រតនគិរី ៖ បុរសម្នាក់ បានរងរបួសធ្ងន់ធ្ងរ បន្ទាប់ពីផ្ទុះគ្រាប់កែច្នៃបោកត្រី ធ្វើអំពីរំសេវផាវ ភ្លាត់ស្នៀតត្រូវខ្លួនឯង។
ករណីផ្ទុះគ្រាប់កែច្នៃត្រូវខ្លួនឯងនេះ បានកើតឡើងកាលពីវេលាម៉ោង៣និង៣០នាទីរសៀលថ្ងៃព្រហស្បតិ៍ ១០កើត ខែមាឃ ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០១៩កន្លងទៅ នៅចំណុចអូរតាង ស្ថិតក្នុងភូមិសំ ឃុំយ៉ាទុង ស្រុកអូរយ៉ាដាវ ខេត្តរតនគិរី។
មន្ត្រីនគរបាលស្រុកអូរយ៉ាដាវ បានឲ្យដឹងថា ជនរងគ្រោះមានឈ្មោះ រចំ លិប ភេទប្រុស អាយុ៣១ឆ្នាំ ជនជាតិច្រាយ រងរបួស ប្រអប់ដៃខាងស្តាំ ត្រូវមុខ និងត្រូវក្បាលជង្គង់ទាំងសងខាង ហើយមានទីលំនៅភូមិតេនង៉ល ឃុំយ៉ាទុង ស្រុកអូរយ៉ាដាវ ខេត្តរតនគិរី។ បន្ទាប់មក ត្រូវបានក្រុមគ្រួសារដឹកបញ្ជូនមកសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យបង្អែកខេត្តរតនគិរី។
សូមបញ្ជាក់ថា ករណីផ្ទុះគ្រាប់កែច្នៃបោកត្រី បានកើតឡើងជាច្រើនដងកន្លងមកហើយដែរ ប៉ុន្តែអាជ្ញាធរមូលដ្ឋានពុំមានចំណាត់ការទាល់តែសោះចំពោះអ្នកកែច្នៃគ្រាប់ទាំងនោះ។ នេះគ្រាន់តែផ្ទុះត្រូវខ្លួនឯងប៉ុណ្ណោះ ចុះបើផ្ទុះត្រូវប្រជាពលរដ្ឋជាច្រើនអ្នកវិញនោះ តើអាជ្ញាធរមានចំណាត់ការដូចម្ដេចចំពោះបញ្ហាគ្រាប់កែច្នៃនេះ៕
Source: Kampuchea Thmey Daily
0 Comments