Ad Code

ថ្ងៃ​នៃ​សេចក្តី​ស្រឡាញ់​ បាន​ត្រឹមតែ​យំសោក​ស្ដាយ​កូន ​​ដែល​ត្រូវ​រថយន្ត​កិន​ស្លាប់



​ស្ទឹងត្រែង​ ៖​ ក្មេង​ស្រី​ម្នាក់ ​អាយុ​ទើបតែ​៥​ឆ្នាំ ​​បាន​​ស្លាប់​ភ្លាមៗ ​​ចំ​ថ្ងៃ ​នៃ​សេចក្ដី​ស្រឡាញ់​ ធ្វើ​ឲ្យ​ម្ដាយ​បាន​ត្រឹម​យំសោក​ស្ដាយ​ ព្រោះ​អ្វីៗ​បាន​ហួសពេល​ទៅ​ហើយ ​ដោយសារ​ការ​ធ្វេសប្រហែស​ និង​ខ្វះ​ការ​ប្រុងប្រយ័ត្ន​ ខណៈ​​​ជិះ​ម៉ូតូ​ វាក់​នឹង​រថយន្ត​បែន​ដឹក​ដី​ ហើយ​ចាប់​ហ្វ្រាំង​បណ្ដាលឲ្យ​ដួល​ ធ្វើ​ឲ្យ​កូន​ស្រី​ខ្ទាត​ចូល​ទៅ​ក្រោម​កង់ឡាន​កិន​បែក​ក្បាល​ធ្លាយ​ខួរ​ស្លាប់​ភ្លាមៗ​តែម្ដង ​និង​ម្នាក់​របួសស្រាល។

ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​នេះ ​បាន​កើតឡើង​នៅវេលា​ម៉ោង​ប្រមាណ​៥​និង​៣០​នាទី ថ្ងៃ​ទី១៤ កុម្ភៈ ថ្ងៃ​នៃសេចក្ដី​ស្រលាញ់ ត្រង់ចំណុច​ផ្លូវបែក​ជា​បួន ​ខាងមុខផ្ទះ​សំណាក់​មេគង្គ ​ក្នុងភូមិ​រា​ជានុ​កូ​ល​ សង្កាត់​ក្រុង​/ខេត្ត​ស្ទឹងត្រែង​។​

សមត្ថកិច្ច​ចរាចរណ៍​ផ្លូវគោក​បាន​ឲ្យ​ដឹងថា ​ជនរងគ្រោះ​ជា​ក្មេងស្រី​ដែល​ត្រូវ​បាត់បង់​ជីវិត​នោះ​មាន​១-ឈ្មោះ គ្រី សុ​ឆៃ​ដា ភេទ​ស្រី អាយុ​៦​ឆ្នាំ (​ស្លាប់​)។ ២-​ឈ្មោះ​ រៀម សុផល ភេទ​ស្រី​ អាយុ​២០​ឆ្នាំ​របួសស្រាល​ ​និង ២នាក់​ទៀត​ មិន​ត្រូវបាន​រងរបួស​នោះទេ។​ ជនរងគ្រោះ​ទាំង​បួន​នាក់​ រស់នៅ​ភូមិ​គីឡូ៨ សង្កាត់​សាមគ្គី ​ក្រុង​ស្ទឹងត្រែង​។​

សមត្ថកិច្ច​ចរាចរណ៍​បាន​បន្ត​ឲ្យ​ដឹង​ទៀត​ថា​ នៅមុន​កើតហេតុ​នោះ គេ​បានឃើញ​រថយន្ត​បែន ​ដឹក​ដី​ពណ៌​ខៀវ ម៉ាក​កូរ៉េ​២​តោន​កន្លះ​ ពាក់​ស្លាក​លេខ ស៊េរី​ចាស់​៨០៦៨០ ភ ព ៣​ បើកបរ​ឆ្លងកាត់​ចំណុច​ផ្លូវខ្វែង​ជា​បួន​ មុខផ្ទះ​សំណាក់​មេគង្គ​ ពេល​ឆ្លង​ជិត​ផុត​ផ្លូវ​កៅស៊ូ​ ចូល​ផ្លូវលំ​ ក៏មាន​ម៉ូតូ​ម៉ាក​ហុងដា​ស៊េរី​០៩​ ជិះ​គ្នា​៤​នាក់​ បើកបរ​ក្នុងទិសដៅ​ពី​ត្បូង​មក​ជើង​ ជិះ​វាក់​នឹង​រថយន្ត​បែន​ដឹក​ដី ​ជាន់​ហ្វ្រាំង​ប៉ះ​ដៃចង្កូត​ ធ្វើ​ឲ្យ​ដួល​ក្មេងស្រី​រងគ្រោះ​បាន​ខ្ទាត​ចូល​ក្រោម​កង់ឡាន​ខាងក្រោយ ​កិន​បែកក្បាល​ធ្លាយ​ខួរ​ស្លាប់​ភ្លាម​ៗតែម្តង​។​ ចំណែក​អ្នកបើកបរ​របួសស្រាល​ ហើយ​២​នាក់​ទៀត ​រួច​ផុត​ពី​​គ្រោះ​ថ្នាក់​។​

ក្រោយ​កើតហេតុ ​ត្រូវបាន​កម្លាំង​សមត្ថកិច្ច​ចុះមក​ធ្វើការ​វាស់វែង​នាំ​យក​រថយន្ត ​និង​ម៉ូតូ​ ទៅកាន់​ស្នង​ការដ្ឋាន​នគរបាល​ខេត្ត​ ដើម្បី​ចាត់ការ​តាម​នីតិវិធី​។​ ចំណែក​តៃកុង​រថយន្ត​ កំពុង​ត្រូវបាន​ឃាត់ខ្លួន​នៅ​ក្នុង​ស្នងការដ្ឋាន​នគរបាល​ខេត្ត​។ ​រីឯ​សាកសព ​ត្រូវបាន​សមត្ថកិច្ច​ប្រគល់​ទៅ​ឲ្យ​ក្រុម​គ្រួសារ​យក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​៕​



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu