ចាន់ ប៊ុន​ហឿន អ្នក​ប្រដាល់​ក្លិប​និរោធ​មានជ័យ និង រិ​ទ្ធ ភូ​លូ អ្នក​ប្រដាល់​ក្លិប​អាណាចក្រ​គុន​ខ្មែរ ពួកគេ​ទាំងពីរ​នាក់​នេះ ត្រូវគេ​ផ្គូឲ្យ​ជួប​ប្រកួត​ជាមួយ​អ្នក​ប្រដាល់​ថៃ នៅលើ​សង្វៀន​បាយ័ន​ស្ទឹងមានជ័យ នា​យប់​ថ្ងៃអាទិត្យ ​ទី​១៧ ខែ​កុម្ភៈ ឆ្នាំ​២០១៩​នេះ។​

ចាន់ ប៊ុន​ហឿន អ្នក​ប្រដាល់​ជើង​ខ្លាំង​ស្រករ នឹង​ត្រូវគេ​ផ្គូ​ឲ្យ​ជួប​ជាមួយ​អ្នក​ប្រដាល់​ជើង​ខ្លាំង​មកពី​ប្រទេស​ថៃ​ ឈ្មោះ​ ប៉ែត​ សែន​ឡេ​ក រ៉ា​ឆា​នុ​ន​(Phetsenlek Rachanon)។ ចាន់ ប៊ុន​ហឿន ជើង​ខ្លាំង​របស់​កម្ពុជា​នេះ គេ​ទើបតែ​ផ្តួល​យកឈ្នះ​អ្នក​ប្រដាល់​ថៃ​ឈ្មោះ​ហ្វា​និមិត្ត ក្នុង​ទឹក​ទី​៣ កាលពី​ថ្ងៃទី​២៧ ខែ​មករា ​ឆ្នាំ​២០១៩​កន្លងមកនេះ។​

ចាន់ ប៊ុន​ហឿន ជា​លើក​ទី​៣៩​របស់គេ​ហើយ ដែល​ជួប​ប្រកួត​ជាមួយ​ថៃ​នេះ។ ប៊ុន​ហឿន ប្រកួត​ជា​មួយ​ថៃ​៣៨​លើក​កន្លងមកនេះ គឺ​ឈ្នះ​២៨​លើក ចាញ់​០៨​លើក និង​ស្មើ​០២​លើក។​

ប៉ែត​ សែន​ឡេ​ក គេ​ជា​អ្នក​ប្រដាល់​មិនដែល​ធ្លាប់​មក​ប្រកួត​នៅ​កម្ពុជា​យើង​នោះទេ​កន្លងមក។ យ៉ាង​ណា អ្នក​ប្រដាល់​ថៃ​រូបនេះ គេ​ខ្លាំង​គួរសម​ដែរ។ ព្រោះ​បើតាម​អ្នកដឹកនាំ​កីឡាករ​ថៃ​មក​ប្រកួត​ឲ្យ​ដឹង​នោះ​ថា ប៉ែត​ សែន​ឡេ​ក គេ​ល្អ​និង​ខ្លាំង ដែល​មិនអាច​មើលស្រាល​បានឡើយ។ ប៉ែត​ សែន​ឡេ​ក មាន​កំណត់​ត្រា​ប្រកួត​ចំនួន​៧៩​លើក ឈ្នះ​៥៥​លើក ចាញ់​២២​លើក និង​ស្មើ​០២​លើក ហើយ​ធ្លាប់​ផ្ដួល​ដៃគូ​ឲ្យ​សន្លប់​ជាច្រើនលើក។​

ចាន់ ប៊ុន​ហឿន គេ​មាន​ប្រវត្តិ​ប្រកួត​ចំនួន​៨៧​លើក ឈ្នះ​៦៩​លើក និង​ចាញ់​១៤​លើក និង​ស្មើ​០៤​លើក។ ប៊ុន​ហឿន​ គេ​មាន​ថ្វី​កែង ​និង​ជង្គង់​ល្អ​ណាស់ តែ​យ៉ាងណា​ការ​ឈ្នះ​ចាញ់​រវាង​ ចាន់ ប៊ុន​ហឿន និង ប៉ែត​ សែន​ឡេ​ក នេះ ពុំមាន​នរណា​ហ៊ាន​ទាយ​មុន​ថា​អ្នកណា​ឈ្នះ​នោះទេ ?។​

ចំពោះ អ្នក​ប្រដាល់​ជើង​ខ្លាំង​ស្រករ​ក្រោយ រិ​ទ្ធ ភូ​លូ ក្លិប​អាណាចក្រ​គុន​ខ្មែរ នឹងត្រូវ​ជួប​សាក​កណ្តាប់ដៃ​ជាមួយ​អ្នក​ប្រដាល់​ថៃ​ជើង​ខ្លាំង​ឈ្មោះ ឃុ​ម ផេ​ត សន​ស៊ី​ល​មួយ​ថៃ (Khumpetch Sornsilmuaythai)។ ពួកគេ​ទាំងពីរ ប្រកួត​គ្នា​ក្នុង​ទម្ងន់​៦៣,៥០០​គីឡូក្រាម។

ជា​លើក​ទី​១៤ សម្រាប់​រិ​ទ្ធ ភូ​លូ ហើយ ដែល​បាន​ជួប​ប្រកួត​ជាមួយ​អ្នក​ប្រដាល់​ថៃ​នេះ។​ ក្នុង​១៣​លើក​កន្លងមក ភូ​លូ វាយ​ឈ្នះ​ថៃ​១២​លើក និង​ចាញ់​២​លើក។​ ការជួប​ថៃ​លើកចុងក្រោយ​នេះ (២៦​មករា​២០១៩) ភូ​លូ វាយ​ឈ្នះ​ស្មើ​ពិន្ទុ​ជាមួយ ​លំ​ឡេង។​
រិ​ទ្ធ ភូ​លូ ទោះជា​គេ​ទើបបាន​ផ្គូផ្គង​ឲ្យ​ជួប​បរទេស​ក៏ដោយ តែដោយសារ​មានចិត្ត​ប្រដាល់​ធំ គេ​ឡើង​ប្រកួត​ដោយ​គ្មាន​ខ្លាចញញើត​ទេ។ គេ​ទើប​ឡើង​ប្រកួត​បាន​ចំនួន​៦០​លើក​ប៉ុណ្ណោះ ក្នុងនោះ វាយ​ឈ្នះ​៤៣​លើក ចាញ់​១៣​លើក និង​ស្មើ​០៤​លើក ហើយ​ធ្លាប់​ផ្តួល​ដៃគូ​ឲ្យ​សន្លប់​បាន​ចំនួន​១៦​លើក។
​ឃុ​ម ផេ​ត គេ​ជា​អ្នក​ប្រដាល់​ថៃ​ជើងចាស់ ធ្លាប់​មក​ប្រកួត​នៅ​កម្ពុជា​យើង​ច្រើនដង​ហើយ​កន្លងមក។

យ៉ាងណា អ្នក​ប្រដាល់​ថៃ​រូបនេះ គេ​ខ្លាំង​គួរសម​ដែរ។ ព្រោះ​បើតាម​ប្រវត្តិ ឃុ​ម ផេ​ត​ល្អ​ និង​ខ្លាំង ដែល​មិនអាច​មើលស្រាល​បានឡើយ។ អ្នក​ប្រដាល់​ថៃ​នេះ ជា​ជើង​ខ្លាំង​ទម្ងន់​៦៣,៥០០​គីឡូក្រាម​ប្រចាំ​នៅ​ស្រុកថៃ។ គេ​មាន​ប្រវត្តិ​ប្រកួត​តែ​ចំនួន​៧២​លើក ក្នុងនោះ​វាយ​ឈ្នះ​៥៧​លើក ចាញ់​១២​លើក និង​ស្មើ​០៣​លើក។​

អ្នក​ប្រដាល់​ថៃ​រូបនេះ មាន​ផ្លែ​មុត​ស្រួច​ល្អ ទាំង​កណ្តាប់ដៃ ទាត់ និង ជង្គង់ ហើយ​ថែមទាំង​មិន​ចេញ​ខ្លាច​ទៀតផង។ បើ​ប្រៀប​ជាមួយ​រិ​ទ្ធ ភូ​លូ គឺ​មិនដឹងថា យ៉ាងណា​នោះទេ ព្រោះថា រិ​ទ្ធ ភូ​លូ គេ​ក៏​វាយ​មិនចេះ​ខ្លាច​ដែរនោះ។

យ៉ាងណា ប៉ះ​ជាមួយ​រិ​ទ្ធ ភូ​លូ ឃុ​ម ផេ​ត ក៏​មិនជា​ស្រួល​ប៉ុន្មាន​ដែរ ព្រោះថា ភូ​លូ គេ​វាយ​បុក​ខ្លាំង
កណ្តាប់ដៃ​ខ្លាំង ទម្ងន់​ជើង​ក៏​ធ្ងន់​ដែរ។ តែ​យ៉ាងណា រិ​ទ្ធ ភូ​លូ ក៏ត្រូវ​ប្រយ័ត្ន​ដែរ សម្រាប់​ការប្រកួត​លើក​នេះ​។​ដូច្នេះ​ចាំមើល តើ រិ​ទ្ធ ភូ​លូ អាច​យកឈ្នះ​ឃុ​ម ផេ​ត បាន​ឬ​អត់ ក្នុងការ​ជួបគ្នា​លើកដំបូង​នេះ?។​

ដោយឡែក អ្នក​ប្រដាល់​សំខាន់ ប៉ាវ​ចិន ក្លិប​រ៉ា​ហាប់​ស្វាយប៉ាក ត្រូវគេ​ផ្គូ​ឲ្យ​ជួប​ប្រកួត​ជាមួយ ជ័រ ពៅ អ្នក​ប្រដាល់​ក្លិប​ថ្មគោល​ពោធិ៍​សែន​ជ័យ។ ពីរ​នាក់​នេះ ប្រកួត​គ្នា​ក្នុង​ទម្ងន់​៦៣,៥០០​គីឡូក្រាម។ រីឯ យ៉ង វាសនា អ្នក​ប្រដាល់​ក្លិប​កងពលតូច​ទ័ព​ឆ័​ត្រ​យោង​៩១១ នឹងត្រូវ​ជួប​ប្រកួត​ជាមួយ ពេជ្រ អា​លិ អ្នក​ប្រដាល់​ក្លិប​សមាគមយុវជន​១៥៧​គុន​ខ្មែរ ដោយ​ជួប​ប្រកួត​គ្នា ក្នុង​ប្រភេទ​ទម្ងន់​៦០​គីឡូក្រាម​ដែរ ៕



Source: Kampuchea Thmey Daily