Ad Code

ក្រសួង​ធនធានទឹក​ អំពាវនាវ​ឲ្យ​ប្រជាពលរដ្ឋ​ប្រុង​ប្រ​យ័ត្ន ពី​ការ​ឡើង​កំដៅ និង បាតុភូត​រន្ទះ និង​ខ្យល់​កន្ត្រាក់ ពេល​មាន​ភ្លៀង​ធ្លាក់



ភ្នំពេញ​ ៖ ក្រសួង​ធនធានទឹក និង​ឧតុនិយម បាន​អំពាវនាវ​ឲ្យ ប្រជាពលរដ្ឋ ប្រុងប្រយ័ត្ន ពី​ការ​ឡើង​កំដៅ​បន្ថែម​ទៀត ពី​៣៧,៥ អង្សា​សេ រហូតដល់ ៤០-៤២​អង្សា​សេ នា​ខែមេសា​-​ឧសភា​ខាងមុខ និង បាតុភូត​រន្ទះ និង​ខ្យល់​កន្ត្រាក់ ពេល​មាន​ភ្លៀង​ធ្លាក់។

យោង​តាម​សេចក្តី​ជូនដំណឹង របស់​ក្រសួង​ធនធានទឹក និង​ឧតុនិយម នៅ​ថ្ងៃទី​២៨ ខែកុម្ភៈ ឆ្នាំ​២០១៩​នេះ បាន​ការព្យាករណ៍​អាកាសធាតុ​ប្រចាំ​សប្តាហ៍ ចាប់ពី​ថ្ងៃទី​២៨ ខែកុម្ភៈ ដល់​ថ្ងៃទី​០៦ ខែមីនា ឆ្នាំ​២០១៩។



សេចក្តី​ជូនដំណឹង​រប​ស់​ក្រសួង​ធនធានទឹក​បាន​បញ្ជាក់​ថា បន្ទាប់ពី​បាន​តាមដាន លើ​ស្ថានភាព​អាកាសធាតុ​រួចមក​ឃើញថា សម្ពាធ​ទាប​លើ​ផ្ទៃដី នៅតែ​បន្ត​គ្រប​ដណ្តប់​លើ ព្រះរាជាណាចក្រ​កម្ពុជា ប៉ុន្តែ​នៅ​រយៈ​កំពស់​ខ្ពស់ (​ចាប់ពី​៦០០-១៥០០​ម៉ែត្រ​) កម្ពុជា​យើង ទទួល​ឥទ្ធិពល​ពី​ជ្រលង​សម្ពាធ​ខ្ពស់។ សំណើម​បរិយាកាស មានការ​ប្រែប្រួល​ខ្លាំង (​ពី​៨៥-១០០% នៅពេល​យប់ និង​ពេលព្រឹក​ព្រលឹម មក​នៅ​ត្រឹម​តែ​ពី​២០-៣០% នៅពេល​ថ្ងៃ​ពេញ​ពន្លឺ​)។



ក្រសួង​ធនធាន​ទឹកបាន​បន្ថែម​ទៀត​ថា លក្ខណៈ​បែបនេះ នឹង​ធ្វើ​ឲ្យ​កំណួច​ខ្យល់ មិនអាច​ប្រមូលផ្ដុំ​ពពក​ទឹក​បង្ក​ជា​ភ្លៀង​បាន ផ្ទុយទៅវិញ​វា​ជា​លក្ខខណ្ឌ​សមប្រកប​សម្រាប់​ការ​កើត​ឡើង​នូវ​បាតុភូត​រន្ទះ និង​ខ្យល់​កន្ត្រាក់​។ ហើយ​សីតុណ្ហភាព​អតិបរមា នឹង​បន្ត​កើនឡើង​បន្ថែម​ទៀត (​ស្ថិត​ក្នុង​រង្វង់ ៣៧,៥ អង្សា​សេ​) ហើយ​សប្តាហ៍​បន្ទាប់ នឹង​បន្ត​កើន​ឡើងជា​លំដាប់​រហូតដល់ ៤០-៤២​អង្សា​សេ នា​ខែមេសា​-​ឧសភា​ខាងមុខ​។

​ជា​មួយ​គ្នា​នេះ ក្រសួង​ក៏​អំពាវនាវ ឲ្យ​បងប្អូន​ប្រជាពលរដ្ឋ សូម​បង្កើន​ការប្រុងប្រយ័ត្ន​ខ្ពស់ ចំពោះ​បាតុភូត​រន្ទះ និង​ខ្យល់​កន្ត្រាក់ ដែល​អាច​នឹង​កើតមាន​ជាយថាហេតុ​៕



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu