ភ្នំពេញ ៖ នាឱកាស នៃទិវាក្តីស្រលាញ់ថ្ងៃ១៤កុម្ភៈ កុមារកំព្រាដែលកំពុងតែរស់នៅក្នុងមជ្ឈមណ្ឌលកុលាប៤ គឺទទួលបានការចែករំលែកសេចក្តីស្រលាញ់ តាមរយៈអំណោយជាច្រើនពីសំណាក់លោកស្រី សន សុម៉ាលីនដា ដែលជាអគ្គនាយិកាក្រុមហ៊ុន ប៊ុណ្ណា រៀលធីគ្រុប និងបុគ្គលិក។
ការចុះចែកអំណោយ និងក្តីស្រលាញ់ចំពោះក្មេងៗពី លោកស្រី សន សុម៉ាលីនដា នាពេលនេះ គឺ ធ្វើឡើង ដើម្បីជាការលើកកម្លាំងចិត្ត និងផ្តល់ភាពកក់ក្តៅដល់ពួកគាត់ជាក្មេងកំព្រា។
បើតាមការលើកឡើងរបស់ លោកស្រី សន សុម៉ាលីនដា បានបញ្ជាក់ថា ការចុះចែករំលែកក្តីស្រលាញ់ និងអំណោយដល់កុមារកំព្រាប្រមាណជាង៥០នាក់ កំពុងរស់នៅទីនោះ ដោយហេតុថា លោកស្រីមើលឃើញពីការអាណិតអាសូរខ្លាំងដល់ពួកគាត់ ដែលជាក្មេងកំព្រា គ្មានភាពកក់ក្តៅពីឪពុកម្ដាយ ហើយក៏ត្រូវទទួលបានការជួយសង្គ្រោះជីវិតចែករំលែកចំណេះដឹងពីមជ្ឈមណ្ឌលកូលាបទី៤ខាងលើនេះ។
លោកស្រីបាននិយាយទៀតថា លោកស្រី និង លោក ស៊ឹង ប៊ុណ្ណា កាលពីអតីតកាលក៏ធ្លាប់ឆ្លងកាត់នូវប្រវត្តិជាក្មេងកំព្រាផងដែរ ប៉ុន្តែអ្វីដែលជាភាពរឹងមាំនោះ គឺស្ថិតលើតស៊ូ និងទទួលបានភាពកក់ក្តៅពីមនុស្សនៅជុំវិញខ្លួនមួយចំនួន។ ដូច្នេះហើយដោយយល់ឃើញពីការលំបាក និងភាពកម្សត់របស់ខ្លួនផងនោះ ទើបលោកស្រីតែងតែមានការអាណិតអាសូរចំពោះក្មេងៗកំព្រាជាច្រើនដែលកំពុងតែរស់នៅក្នុងមណ្ឌល។
ជាក់ស្ដែងនាព្រឹកថ្ងៃទី១៤កុម្ភៈ ដែលជាឱកាសទិវា នៃក្តីស្រលាញ់ លោកស្រី សន សុម៉ាលីនដា ក៏បានសម្រេចចិត្តជ្រើសរើសពេលវេលាដ៏ល្អនេះនាំយកអំណោយមួយចំនួនធំ រួមទាំងថវិកាខ្លះៗទៀត ដើម្បីមកចែករំលែកក្តីស្រលាញ់ដល់កុមារកំព្រាទាំងនោះ។ លើសពីនេះទៅទៀត តាមរយៈសកម្មភាពនេះ លោកស្រីក៏បានចាត់ទុកថាជាការផ្តល់នូវភាពកក់ក្តៅ និងលើកទឹកចិត្តដល់ក្មេងៗកំព្រាទាំងអស់នេះឲ្យកាន់តែមានភាពរឹងមាំតស៊ូក្នុងផ្លូវជីវិតនាពេលអនាគត។
សូមបញ្ជាក់ថា មជ្ឈមណ្ឌលកុលាបទី៤ដែលត្រូវបានអ្នកស្រី សន សុម៉ាលីនដា ដឹកនាំបុគ្គលិកចុះទៅចែកអំណោយនិងក្តីស្រលាញ់ខាងលើនេះគឺមានទីតាំងស្ថិតនៅខាងក្រោយផ្សារហេងលី ដែលបច្ចុប្បន្នក្មេងកំព្រា កំពុងតែរស់នៅក្នុងមណ្ឌលមានចំនួនជាង៥០នាក់។ ចំណែកអំណោយដែលទទួលបាននោះរួមមាន ៖ សម្ភារៈសិក្សា គ្រឿងបរិភោគ របស់របរប្រើប្រាស់មាន កន្សែង ភួយរួមនឹងសម្ភារៈជាច្រើនទៀត៕
Source: Kampuchea Thmey Daily
0 Comments