លោក ប្រាក់ សុវណ្ណារ៉ា អតីតគ្រូបង្វឹកក្រុមជម្រើសជាតិកម្ពុជា និងជាគ្រូឧទ្ទេសរបស់សហព័ន្ធកីឡាបាល់ទាត់ទ្វីបអាស៊ី (AFC) បានប្រកាសថា រូបលោកទទួលបានអាជ្ញាប័ណ្ណគ្រូបង្វឹកបាល់ទាត់កម្រិតខ្ពស់ (AFC Pro License) ខណៈលោកបានបញ្ចប់ការសិក្សាវគ្គនេះកាលពីពេល ខែធ្នូ ឆ្នាំ២០១៨ នៅទីក្រុងហាណូយ ប្រទេសវៀតណាម។
លោក ប្រាក់ សុវណ្ណារ៉ា កំពុងកាន់ការងារជាគ្រូបង្វឹកនៅក្លិបបាល់ទាត់អគ្គស្នងការដ្ឋាននគរបាលជាតិ (ប៉ូលិស) ជាជនជាតិខ្មែរមុនគេបង្អស់នៅប្រទេសកម្ពុជា ដែលទទួលបានអាជ្ញាប័ណ្ណកម្រិតខ្ពស់នេះ។ លោកបានតាំងចិត្តក្នុងការអភិវឌ្ឍន៍បាល់ទាត់នៅកម្ពុជា ឲ្យកាន់តែប្រសើរក្រោយទទួលបានអាជ្ញាប័ណ្ណកម្រិតខ្ពស់នេះ។ ជាគោលការណ៍អាជ្ញាប័ណ្ណ Pro License នេះគឺដាច់ខាតតម្រូវឲ្យបេក្ខជនមានអាជ្ញាប័ណ្ណ AFC A Licence ជាមុនសិន។
មែនទែនទៅលោក ប្រាក់ សុវណ្ណារ៉ា ក្នុងនាមជាគ្រូឧទ្ទេសលោកធ្លាប់ចេញទៅបង្ហាត់វគ្គគ្រូបង្វឹកបាល់ទាត់នៅតាមប្រទេសមួយចំនួនដែលស្ថិតក្រោយដំបូលរបស់ AFC ដូចជាមីយ៉ាន់ម៉ា វៀតណាម ថៃ ម៉ុងហ្គោលី ឡាវ ហ្វីលីពីន ជាដើម។ មិនតែប៉ុណ្ណោះលោកធ្លាប់បានធ្វើដំណើរតំណាងឲ្យប្រទេសកម្ពុជា ទៅចូលរួមក្នុងសន្និសីទបាល់ទាត់របស់សហព័ន្ធកីឡាបាល់ទាត់អន្តរជាតិ (FIFA Football Conference) នៅទីក្រុងឡុងដុង ប្រទេសអង់គ្លេសផងដែរ។
សូមរំលឹកថា លោក ប្រាក់ សុវណ្ណារ៉ា ក្នុងវ័យ៤៥ឆ្នាំធ្លាប់ដឹកនាំក្រុមជម្រើសជាតិកម្ពុជា កាលពីលើកដំបូងលោកដឹកនាំចាប់ពីខែសីហា ឆ្នាំ២០០៨ ដល់ខែឧសភា ឆ្នាំ២០០៩ ហើយលើកទី២ដឹកនាំពីខែធ្នូ ឆ្នាំ២០១២ ដល់ខែកញ្ញា ឆ្នាំ២០១៣ និងលើកទី៣ដឹកនាំក្រុមបណ្តោះអាសន្ននៅចុងឆ្នាំ២០១៧ កន្លងទៅ។ ក្រៅពីក្រុមជម្រើសជាតិលោកក៏ធ្លាប់ដឹកនាំក្លិបអាជីពនៅកម្ពុជា ផងដែរដូចជា ព្រះខ័នរាជស្វាយរៀង នៅឆ្នាំ២០០៩ ហើយដឹកនាំហ្គាវើល ២០១៣-២០១៤ គីរីវង់សុខសែនជ័យ នៅចុងឆ្នាំ២០១៤ និងបឹងកេតអែហ្វស៊ី ពីឆ្នាំ២០១៥ដល់២០១៧៕
Source: Kampuchea Thmey Daily
0 Comments