ភ្នំពេញ ៖ បុរសជាកម្មករសំណង់ម្នាក់ សង្ស័យបែកថ្នាំ បានយកកូនកាំបិតចិតបន្លែ ចាក់បំពង់កសម្លាប់ខ្លួនឯង តែត្រូវបានក្រុមគ្រួសារជួយសង្គ្រោះទាន់ពេលវេលា មូលហេតុដោយសារសុំឪពុកផឹកស្រាតែឪពុកមិនឲ្យផឹក។
ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១និង៣០នាទី ថ្ងៃទី៤ ខែកុម្ភៈ ឆ្នាំ២០១៩ នៅចំណុចផ្ទះលេខ៨៨២ ក្រុម៥ ភូមិមិត្តភាពសង្កាត់ឫស្សីកែវ ខណ្ឌឫស្សីកែវ។
ជនរងគ្រោះត្រូវបានគេស្គាល់ ឈ្មោះ ប៉ែន បញ្ញា ភេទប្រុស អាយុ២៦ឆ្នាំ មុខរបរធ្វើកម្មករសំណង់ រស់នៅទីតាំងកើតហេតុខាងលើ។
បើតាមលោកយាយ ឈ្មោះ ឈុន យ៉ុម អាយុ៨១ឆ្នាំ ដែលជាយាយបង្កើតរបស់ជនរងគ្រោះបានឲ្យដឹងថា មុនពេលកើតហេតុ ជនរងគ្រោះបានផឹកស្រាជាមួយអ្នកជិតខាងខ្លះហើយ តែមិនអស់ចិត្តគាត់ក៏បានសុំឪពុកទិញស្រាផឹកបន្ថែមទៀត តែឪពុកមិនឲ្យ ក៏បានយកកូនកាំបិតចុងស្រួចចិតបន្លែមកចាក់.ក និងចាក់ចំជើង បំពង់.កខ្លួនឯងចំនួន៣កន្លែង បណ្តាលឲ្យរបួសធ្ងន់ហូរឈាមយ៉ាងខ្លាំង ក្រោយមកក៏ត្រូវបានក្រុមគ្រួសារដឹកតាមម៉ូតូកង់បីយកទៅសង្គ្រោះនៅមន្ទីរពេទ្យកាល់ម៉ែត។
បើតាមប្រភពពីឪពុកជនរងគ្រោះបានឲ្យដឹងថា ជនរងគ្រោះបានប្រើប្រាស់ថ្នាំញៀនយូរមកហើយ ហើយពេលនេះប្រហែលជា ថ្នាំធ្វើទុក្ខខ្លាំង ទើបបណ្ដាលឲ្យប៉ងចាក់សម្លាប់ខ្លួនឯង តែមិនបានសម្រេច គ្រាន់តែរបួសធ្ងន់ប៉ុណ្ណោះ។ បច្ចុប្បន្ន ជនរងគ្រោះ កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យកាល់ម៉ែត៕
Source: Kampuchea Thmey Daily
0 Comments