ភ្នំពេញ ៖ ឯកឧត្តម Jean-David LEVITTE និង ឯកឧត្តម Gilbert Guillaumeដែលក្នុងអតីតកាលធ្លាប់បានជួយជ្រោមជ្រែងដល់ការបកស្រាយអំពីបញ្ហាប្រាសាទព្រះវិហារ និងដំណើរការកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីសបានកោតសរសើរចំពោះសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ដែលដឹកនាំប្រទេសឱ្យមានការរីកចម្រើនយ៉ាងឆាប់រហ័សនោះ។
លោក អ៊ាង សុផល្លែត ជំនួយការសម្ដេចតេជោនាយករដ្ឋមន្ត្រីបានប្រាប់ក្រុមអ្នកយកព័ត៌មានថា នៅក្នុងជំនួបសម្ដែងការគួរសមជាមួយសម្ដេចតេជោនៅវិមានសន្តិភាព កាលពីថ្ងៃទី១៣ ខែមករា ឆ្នាំ២០១៥ លោក Gilbert Guillaume បានថ្លែងនូវអំណរគុណជូនចំពោះសម្ដេចតេជោនាយករដ្ឋមន្ត្រី ដែលបានផ្តល់ឱកាសឱ្យរូបលោកទាំងពីរបានចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ។ លោក Gilbert Guillaume មានប្រសាសន៍ថា រូបលោកបានធ្វើការជាច្រើនជុំវិញករណីប្រាសាទព្រះវិហារ ហើយនៅថ្ងៃទី១៤ ខេមករា ស្អែកនេះ រូបលោក និងធ្វើដំណើរទៅធ្វើទស្សនកិច្ចលើប្រាសាទព្រះវិហារ។ លោក Gilbert Guillaume មានប្រសាសន៍បន្តថា កាលពី១០ឆ្នាំមុនរូបលោកបានមកកាន់ប្រទេសកម្ពុជា នៅពេលនេះរូបលោកបានឃើញពីការផ្លាស់ប្ដូរយ៉ាងច្រើន ហើយនោះគឺជាការរីកចម្រើនយ៉ាងពិតប្រាកដរបស់កម្ពុជា។
លោក Jean-David LEVITTE បានជម្រាបជូនសម្ដេចតេជោនាយករដ្ឋមន្ត្រីដែរថា រូបលោកធ្លាប់មកកាន់ប្រទេសកម្ពុជាកាលពី២០ឆ្នាំមុន ហើយនៅពេលនេះកម្ពុជាកំពុងតែមានការផ្លាស់ប្ដូរមុខមាត់យ៉ាងខ្លាំង។ លោក Jean-David LEVITTE ក៏បានធ្វើការកត់សម្គាល់ដែរថា កម្ពុជាក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់សម្ដេចតេជោនាយករដ្ឋមន្ត្រី គឺបានដើរលើកំណាត់ផ្លូវមួយដ៏វែង ហើយកំណាត់ផ្លូវនោះពោរពេញទៅដោយភាពជោគជ័យបំផុតរបស់កម្ពុជា រហូតមកដល់ពេលនេះ។
សម្ដេចតេជោនាយករដ្ឋមន្ត្រីបានថ្លែងអំណរគុណចំពោះលោក Jean-David LEVITTE និងលោក Gilbert Guillaume ដែលបានចូលរួមចំណែកជួយដល់កម្ពុជាជុំវិញបញ្ហាប្រាសាទព្រះវិហារ ក្នុងឋានៈជាចៅក្រមក្នុងការបកស្រាយជុំវិញរឿងក្តីដែលកម្ពុជាស្នើទៅតុលាការយុត្តិធម៌អន្តរជាតិឱ្យបក ស្រាយសាលដីកាលថ្ងៃទី១៥ខែមិថុនា ឆ្នាំ១៩៦២ ពាក់ព័ន្ធរឿងប្រាសាទព្រះវិហារ។ សម្ដេចតេជោនាយករដ្ឋមន្ត្រីមានប្រសាសន៍សង្កត់ធ្ងន់ថា ប្រទេសនានាលើពិភពលោកពិតជាបានផ្តល់នូវភាពយុត្តិធម៌ដល់កម្ពុជា ជុំវិញករណីនោះ ដោយជំរុញឱ្យមានការកោះហៅប្រជុំពិភាក្សា ជុំវិញបញ្ហាប្រាសាទព្រះវិហារនោះ។ ជាមួយគ្នានេះសម្ដេចតេជោក៏បានថ្លែងនូវអំណរគុណជូនចំពោះឯលោក Jean-David LEVITTE ដែលបានចូលរួមយ៉ាងសកម្មនៅក្នុងដំណើរការចរចាស្វែងរកសន្តិភាពទីក្រុងប៉ារីសសម្រាប់កម្ពុជា នៅក្នុងដំណាក់កាលចរចា កិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស។
សម្ដេចតេជោមានប្រសាសន៍បន្តថា កម្ពុជាបានចេញដំណើរពីការស្វែងរកសន្តិភាព ហើយរហូតមកដល់ពេលនេះកំពុងតែទទួលបានភាពជោគជ័យ ហើយពីការចាប់ផ្តើមនោះ ហើយគឺជាមូលដ្ឋានគ្រឹះនៃសន្តិភាព និងការអភិវឌ្ឍរបស់កម្ពុជា។
លោក Jean-David LEVITTE ធ្លាប់មានប្រវត្តិធ្វើការនៅក្នុងវិមានប្រធានាធិបតី ហ្គីស្តា ដេស្តាំង ជាទីប្រឹក្សារបស់អតីតប្រធានាធិបតី ហ្សាក់ហ្ស៊ី រ៉ាក់ ទីប្រឹក្សាការទូតរបស់អតីតប្រធានាធិបតី នីកូឡាស ហ្សាកូហ្ស៊ី ជាអតីតឯកអគ្គរដ្ឋទូតបារាំងប្រចាំអង្គការសហប្រជាជាតិ ជាឯកអគ្គរដ្ឋទូតបារាំងប្រចាំទីក្រុងវ៉ាស៊ីនតោន ធ្លាប់បានចូលរួមចំណែកក្នុងដំណើរការកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីសស្ដីពីកម្ពុជា និងជាសមាជិកបណ្ឌិតសភាវិទ្យាសាស្ត្រនយោបាយ និងជាសាស្ត្រាចារ្យនៃសកលវិទ្យាល័យនយោបាយនៃទីក្រុងប៉ារីស។
លោក Gilbert Guillaume ជាអតីតប្រធានតុលាការយុត្តិធម៌អន្តរជាតិ និងជាចៅក្រមតុលាការយុត្តិធម៌អន្តរជាតិ និងជាចៅក្រមចំពោះកិច្ចរបស់កម្ពុជានៅក្នុងរឿងក្តី ដែលកម្ពុជាស្នើទៅតុលាការយុត្តិធម៌អន្តរជាតិឱ្យបកស្រាយសាលដីកាលថ្ងៃទី១៥ ខែមិថុនា ឆ្នាំ១៩៦២ ពាក់ព័ន្ធនិងប្រាសាទព្រះ វិហារ ធ្លាប់ធ្វើតុលាការរដ្ឋបាលកំពូលរបស់បារាំង និងជាទីប្រឹក្សាផ្នែកច្បាប់នៃអគ្គលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិលបារាំង ហើយក៏ជាចៅក្រមតុលាការអន្តរជាតិចំពោះកិច្ចរបស់កម្ពុជានៅតុលាការយុត្តិធម៌អន្តរជាតិ និងជាប្រធានតុលាការអន្តរជាតិ និងក៏ធ្លាប់ធ្វើជាប្រធានតុលាការអាជ្ញាកណ្ដាលផងដែរ៕
ស្នាយពល
0 Comments