ភ្នំពេញ ៖ សង្គ្រាម នៃការលួចចម្លងបទចម្រៀង បានផ្ទុះឡើងទៀតហើយ បន្ទាប់ពីតារាចម្រៀងប្រុសមិនសូវល្បីឈ្មោះលើវិថីសិល្បៈ លោក ផុន ផានិត ត្រូវបានរងការចោទប្រកាន់ថា កំពុងតែលួចចម្លងបទចម្រៀងដែលជា Original Song របស់គេយកទៅកែច្នៃកាឡៃធ្វើជាកម្មសិទ្ធិផ្ទាល់ខ្លួន។
ការផ្ទុះរឿងរ៉ាវដ៏ចាប់អារម្មណ៍ និងរសើបអំពីភាពអាម៉ាសរបស់ លោក ផុន ផានិត បង្កឲ្យមានការភ្ញាក់ផ្អើលដល់ទស្សនិកជននាពេលនេះ បានកើតឡើងស្របពេលដែលមានម្ចាស់ Account Facebook មួយមាន ឈ្មោះ ទីម ដែលត្រូវបានគេស្គាល់ថា ជាអ្នកនិពន្ធបទភ្លេង បានប្រកាសថា លោក ផុន ផានិត ថ្មីៗនេះ បានលួចចម្លងបទ Original Song ដែលលោកនិពន្ធផ្ទាល់ដៃ ទៅកាឡៃច្រៀងតាម ធ្វើឲ្យមានការយល់ច្រឡំពីអ្នកគាំទ្រ។
ផ្អែកតាមសំណេររបស់អ្នកនិពន្ធរូបនេះបានរៀបរាប់បែបនេះថា ផុន ផានិត តើអ្នកមិនចេះខ្មាសគេទេឬ ? ដែលអ្នកហ៊ានលួចបទរបស់គេយកទៅកែប៉ារូល ហើយន័យស្រដៀងគ្នាទាំងភ្លេងហើយ យកមកច្រៀង តើអ្នកមានបានសុំការអនុញ្ញាតពីអ្នកណា? តើអ្នកបានសុំការអនុញ្ញាតពីម្ចាស់ដើមគេហើយឬនៅ? តើអ្នកបានសុំការអនុញ្ញាតពី Team Khting Music ហើយឬនៅ?
ប្រភពបានបន្តថា នេះជាបទ Original Song ដែលខ្ញុំនិពន្ធផ្ទាល់ដៃ វាមិនមែនជាបទ Coppy ពីស្រុកគេមកទេ អ្នកយល់ទេ បទ Original មួយបទ គេចំណាយលុយធ្វើអស់រាប់រយដុល្លារ តែអ្នកបែរជាមកលួចបទគេ😡 តើអ្នកជឿថា ធីម Khting Music អាចប្តឹងអ្នកបានទេ ខាងយើងទុកពេលឲ្យអ្នកដើម្បីដោះស្រាយ បើមិនដូចច្នេះទេ ខាងKhting Music នឹងដោះស្រាយតាមច្បាប់ បើចង់ Cover ម៉េចមិនសុំ ហើយបើចង់ Cover ម៉េចក៏កែប៉ារ៉ូលដើម។
បើតាម លោក ទីម ដែលអះអាងថា បទចម្រៀងដែលខ្លួននិពន្ធហើយ ត្រូវបានតារាប្រុស លោក ផុន ផានិត លួចចម្លងនោះបន្ថែមថា បទនេះ ជាកម្មសិទ្ធិរបស់ Team Khting Music ដែលមានពីរបទ បទប្រុស និង បទស្រី។ បទទី១-មានចំណងជើងថា ជំពាក់កម្មស្រីចាស់ ច្រៀងដោយ ថាន់ សាន់តា។ និងបទទី២-លង់ស្នេហ៍ប្រុសក្មេង ច្រៀងដោយ ថាន់ នឿថង ហើយបទទាំងពីរនេះ គឺជាបទ Original song ដែលនិពន្ធបទភ្លេងថ្មីដោយខ្ញុំ ( ទីម )។
ជុំវិញដំណឹង នៃការចោទប្រកាន់ខាងលើនេះដែរ សាមីខ្លួន លោក ផុន ផានិត នៅមិនទាន់មានប្រតិកម្មចេញមុខបកស្រាយ ដើម្បីបញ្ជាក់ការពិតនោះទេ ខណៈដែលពេលនេះកំពុងតែមានការប្រកាសព្រមានតាមផ្លូវច្បាប់ពីសំណាក់ Team Khting Music និងម្ចាស់អ្នកនិពន្ធបទភ្លេងដើម។ បទចម្រៀងរបស់តារាប្រុស លោក ផុន ផានិត ដែលរងការចោទប្រកាន់ថា លួចចម្លងគេនោះ មានចំណងជើងថា លង់ស្នេហ៍ស្រីក្មេង៕
Source: Kampuchea Thmey Daily
0 Comments