កីឡាករ​បាល់ទាត់​ជា​ជនភៀសខ្លួន​មួយរូប​ដែល​កំពុង​ប្រយុទ្ធ​ប្រឆាំងនឹង​ការធ្វើ​បត្យាប័ន​ធ្វើការ​អង្វរករ​សុំ​សេរីភាព​កាលពី​ថ្ងៃ​ចន្ទ​ដោយ​និយាយថា “​សូមកុំ​បញ្ជូន​ខ្ញុំ​ទៅ​ប្រទេស​បា​រ៉ែ​ន​អី​” ខណៈពេល​គាត់​បាន​ទៅដល់​តុលាការក្រុង​បាងកក​ដែល​បាន​ពន្យារពេល​ការ​ឃុំឃាំង​របស់គាត់រ​យៈ​ពេល​ពីរ​ខែ​ទៀត​។​

លោក Hakeem al-Araibi ដែលជា​ជនភៀសខ្លួន​បា​រ៉ែ​ន​និង​ជា​ពលរដ្ឋ​អូស្ត្រាលី​គឺមាន​ភាពភ័យខ្លាច​អំពី​ការធ្វើ​ទារុណកម្ម​ឬ​ត្រូវស្លាប់​ប្រសិនបើ​គាត់​ត្រូវបាន​បញ្ជូនទៅ​មាតុភូមិ​របស់គាត់​វិញ​។​

លោក Araibi ដែល​ត្រូវបាន​ឃុំឃាំង​នៅក្នុង​ប្រទេស​ថៃ​ចាប់តាំងពី​ខែវិច្ឆិកា​ឆ្នាំមុន​មក​បន្ទាប់ពី​មាន​សំណើ​ធ្វើ​បត្យាប័ន​របស់​បា​រ៉ែ​ន បានមក​ដល់​តុលាការ​ហើយ​បាន​អង្វរករ​ដល់​អ្នកសារព័ត៌មាន​និង​មន្ត្រី​បាល់ទាត់​ដើម្បី​ជួយ​ធានា​នូវ​សេរីភាព​របស់គាត់​។​

លោក Araibi ត្រូវបាន​គេ​បញ្ឈប់​នៅ​ព្រលានយន្តហោះ​ក្រុង​បាងកក​កាលពី​ខែវិច្ឆិកា​នៅពេលដែល​គាត់​បាន​មកដល់​ប្រទេស​ថៃ​សម្រាប់​ថ្ងៃ​ឈប់សម្រាក​ហើយ​ត្រូវបាន​ឃុំខ្លួន​ចាប់តាំងពី​ពេល​នោះមក​នៅពេលដែល​តុលាការ​ថៃ​សម្រេច​ថា​តើ​ត្រូវបញ្ជូន​គាត់​ទៅ​ប្រទេស​ឈូង​សមុទ្រ​វិញ​ដែរ​ឬក៏​អត់​។​

តុលាការ​បាន​និយាយថា លោក Araibi នឹងត្រូវ​បានផ្តល់​ពេល​ឲ្យ​៦០​ថ្ងៃ​ដើម្បី​ជំទាស់​ទៅនឹង​សំណើ​ធ្វើ​បត្យាប័ន​ហើយ​ចាំបាច់​ត្រូវ​បង្ហាញ​ករណី​របស់គាត់​នៅក្នុង​ខែមេសា​នៅពេលដែល​ចៅក្រម​បាន​កោះហៅ​មកវិញ​។​

លោក Araibi ធ្លាប់​លេង​ឲ្យ​ក្រុមយុវជន​ជម្រើសជាតិ​បា​រ៉ែ​ន​មុនពេល​គាត់​រត់​ចេញពី​ទឹកដី​កំណើត​របស់គាត់​ហើយ​ត្រូវ​បានផ្តល់​សិទ្ធិ​ជ្រកកោន​នៅក្នុង​ប្រទេស​អូស្ត្រាលី​ដែល​នៅ​ទីនោះ​គាត់​លេង​ឲ្យ​ក្លិប​ពាក់កណ្តាល​អាជីព Pascoe Vale FC​។​

លោក Araibi ត្រូវបាន​ផ្តន្ទាទោស​ដោយ​កំបាំងមុខ​លើ​បទចោទប្រកាន់​បំផ្លិចបំផ្លាញ​ស្ថានីយ៍​ប៉ូលិស​នៅក្នុង​ប្រទេស​បា​រ៉ែ​ន​ប៉ុន្តែ​បាន​និយាយថា គាត់​គឺ​ស្ថិតនៅ​ក្រៅប្រទេស​អំឡុងពេល​លេង​ក្នុងការ​ប្រកួត​មួយ​នៅពេល​មានការ​ចោទប្រកាន់​នេះ​។​

កីឡាករ​រូបនេះ​បាន​និយាយថា គាត់​ជឿថា គាត់​ត្រូវបាន​គេ​កំណត់​គោលដៅ​ដោយសារ​ការរិះគន់​រប​ស់​គាត់​ចំពោះ​ប្រធាន​សហព័ន្ធ​បាល់ទាត់​ទ្វីបអាស៊ី​លោក Sheikh Salman bin Ebrahim Al Khalifa ដែលជា​សមាជិក​នៃ​វង្ស​ត្រកូល​កំពុង​កាន់អំណាច​របស់​ប្រទេស​បា​រ៉ែ​ន​៕ AFP



Source: Kampuchea Thmey Daily