ភ្នំពេញ ៖ ថ្នាក់ដឹកនាំគណបក្សហ៊្វុនស៊ិនប៉ិច ដឹកនាំដោយសម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ និងគណបក្សសង្គ្រោះជាតិ ដឹកនាំដោយលោកសម រង្ស៊ី កាលពីរសៀលថ្ងៃទី១២ ខែមករា ឆ្នាំ២០១៥ បានចូលរួមគោរពវិញ្ញាណក្ខន្ធ និងដាក់កម្រងផ្កាដល់អ្នកសារព័ត៌មាន និងពលរដ្ឋបារាំង ដែលបានស្លាប់នៅក្នុងអំពើភេរវកម្មកាលពីពេលថ្មីៗនេះ នៅក្នុងស្ថានទូតបារាំង។
លោកសម រង្ស៊ី ដឹកនាំក្រុមការងារចូលរួមគោរពវិញ្ញាណក្ខន្ធ និងដាក់កម្រងផ្កាម៉ោង២ ហើយសម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ ដែលនឹងក្លាយជាព្រះប្រធានគណបក្សហ៊្វុនស៊ិនប៉ិច ជាផ្លូវការនៅថ្ងៃទី១៩ ខែមករា ខាងមុខនោះ បានដឹកនាំមន្ត្រីជាន់ខ្ពស់គណបក្សហ៊្វុនស៊ិនប៉ិច ចូលគោរពវិញ្ញាណក្ខន្ធ និងដាក់កម្រងផ្កា នៅវេលាម៉ោងជិត៣រសៀល ហើយគោលបំណងតែមួយ គឺដើម្បីចូលរួមរំលែកទុក្ខដល់ជនរងគ្រោះ និងគ្រួសារសព ដែលបានបាត់បង់ជីវិត និងរបួសជាច្រើននាក់ ដោយការវាយប្រហារ ពីសំណាក់ក្រុមភេរវករនៅទីស្នាក់ការទស្សនាវដ្តីបារាំងCharlie Hebdo កាលពីថ្ងៃទី៧ ខែមករា ឆ្នាំ២០១៥ កន្លងទៅ ក្រោយពីបានដាក់កម្រងផ្កា និងគោរពវិញ្ញាណក្ខន្ធរួច លោក សម រង្ស៊ី និងសម្តេច ក្រុមព្រះ នរោត្តម រណឫទ្ធិ និងសមាជិកដទៃទៀត បានសរសេរជាសារក្នុងសៀវភៅកាន់ទុក្ខផងដែរដើម្បីសម្តែងពីអារម្មណ៍ក្ដុកក្ដួល ចំពោះការសម្លាប់អ្នកកាសែត Charlie Hebdo និងពលរដ្ឋបារាំង ដោយក្រុមភេរវកម្មបានបាញ់ប្រហារកាលពីសប្តាហ៍មុនយ៉ាងសាហាវព្រៃផ្សៃនោះ។
សម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ បានមានបន្ទូលប្រាប់អ្នកសារព័ត៌មានបន្ទាប់ដាក់កម្រងផ្កាថា នេះជាមហាកិត្តិយស ដែលព្រះអង្គបានចូលរួមរំលែកទុក្ខ ចំពោះអ្នកសារព័ត៌មាន និងពលរដ្ឋបារាំង ដែលបានស្លាប់ កាលពីពេលថ្មីនេះ។ ព្រះអង្គបានបញ្ជាក់ថា "លោកបានបូជាជីវិតជាមួយ និងអ្វីមួយដែលយើងស្រឡាញ់ ហើយបញ្ចេញមតិតាមអ្វីដែលយើងអាចធ្វើបាន ដូច្នេះនេះជាមហាកិត្តិយសដ៏ធំធេងរបស់គណបក្សរាជានិយមហ៊្វុនស៊ិនប៉ិច ដែលខ្ញុំបានវិលត្រឡប់មកដឹកនាំឡើងវិញនេះបានមកសរសេរលើក្រាំងមាសនេះ"។
ជាមួយនឹងការលើកឡើងខាងលើនេះ សម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ បានអះអាងថា ពាក្យយើងនៅតូចណាស់បើប្រៀបធៀបជាមួយការថ្កោលទោសលើពិភពលោកចំពោះអំពើដ៏សាហាវព្រៃផ្សៃ ហើយចុងក្រោយនេះ មិនត្រឹមតែព្រៃផ្សៃទេ វាថែមទាំងធ្វើឲ្យប៉ះពាល់ដល់អ្វីដែលយើងស្រឡាញ់ គឺសិទ្ធិសេរីភាពនៃការបញ្ចេញមតិ។
ចំណែកលោក នីកូឡា បូឌ្វាំង (Nicolas Baudouin) អ្នកនាំពាក្យស្ថានទូតបារាំងប្រចាំនៅកម្ពុជា ថ្លែងថា លោករំភើបនឹងសាមគ្គីភាព និងការគាំទ្រ របស់អាជ្ញាធរ អង្គទូត និងសង្គមស៊ីវិលនៅកម្ពុជាណាស់។ សកម្មភាពទាំងនេះក៏បង្ហាញផងដែរនូវមិត្តភាព ដែលចងភ្ជាប់ប្រទេសយើងទាំងពីរ ដោយហេតុថាមនុស្សជាច្រើន ក្នុងនោះក៏មានប្រជាជនកម្ពុជាផងដែរ បានសម្ដែងការគាំទ្រ និងសាមគ្គីភាព ជាមួយអ្នកដែលត្រូវបានវាយប្រហារនៅប្រទេសបារាំងថ្មីៗនេះ។ ប្រទេសបារាំង និងប្រទេសកម្ពុជានៅឆ្ងាយពីគ្នាមែន ប៉ុន្តែចំណងមិត្តភាពរវាងប្រទេសយើងទាំងពីរគឺរឹងមាំ។
លោក Nicolas Baudouin បានបញ្ជាក់ថា "យើងខ្ញុំសូមថ្លែងអំណរគុណចំពោះការគាំទ្ររបស់អ្នកទាំងអស់គ្នា។ នេះក៏ជាឱកាសរម្លឹកឡើងវិញនូវការជាប់ជំពាក់របស់យើងទៅនឹងតម្លៃ របស់បារាំង តម្លៃសារព័ត៌មានបារាំង ដែលក្នុងនោះមានសេរីភាពសម្ដែងមតិ និងសេរីភាពសារព័ត៌មានជាដើម។ ដូច្នេះ យើងបដិសេធភេរវកម្ម និងសកម្មភាពហិង្សាប្រឆាំងអ្នកសារព័ត៌មាន និងជនស៊ីវិលស្លូតត្រង់"៕
0 Comments