ តាយ ក្នុងនាមគណៈកម្មាធិការសាខា សូមនាំមកនូវការផ្តាំផ្ញើសាកសួរសុខទុកពីសំណាក់សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា ជូនចំពោះសមាជិកសមាជិកាអង្គពិធីដោយក្តីនឹករឭក។ លោកបានថ្លែងអំណរគុណដល់ថ្នាក់ដឹកនាំ មន្ត្រីបុគ្គលិកក្រោមឱវាទរបស់មន្ទីរទាំងពីរ ពិសេសសាស្ត្រាចារ្យ លោកគ្រូ អ្នកគ្រូ ដែលជានិច្ចកាលនៅរៀងរាល់ឆ្នាំតែងតែបានចូលរួមបង់ថវិកាសមាជិកទ្រទ្រង់ប្រចាំឆ្នាំមិនដែលអាក់ខាន និងបានចូលរួមគាំទ្ររាល់សកម្មភាពទាំងឡាយរបស់សាខាគ្រប់ពេលវេលាក្នុងគ្រាកន្លងមក។ លោកសូមសម្ដែងនូវការកោតសរសើរដោយស្មោះចំពោះថ្នាក់ដឹកនាំ មន្ត្រីបុគ្គលិកនៃមន្ទីរអប់រំខេត្ត និងមន្ទីរសាធារណការខេត្តដែលបានយកចិត្តទុកដាក់ខ្ពស់ដល់វិស័យមនុស្សធម៌ហើយបានគាំទ្រជារៀងរហូតមក កាយវិការទាំងនេះគឺស្ដែងឲ្យឃើញពីសកម្មភាពមនុស្សធម៌ដ៏វិសេសវិសាលមិនអាចកាត់ថ្លៃបានរបស់អស់លោក លោកស្រី ដែលជាសមាជិកទ្រទ្រង់និងជាសកម្មភាពគំរូឈានមុខគេក្នុងបណ្ដាអង្គភាពទូទៅក្នុងការចូលរួមជួយសម្រាលទុក្ខលំបាករបស់ជនរងគ្រោះ និងងាយរងគ្រោះដោយគ្រោះមហន្តរាយផ្សេងៗនៅក្នុងខេត្ត។ លោកបានសន្យាថា ចំពោះថវិកាទាំងនេះ សាខានឹងយកទៅចាត់ចែងប្រើប្រាស់ឲ្យចំគោលដៅក្នុងសកម្មភាពមនុស្សធម៌ ដោយតម្លាភាពស្របតាមគោលការណ៍គ្រឹះទាំង៧របស់ចលនាអន្តរជាតិកាកបាទក្រហម អឌ្ឍចន្ទក្រហម ពិសេសអនុវត្តតាមលក្ខន្តិកៈរបស់កាកបាទក្រហមកម្ពុជា ក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ជាប្រមុខ៕
ចាន់ មុនី
0 Comments