ភ្នំពេញ ៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នាព្រឹកទី២៨ ខែកុម្ភៈ ឆ្នាំ២០១៩ នេះ បានអញ្ជើញបើកកិច្ចប្រជុំឧត្តមក្រុមប្រឹក្សាពិគ្រោះ និង ផ្តល់យោបល់ដើម្បីពិនិត្យទៅលើសមិទ្ធផលការងារ ក៏ដូចជាបញ្ហាប្រឈមមួយចំនួនដែលបានកើតមានក្នុង រយៈពេល ៦ខែកន្លងមកនេះ។
ក្រោយជំនួបនេះ ក៏មានការហូបបាយជាមួយគ្នារវាងប្រមុខរាជរដ្ឋាភិបាលជាមួយបណ្តាគណបក្សនយោបាយដែលជាសមាជិកឧត្តមក្រុមប្រឹក្សាពិគ្រោះនិងផ្តល់យោបល់ ដោយសម្តេចចាត់ទុកថា នេះជាឱកាសសម្រាប់ការស្គាល់គ្នាឲ្យបានច្បាស់ ដែលជាវប្បធម៌សន្ទនាវប្បធម៌ក្រោយការបោះឆ្នោត និងជាវប្បធម៌នៃក្តីស្រឡាញ់ ពួកយើងគ្រាន់តែប្រកួតប្រជែងគ្នាលើគោលនយោបាយតែប៉ុណ្ណោះនៅពេលបោះឆ្នោត ប៉ុន្តែគណបក្សនីមួយៗពុំបានចាត់ទុក គ្នាធ្វើជាសត្រូវនោះទេ។
លើកលែងតែមនុស្សខ្លះដែលបានប្រកាសថា មិនយកខ្មែរណាធ្វើជាសត្រូវទេ ក៏ប៉ុន្តែទីបំផុតគំរាមទាំងចាប់ខ្លួនសម្តេចទៅទៀត។
សម្ដេចតេជោនាយករដ្ឋមន្ត្រីបានមានប្រសាសន៍បើកកិច្ចប្រជុំ ដោយបានថ្លែងថា សម្រាប់ការរង់ចាំរបស់អស់លោក លោកស្រីរយៈពេល៦ខែ គឺមិនជាយូរពេកនោះទេ។ ជាមួយនេះ សម្តេចតេជោនាយករដ្ឋមន្ត្រីបានថ្លែងកោតសរសើរ ចំពោះការខិតខំរបស់ថ្នាក់ដឹកនាំសមាជិក សមាជិកានៃឧត្តមក្រុមប្រឹក្សាពិគ្រោះនិងផ្ដល់យោបល់នាពេលកន្លងមក និងថ្លែងអំណរគុណចំពោះប្រធានប្ដូរវេននៃកិច្ចប្រជុំ ដែលបានដឹកនាំកិច្ចប្រជុំប្រចាំខែ ដែលកន្លងមកនេះមានការប្រជុំប្តូរវេន ៦ដង រួចមកហើយ ហើយយើងត្រូវបន្តទៀត នេះជាកិច្ចការរបស់យើងមួយដែលយើងបានរួមគ្នាធ្វើ។
សម្តេចតេជោនាយករដ្ឋមន្ត្រីបានបន្តថា ថ្ងៃនេះការប្រជុំរបស់យើងក៏នឹងបើកលទ្ធភាពដើម្បីស្ដាប់នូវយោបល់របស់បណ្ដាប្រតិភូគណបក្សក្នុងឧត្តមក្រុមប្រឹក្សាពិគ្រោះនិងផ្ដល់យោបល់។
សម្តេចតេជោបានផ្ដោតការយកចិត្តទុកដាក់ថា កិច្ចប្រជុំឧត្តមក្រុមប្រឹក្សាពិគ្រោះនិងផ្ដល់យោបល់នេះ គឺមានលក្ខណៈមិនខុសគ្នាពីកិច្ចប្រជុំគណៈរដ្ឋមន្ត្រីនោះទេ យើងបានភ្ជាប់វីដេអូ Conference ទៅតាមបណ្តាខេត្តអង្គភាពកងទ័ពនៅទូទាំងប្រទេស ហើយដែលពួកគេអាចនឹងស្ដាប់បាននូវសម្លេងរបស់សមាជិក សមាជិកាទាំងអស់នៃឧត្តមក្រុមប្រឹក្សាពិគ្រោះ និង ផ្តលយោបល់។
បន្ទាប់ពីកិច្ចប្រជុំអស់រយៈពេលប្រមាណជាង ៦ម៉ោងរួចមក លោក ឈឹម ផលវរុណ ប្រធានលេខាធិការដ្ឋាននៃឧត្តមក្រុមប្រឹក្សាពិគ្រោះនិងផ្តល់យោបល់បានធ្វើសន្និសីទកាសែត ដែលបានបញ្ជាក់អំពីលទ្ធផលនៃកិច្ចប្រជុំដោយបានគូសបញ្ជាក់ថា នៅក្នុងកិច្ចប្រជុំនោះ សម្តេចតេជោ ហ៊ុន សែន បានទទួលស្តាប់នូវមតិយោបល់របស់ក្រុមប្រតិភូនៃគណបក្សនីមួយៗ ដែលបានផ្តល់មតិនិងសំណូមពរពាក់ព័ន្ធទៅនឹងបញ្ហាដែលអនុវត្ត ៦ខែកន្លងមកហើយ ជាពិសេសទៅលើបញ្ហាជាក់ស្ដែងការវាយតម្លៃទៅលើចំណុចវិជ្ជមាន ចំណុចអវិជ្ជមានក៏ដូចជាការរកឃើញនូវតម្រុយភាពអសកម្ម អំពើពុករលួយ ការរំលោភអំណាចពីសំណាក់អាជ្ញាធរថ្នាក់ក្រោមជាតិ។ សម្តេចតេជោ ហ៊ុន សែន ក៏បានទទួលស្តាប់និងបង្ហាញអំពីទស្សនវិស័យនៃប្រសិទ្ធភាពការងារទៅមុខឆ្លុះបញ្ចាំងទៅនឹងអ្វីដែលអនុវត្ត៦ខែកន្លងមក និង ទស្សនវិស័យនៃប្រសិទ្ធភាពការងារសម្រាប់រយៈពេល ៦ខែទៅមុខទៀត ដែលសម្ដេចនឹងផ្ដល់នូវចក្ខុវិស័យនេះបន្តទៀត។
បើតាមលោកប្រធាន ឈឹម ផលវរុណ របាយការណ៍របស់គណបក្សនយោបាយដែលបានធ្វើកន្លងមក គឺផ្តោតសំខាន់បំផុតនោះគឺបញ្ហាជម្លោះដីធ្លី ដែលមានប្រមាណ ៨៨ភាគរយ ,បញ្ហាព្រៃឈើ និង ជលផល និងបញ្ហាគតិយុត្តិមួយចំនួន រួមទាំងអំពើពុករលួយជាប្រព័ន្ធផងដែរ។ ក្នុងបញ្ហាដីធ្លីនោះ មានរឿងទំនាស់ដីធ្លីរវាងពលរដ្ឋនិងពលរដ្ឋ,ទំនាស់ដីធ្លីរវាងពលរដ្ឋនិងអាជ្ញាធរ,ទំនាស់ដីធ្លីរវាងពលរដ្ឋនិងសមាគម,ទំនាស់ដីធ្លីរវាងពលរដ្ឋ និងក្រុមហ៊ុន និង រឿងធំមួយទៀតនោះ គឺបញ្ហាទំនាស់ដីធ្លីរវាងពលរដ្ឋនិងពលរដ្ឋឈ្លោះគ្នាដណ្ដើមដីរដ្ឋ។ ដូចជាករណីនៅ ឃុំគគីរ ឃុំបិតប្រាង ខេត្តព្រះសីហនុ។
លោក ឈឹម ផលវរុណ បានឲ្យដឹងថា នៅក្នុងកិច្ចប្រជុំនោះ សម្តេចតេជោនាយករដ្ឋមន្ត្រីក៏បានធ្វើសេចក្តីសម្រេចភ្លាមចំពោះការលើកឡើងរបស់តំណាងគណបក្សនីមួយៗ ។ ពោលគឺនៅពេលគណបក្សមួយលើកឡើងអំពីចំណុចអសកម្មពាក់ព័ន្ធទៅអាជ្ញាធរ ឬក្រសួងណាមួយ ក្រោយការលើកឡើងនោះ សម្តេចបានចេញបញ្ជាភ្លាមទៅកាន់ក្រសួងសាមី និង អាជ្ញាធរ ដែលពាក់ព័ន្ធបញ្ហាទាំងនោះឲ្យមានការត្រួតពិនិត្យ និងដោះស្រាយបញ្ហាដែលកើតមាន។ ចំណុចនេះត្រូវបានលោក ឈឹម ផលវរុណ អះអាងថា គឺជាការផ្តល់សិទ្ធិអំណាចដ៏ពិតប្រាកដទៅឲ្យសមាជិកឧត្តមក្រុមប្រឹក្សាពិគ្រោះនិងផ្តល់យោបល់។
លោកបានបន្តថា ដូចជាបញ្ហាទំនាស់ដីធ្លី និងព្រៃឈើ សម្តេចបានផ្តល់អនុសាសន៍ឲ្យក្រសួងស្ថាប័នរដ្ឋត្រូវដោះស្រាយដោយប្រកាន់យកគោលការណ៍មួយទប់ស្កាត់កុំឲ្យមានទំនាស់ដីធ្លីកើតមានជាថ្មី និងព្យាយាមដោះស្រាយទំនាស់ដីធ្លីទៅតាមគោលការណ៍គតិយុត្តិ។ ចំណុចនេះ សម្តេចបានស្នើឲ្យក្រសួងរៀបចំដែនដី ក្រសួងកសិកម្ម និង អាជ្ញាធរខេត្តធ្វើការដោះស្រាយឲ្យបានល្អ។
ពាក់ព័ន្ធបញ្ហាជម្លោះដីធ្លីនៅខេត្តព្រះសីហនុ សម្ដេចតេជោនាយករដ្ឋមន្ត្រីបានសម្ដែងការមិនពេញចិត្តចំពោះហេតុការណ៍ ដែលប្រើកងទ័ពទៅបង្ក្រាបការរំលោភដីធ្លី។ ពាក់ព័ន្ធបញ្ហានេះ សម្តេចបានស្នើឲ្យសម្តេចពិជ័យសេនា ទៀ បាញ់ ពិនិត្យទៅលើករណីប្រធានយោធាខេត្តព្រះសីហនុ ប្រសិនជាមានការខុសឆ្ពង និងវិន័យនោះស្នើឲ្យមានវិធានការទៅតាមផ្លូវច្បាប់។ ជាមួយនេះ សម្តេចក៏បានស្នើឲ្យមានការរឹបអូសយកដីទំនាស់នោះត្រឡប់មកវិញ ព្រោះវាជាដីរបស់រដ្ឋ ដើម្បីរក្សាទុកធ្វើជាដីសម្បទានសម្រាប់ផ្តល់ឲ្យប្រជាពលរដ្ឋដែលខ្វះខាតដី។ សម្តេចក៏បានបញ្ជាយ៉ាងម៉ឺងម៉ាត់មិនឲ្យអាជ្ញាធរលូកដៃចូលក្នុងការបែងចែកដីសម្បទានសង្គមកិច្ច ដោយដាក់ឈ្មោះទៅទទួលយកដីសម្បទាននោះទេ។
ពាក់ព័ន្ធបញ្ហាដីនៅភ្នំដោះក្រមុំក្នុងខេត្តមណ្ឌលគិរី ដែលត្រូវបានរំលោភដល់បុគ្គលកាន់កាប់នោះ សម្តេចបានស្នើឲ្យដកត្រឡប់មកវិញនូវដីទាំងនោះ។
ជាមួយនេះ សម្តេចក៏បានផ្តល់សូចនាករដែលរំលេចអំពីបញ្ហាទំនាស់ដីធ្លីត្រូវបានគណៈប្រតិភូគណបក្សទាំងអស់ឯកភាពចំពោះទស្សនៈរបស់សម្តេចថា ពិតជាមានភាពយុត្តិធម៌ ដែលអាចទទួលយកបាន ព្រោះរាល់ការដោះស្រាយបញ្ហាគឺបានផ្តោតទៅលើផលប្រយោជន៍របស់ប្រជាពលរដ្ឋជាធំ និងក្នុងគោលដៅដើម្បីកិច្ចអភិវឌ្ឍន៍ជាតិ។
លោក ឈឹម ផលវរុណ បានបន្តថា ពាក់ព័ន្ធបញ្ហាគ្រួសារចូលធ្វើការក៏មានការលើកឡើងដោយជាក់លាក់ដោយមានទាំងឈ្មោះមន្ត្រីជូនសម្ដេចតេជោនាយករដ្ឋមន្ត្រី។សម្តេចបានស្នើឲ្យសម្តេចក្រឡាហោម ពិនិត្យមើលបញ្ហានេះ ទៅលើកត្តាអត្តនោម័តនិងកត្តាសត្យានុម័ត។
ជាពិសេសការជ្រើសរើសមន្ត្រីរាជការត្រូវផ្អែកទៅលើលក្ខខណ្ឌ ដោយការប្រឡង សម្ដេចបានហាមកុំឲ្យមានការជ្រើសរើសក្រុមគ្រួសារនិងបក្ខពួកចូលបម្រើការងារនៅតាមស្ថាប័នរដ្ឋដោយមិនមានការប្រឡងប្រជែងផងដែរ។
ជាអនុសាសន៍បន្ត សម្ដេចបានលើកទឹកចិត្តឲ្យសមាជិកឧត្តមក្រុមប្រឹក្សាបន្តធ្វើការយកព័ត៌មាននិងធ្វើរបាយការណ៍អំពីបញ្ហាអសកម្មនៅមូលដ្ឋានបន្តទៀត។
ឧត្តមក្រុមប្រឹក្សាពិគ្រោះនិងផ្តល់យោបល់ ត្រូវបានបង្កើតឡើងនៅក្នុង ខែកញ្ញា ឆ្នាំ២០១៨ តាមគំនិតផ្តួចផ្តើមរបស់សម្តេចតេជោ ហ៊ុន សែន ក្រោយពេលការបោះឆ្នោតជាតិអាណត្តិទី៦។ ឧត្តមក្រុមប្រឹក្សាពិគ្រោះនិងផ្តល់យោបល់មានសមាសភាពមកពីគណបក្សយោបាយចំនួន១៦ ក្នុងចំណោមគណបក្សនយោបាយចំនួន ២០ ដែលបានចូលរួមការបោះឆ្នោតជាតិ។
ឧត្តមក្រុមប្រឹក្សាពិគ្រោះនិងផ្តល់យោបល់ ជាយន្តការពិគ្រោះនិងផ្តល់យោបល់របស់គណបក្សនយោបាយជូនរាជរដ្ឋាភិបាលក្រៅក្របខណ្ឌសភា ក្នុងគោលដៅលើកស្ទួយប្រសិទ្ធភាពការងារដើម្បីជាប្រយោជន៍ដល់ការបម្រើសេវាប្រជាជន និងការអភិវឌ្ឍសង្គមប្រកបដោយសក្តានុពល៕
Source: Kampuchea Thmey Daily
0 Comments