កណ្ដាល ៖ នៅក្នុងសាលប្រជុំសាលាស្រុកលើកដែកខេត្តកណ្តាលបានធ្វើការប្រកាសទទួលស្គាល់ជាផ្លូវការសមាសភាពគណៈកម្មាធិការអនុសាខាកាកបាទក្រហមកកម្ពុជាស្រុកលើកដែក និងក្រុមកាកបាទក្រហមកម្ពុជាឃុំទាំង៧នាព្រឹកថ្ងៃទី១២ ខែមករា ឆ្នាំ២០១៥ ដោយមានការអញ្ជើញជាអធិបតីភាពពីសំណាក់លោក ជាវ តាយ អភិបាលរងខេត្ត និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តកណ្តាល ព្រមទាំងសមាជិក សមាជិកាកិត្តិយសគណៈកម្មាធិការអនុសាខាស្រុក ក្រុមប្រតិបត្តិសាខា អនុសាខាស្រុក ក្រុមកាកបាទក្រហមឃុំ អ្នកស្ម័គ្រចិត្តកាកបាទក្រហម និងយុវជនកាកបាទក្រហមកម្ពុជា សរុបប្រមាណ១៥៣នាក់។
បន្ទាប់ពីលោក ហុក យ៉ុន នាយករងសាខាបានឡើងអានសេចក្តីសម្រេចទទួលស្គាល់ជាផ្លូវការដល់គណៈកម្មាធិការអនុសាខាកាកបាទក្រហមកម្ពុជាស្រុកដែលមានសមាសភាពចំនួន០៧ រូប និងក្រុមកាកបាទក្រហមកម្ពុជាឃុំទាំង៧ សរុបចំនួន១០២រូបជូនអង្គពិធីរួចមក លោក នូវ សំណាង ប្រធានគណៈកម្មាធិការអនុសាខាកាកបាទក្រហមកម្ពុជាស្រុកបានចាប់អារម្មណ៍ថា ពីមួយឆ្នាំទៅមួយឆ្នាំស្ថាប័នកាកបាទក្រហមកម្ពុជាពីថ្នាក់កណ្ដាលរហូតដល់ថ្នាក់ឃុំ-សង្កាត់គ្រប់ខេត្ត-រាជធានីទូទាំងព្រះរាជាណាចក្រកម្ពុជាកាន់តែមានការអភិវឌ្ឍន៍រីកចម្រើនឥតឈប់ឈរ ហើយការអភិវឌ្ឍន៍នេះគឺពិតជាអាស្រ័យដោយសារការដឹកនាំដ៏ឈ្លាសវៃរបស់សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា។ នៅចំពោះមុខនៃអង្គពិធីតាំងនាមឲ្យសមាជិក សមាជិកា គណៈកម្មាធិការអនុសាខាស្រុក ក្រុមកាកបាទក្រហមឃុំ អ្នកស្ម័គ្រចិត្ត យុវជនកាកបាទក្រហម នៅក្នុងស្រុកទាំងមូលសូមប្ដេជ្ញាចិត្តគាំទ្រ និងអនុវត្តសកម្មភាពមនុស្សធម៌គ្រប់វិស័យរបស់កាកបាទក្រហមកម្ពុជា តាមគោលការណ៍ទាំង៧ប្រការរបស់ចលនាអន្តរជាតិកាកបាទក្រហម អឌ្ឍចន្ទក្រហម។ លោក ជាវ តាយ មានមតិសំណេះសំណេះសំណាលដោយនាំមកនូវការផ្តាំផ្ញើសាកសួរសុខទុក្ខពីសំណាក់សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា ជូនចំពោះសមាជិកសមាជិកាក្នុងអង្គពិធីទាំងមូលដោយក្តីនឹករឭក។ លោកបានលើកឡើងថា ជោគជ័យដែលសាខា-អនុសាខាទទួលបានកន្លងមកបានឆ្លុះបញ្ចាំងឲ្យឃើញពីមាគ៌ាដឹកនាំដ៏ត្រឹមត្រូវរបស់កាកបាទក្រហមកម្ពុជា ក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់សម្ដេចកិត្តិព្រឹទ្ធបណ្ឌិតប្រធាន និងភាពខ្លាំងនៃយុទ្ធសាស្ត្ររបស់កាកបាទក្រហមកម្ពុជាឆ្នាំ២០១១-២០២០ ។ ជាមួយគ្នានេះដែរ លោកបានក្រើនរំឭកដល់អនុសាខាស្រុក និងក្រុមកាកបាទក្រហមឃុំទាំងអស់ដែលទើបនឹងរៀបចំថ្មី ត្រូវខិតខំអនុវត្តសកម្មភាពមនុស្សធម៌ឲ្យកាន់តែខ្លាំងក្លាបន្ថែមទៀត ព្រោះលោកលោកស្រីជាគ្រឹះនៃកម្លាំងមនុស្សធម៌ថ្នាក់មូលដ្ឋាន ជាសេនាធិការរបស់សាខាកាកបាទក្រហមខេត្ត ពិសេសកាកបាទក្រហមកម្ពុជា និងមួយផ្នែកទៀតក៏ជាជំនួយការឲ្យអាជ្ញាធរសាធារណៈ ក្នុងការចូលរួមជួយដោះស្រាយភាពរងគ្រោះ និងងាយរងគ្រោះរបស់ប្រជាពលរដ្ឋ។ ក្នុងនោះដែរ លោកបានសំណូមពរសុំឲ្យក្រុមកាកបាទក្រហមឃុំយកចិត្តទុកដាក់លើការងារផ្សព្វផ្សាយចលនាកាកបាទក្រហមឲ្យកាន់តែប្រសើរ និងរាយការណ៍ជាបន្ទាន់ជូនទៅអនុសាខាក្នុងករណីមានគ្រោះមហន្តរាយកើតមាននៅក្នុងឃុំ និងស្នើសុំយកចិត្តទុកដាក់លើសុខទុក្ខប្រជាពលរដ្ឋឲ្យកាន់តែប្រសើរ។ សូមបញ្ជាក់ថា នៅក្នុងពិធីនេះដែរ ក៏មានការផ្តល់ជូននូវថវិកាចំនួន១.០០០.០០០រៀលដល់អនុសាខាស្រុកដើម្បីទុកចាត់ចែងរាល់ការចំណាយក្នុងការរៀបចំពិធី និងឧបត្ថម្ភដល់អ្នកស្ម័គ្រចិត្តកាកបាទក្រហម យុវជនកាកបាទក្រហមចំនួន២០នាក់ ក្នុងម្នាក់ៗថវិកា១០.០០០រៀល៕
មុនី
0 Comments