Ad Code

អ្នកចាំទី U22 កម្ពុជា ហ៊ុល គឹម​ហ៊ុយ លើកឡើង​ពី​សមត្ថភាព​របស់ខ្លួន​ក្រោយ​បញ្ចប់​បេសកកម្ម​ពានរង្វាន់ AFF U22



អ្នកចាំទី​ដៃ​ទី​១ ហ៊ុល គឹម​ហ៊ុយ ក្នុង​ក្រុម​យុវជន​ក្រោម​អាយុ​២២​ឆ្នាំ​របស់​កម្ពុជា និង​ជា​សមាជិក​ក្លិប​ជើងឯក​រង​ពានរង្វាន់​លី​គ​កំពូល​កម្ពុជា (Metfone Cambodian League 2018) បឹងកេត​អែ​ហ្វ​ស៊ី បាន​លើក​ឡើង​ពី​កម្រិត​សមត្ថភាព​របស់​ខ្លួន​ក្រោយ​បញ្ចប់​យុទ្ធនាការ​ប្រកួត​ក្នុង​ពានរង្វាន់​ជើងឯក​តំបន់​អាស៊ាន AFF U22 Championship​នៅ​ឆ្នាំ ២០១៩ ថ្មីៗ​នេះ​។



កីឡាករ ហ៊ុល គឹម​ហ៊ុយ ជា​ផ្នែក​មួយ​ជួយ​ឲ្យ​ក្រុម U22 កម្ពុជា ឈរ​ចំណាត់ថ្នាក់​លេខ​៤ ប្រចាំឆ្នាំ ខណៈ​រូបគេ​បាន​លើក​ឡើង​ថា «ក្រោយ​ប្រកួត​នេះ ខ្ញុំ​មើលឃើញ​ចំណុចខ្សោយ​របស់ខ្ញុំ គឺ​ត្រង់​ភាព​រហ័សរហួន ហើយនឹង​ខ្វះខាត​កម្លាំង​សាច់ដុំ ដែល​ខ្ញុំ​ត្រូវ​ពង្រឹង​ការ​ហ្វឹកហាត់​បន្ថែមទៀត​។ ខ្ញុំ​សូម​ថ្លែងអំណរគុណ ចំពោះ​អ្នកគាំទ្រ ដែល​ចំណាយពេល​មក​លើកទឹកចិត្ត​ក្រុម U22 កម្ពុជា​កន្លងមក ហើយ​ខ្ញុំ​សន្យា​នឹង​បន្ដ​ការ​ខិតខំ​បន្ដ​ទៀត តែ​ចំពោះ​កៅអី​ក្រុម​ជម្រើសជាតិ U23 កម្ពុជា​។ ខ្ញុំ​មិនទាន់​ហ៊ាន​និយាយ​អ្វី​ច្រើន​នោះទេ គ្រាន់តែ​ខ្ញុំ​សង្ឃឹម​នឹង​បាន​ជាប់ ឈ្មោះ​ក្នុង​បញ្ជី​ទៀត​ដើម្បី​រួមចំណែក​ជួយ​ដល់​ក្រុម​តំណាង​ជាតិ​របស់​យើង​»​។



​កីឡាករ​យុវជន គឹម​ហ៊ុយ បាន​ប្រឡង​ជាប់​បាក់​ឌុប​ឆ្នាំ​២០១៨ ក្នុង​និទ្ទេស E និង​ផុត​កិច្ចសន្យា​ហើយ​ចាក​ចេញពី​សាលា​បាល់ទាត់​ជាតិ​បាទី ទើប​រូបគេ​បាន​ផ្លាស់​ទ្រនំ​មកកាន់​ក្រុម​បឹងកេត​អែ​ហ្វ​ស៊ី នេះ​តែម្តង​។ យុវជន​ដែល​មាន​ស្រុកកំណើត​នៅ​ស្រុក​បាទី ខេត្តតាកែវ បាន​ជាប់​ជា​យុវជន​ថ្នាល​របស់​សាលា​បាល់ទាត់​ជាតិ​បាទី​ក្នុង​ឆ្នាំ​២០១៤​។ គឹម​ហ៊ុយ ធ្លាប់​ជាប់​ឈ្មោះ​ក្នុង​ក្រុម​ជម្រើសជាតិ​យុវជន​កម្ពុជា ព្រមទាំង​ធ្លាប់​បង្ហាញខ្លួន​លើ​ឆាក​អន្តរជាតិ​ជាច្រើន​ដូចជា​ក្នុង​ពានរង្វាន់ AFF U16 Championship, AFC U16 Championship, AFF U17, AFF U18, និង AFF U19 Championship ឆ្នាំ​២០១៨​នៅ​ឥណ្ឌូណេស៊ី​ក្នុង​ខែកក្កដា​កន្លងទៅ​។



​កាលពី​ជំនាន់​លោក Leonardo Vitorino នៅ​ជា​គ្រូបង្វឹក​ក្រុម​ជម្រើសជាតិ​កម្ពុជា កីឡាករ គឹម​ហ៊ុយ ធ្លាប់​បាន​កោះហៅ​ចូល​ជម្រើសជាតិ​ក្រុម​ធំ​លើកដំបូង​ផង​ដែរ ដើម្បី​ប្រមូលផ្ដុំ​ហ្វឹកហាត់​ត្រៀម​ប្រកួត​ជម្រុះ AFC Asian Cup កាលពី​ពាក់កណ្ដាល​ឆ្នាំ​២០១៧ ទោះបីជា​មិនបាន​បង្ហាញខ្លួន​ក្នុង​ជម្រើស​១១​នាក់​ដំបូង​នៅពេល​ប្រកួត​ក៏ដោយ​។ កាលពី​ចុងឆ្នាំ​២០១៨ រូបគេ​បានធ្វើ​ដំណើរ​ទៅ​ហ្វឹកហាត់​នៅ​ប្រទេស​ជប៉ុន​ រយៈ​ពេល​៣សប្ដាហ៍​៕



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu