កំពង់ចាម ៖ កម្លាំងអធិការនគរបាលស្រុកកងមាស បានឃាត់ខ្លួនកូនប្រុសអកតញ្ញូម្នាក់ ដែលបានលើកដៃកាប់ឪពុកបង្កើតរបស់ខ្លួនបណ្ដាលឲ្យរងរបួសធ្ងន់ កាលពីថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០១៩ វេលាម៉ោង៧និង០០នាទី នៅភូមិល្វាក្រោម ឃុំស្តៅ ស្រុកកងមាស ខេត្តកំពង់ចាម។
ប៉ូលិសបានឲ្យដឹងថា ករណីហិង្សាដោយចេតនាខាងលើនេះ បង្កដោយ ឈ្មោះ យ៉េន ចាន់ថា ភេទប្រុស អាយុ៣៥ឆ្នាំ មានទីលំនៅភូមិល្វាក្រោម ឃុំស្តៅ ស្រុកកងមាស ខេត្តកំពង់ចាម បានយកពូថៅកាប់ទៅលើ ឈ្មោះ យ៉ង់ យ៉េន ភេទប្រុស អាយុ៦៨ឆ្នាំ ត្រូវជាឪពុកបង្កើត ខណៈពេលដែល ឈ្មោះយ៉ង់ យ៉េន កំពុងអោនកាច់ចង្ក្រានហ្គាស៍ នៅចំណុចលើគ្រែ មុខផ្ទះរបស់គាត់ នៅភូមិ/ឃុំខាងលើបណ្តាលឲ្យរងរបួសខាងក្រោយទងត្រចៀកទាំងសងខាង និងចំក្បាលខាងក្រោយរបួសធ្ងន់ ត្រូវបានក្រុមគ្រួសារដឹកទៅព្យាបាលនៅមន្ទីរពេទ្យកាលម៉ែតភ្នំពេញ។
ប្រភពព័ត៌មាននៅកន្លែងកើតហេតុបានឲ្យដឹងថា កូនប្រុសអកតញ្ញូនេះ មានអាការៈមិនប្រក្រតី ហើយត្រូវឪពុករបស់ខ្លួនចាប់ឲ្យគ្រូស្រោចទឹក ទើបធ្វើឲ្យជនបង្កនេះ ខឹង យកពូថៅលបកាប់ឪពុកដូច្នេះ។
ប៉ូលិសបានបញ្ជាក់ថា ក្រោយពីធ្វើសកម្មភាពរួច ជនសង្ស័យ ត្រូវបានឃាត់ខ្លួន ដើម្បីសាកសួរបំពេញសំណុំរឿងតាមនីតិវិធី៕
Source: Kampuchea Thmey Daily
0 Comments