•លួន សុខខេង ជួប ហេង សំរាំង
ប្រដាល់ ៖ អ្នកប្រដាល់កម្ពុជា ពុទ្ធ ឆាយរិទ្ធី ក្លិបពុទ្ធសេរីវង្សកីឡា ត្រូវគេផ្គូឲ្យជួបសាកកណ្ដាប់ដៃជាមួយថៃកង ថៃលេន (Kong Thailen) ក្នុងកម្មវិធីប្រដាល់Boostrong Fighter On Fire នៅសង្វៀនSEATV នាព្រឹកថ្ងៃអាទិត្យ ទី១៧ ខែកុម្ភៈ ឆ្នាំ២០១៩នេះ។
ពុទ្ធ ឆាយរិទ្ធី ជួប កង ថៃលេន ក្នុងទម្ងន់៦៧គីឡូក្រាម។ សម្រាប់ជំនួបរវាង ពុទ្ធ ឆាយរិទ្ធី និងកង ថៃលេន នេះ ពួកគេទាំងពីរនាក់នេះ មិនធ្លាប់ជួបគ្នាទេកន្លងមក ព្រោះអ្នកប្រដាល់ថៃរូបនេះ ទើបតែមកស្រុកខ្មែរជាលើកទី១ប៉ុណ្ណោះ។
កង ថៃលេន បើធៀបជាមួយពុទ្ធ ឆាយរិទ្ធី នោះ ក៏ប្រហែលជាពុំអាចឈ្នះពុទ្ធ ឆាយរិទ្ធី បានដែរ ដោយសារអ្នកប្រដាល់ថៃរូបនេះ មានបទពិសោធន៍មិនជាល្អ និងខ្លាំងជាង ឆាយរិទ្ធ នោះឡើយ។
ពុទ្ធ ឆាយរិទ្ធ ឥឡូវនេះគេមានការវិវត្តន៍ខាងក្បាច់គុនច្រើន គួបផ្សំនឹងការខំប្រឹងហ្វឹកហាត់ទៀត ឃើញថា គេខ្លាំង និងល្អជាងមុន។
ពុទ្ធ ឆាយរិទ្ធី គេមានកំណត់ត្រាប្រកួត១១៧លើក ឈ្នះ៩០លើក ចាញ់២៥លើក និងស្មើ០២លើក ខណៈដែល កង ថៃលេន គេមានប្រវត្តិប្រកួតចំនួន៦៤លើក ឈ្នះ៥២លើក ចាញ់១១លើក និងស្មើ ០១លើក។
ទោះជាយ៉ាងណាក្តី សម្រាប់ការជួបគ្នានេះ ពុំអាចសន្និដ្ឋានមុនថា អ្នកណាឈ្នះ អ្នកណាចាញ់នោះឡើយ ហើយពីរនាក់នេះ ក៏មិនអាចអ្នកណាមើលស្រាលអ្នកណាបានដែរ។
គួរបញ្ជាក់ថា ពុទ្ធ ឆាយរិទ្ធី ប្រកួតជាមួយថៃលើកចុងក្រោយនេះ គឺបានឈ្នះ ភីត ឆៃ ( Phat Chhai )ក្នុងទឹកទី៣ ទាំងសន្លប់ខ្លួនឯងនោះ។
ចំពោះការប្រកួតរវាងខ្មែរ និងខ្មែរវិញ លួន សុខខេង អ្នកប្រដាល់ក្លិបពុទ្ធសេរីវង្សកីឡា ត្រូវគេផ្គូផ្គងឲ្យជួបប្រកួតជាមួយ ហេង សំរាំង អ្នកប្រដាល់ក្លិបព្រៃទទឹងខេត្តបាត់ដំបង។
ពួកគេទាំងពីរ ប្រកួតគ្នាក្នុងប្រភេទទម្ងន់៧១គីឡូក្រាម។ ពីរនាក់នេះ មិនធ្លាប់ជួបគ្នាទេកន្លងមក។ ដូច្នេះ ជំនួបលើកនេះ គឺជាការជួបគ្នាលើកដំបូង។
លួន សុខខេង ជាអ្នកប្រដាល់មិនមានឈ្មោះបោះសំឡេងនោះទេ តែគេជាអ្នកប្រដាល់ចាស់វស្សាដែរ។ ជាទម្លាប់របស់លួន សុខខេង គេឡើងប្រកួតច្រើនវាយមិនយោគយល់អ្វីនោះទេ។
ចំពោះ ហេង សំរាំង វិញ គេជាអ្នកប្រដាល់ជើងចាស់ ដោយត្រូវបានអ្នកស្នេហាកីឡាប្រដាល់ចាប់អារម្មណ៍ ដោយសារតែការប្រកួតរបស់គេល្អ ហើយលទ្ធផលឈ្នះច្រើនជាងចាញ់។
ទោះជាគេមានវ័យច្រើនបន្តិចក្តី សម្រាប់ស្នៀតប្រដាល់របស់ សំរាំង មិនជាចាញ់ លួន សុខខេង នោះទេ។ សម្រាប់ការជួបគ្នានេះ បើសិនជា សំរាំង ពុំមានបញ្ហាអ្វីកើតឡើងទេនោះ សុខខេង គឺពិបាកហើយ ព្រោះ ហេង សំរាំង មានតិចនិកល្អជាង។
សុខខេង យ៉ាប់តែបញ្ហាកម្លាំងកាយសម្បទាមួយមុខប៉ុណ្ណោះ ឯស្នៀតប្រដាល់របស់គេមានផ្លែល្អ។តែយ៉ាងណា ហេង សំរាំង ក៏មានផ្លែល្អដែរ។ ដូច្នេះក្នុងការជួបប្រកួតគ្នាលើកនេះ គឺមិនអាចទាយមុនថា ហេង សំរាំង ឈ្នះ ឬលួន សុខខេង ឈ្នះនោះឡើយ?។
ហេង សំរាំង ប្រកួតលើកចុងក្រោយនេះ(២៦មករា២០១៩) គេបានវាយស្មើជាមួយ អ្នកប្រដាល់អ៊ីរ៉ង់Matin។
វៀត ប៊ុនឌឿន អ្នកប្រដាល់សមាគមកីឡាប្រដាល់ក្រសួងការពារជាតិ នឹងត្រូវជួបប្រកួតជាមួយចាន៉ វ៉ារិទ្ធ អ្នកប្រដាល់ក្លិបនិរោធមានជ័យ ដោយប្រកួតគ្នាក្នុងទម្ងន់៦០គីឡូក្រាម។
ចាន់ វ៉ារិទ្ធ ជាអ្នកប្រដាល់ស្រករក្រោយ ហើយវៀត ប៊ុនឌឿន ជាអ្នកប្រដាល់ចាស់វស្សា។ ពួកគេទាំងពីរនេះ ពុំធ្លាប់ដែលប៉ះគ្នាម្តងណានៅឡើយទេ ពីមុនមក។ តែយ៉ាងណា សម្រាប់ការជួបគ្នានេះ មិនដឹងថា វៀត ប៊ុនឌឿន គេអាចយកឈ្នះជើងថ្មីស្រករក្រោយចាន់ វ៉ារិទ្ធ បានឬអត់នោះទេ?។
គង់ វិរៈ អ្នកប្រដាល់ក្លិបយុវវាលស្បូវខណ្ឌច្បារអំពៅ ត្រូវជួបប្រកួតជាមួយសល់ ស្រស់ អ្នកប្រដាល់ក្លិបសាលវ័ន្តកីឡា ក្នុងប្រភេទទម្ងន់៥១គីឡូក្រាម ហើយលី តឿន ក្លិបមកុដរាជសីហ៍ ជួបប្រកួតជាមួយ លីន វិរៈ អ្នកប្រដាល់ក្លិបបូរីរាជសីហ៍មានរិទ្ធ ក្នុងទម្ងន់៦០គីឡូក្រាម៕
Source: Kampuchea Thmey Daily
0 Comments