ប្រជាជនអែលសាល់វ៉ាឌ័រ កាលពីថ្ងៃអាទិត្យ បានបោះឆ្នោតជ្រើសរើសលោក Nayib Bukele ដែលជាអតីតចៅហ្វាយក្រុង San Salvador ដ៏មានប្រជាប្រិយឲ្យក្លាយ ជាប្រធានាធិបតីថ្មីនៃប្រទេសតំបន់កណ្តាលអាមេរិកមួយនេះ ដែលលទ្ធផលនេះបានបញ្ចប់ការក្តោបក្តាប់អំណាចរយៈពេលជិត៣០ឆ្នាំរបស់គណបក្សធំបំផុតទាំងពីររបស់ខ្លួន។
លោក Bukele អាយុ៣៧ឆ្នាំមកពីគណបក្សអភិរក្ស Grand Alliance for National Unity (GANA) បានប្រាប់អ្នកគាំទ្រកាលពីល្ងាចថ្ងៃអាទិត្យថា “នៅពេលនេះ យើងអាចប្រកាសដោយប្រាកដថា យើងបានឈ្នះតំណែងប្រធានាធិបតី”។
ប៉ុន្មាននាទីមុននោះ គណកម្មការបោះឆ្នោត (TSE) របស់ប្រទេសនេះបានផ្តល់ឲ្យលោកនូវសំឡេងឆ្នោត៥២,៩៣ភាគរយដែលស្មើនឹង៧០ភាគរយនៃសន្លឹកឆ្នោត។ គណកម្មការបានបន្តប្រកាសពីលទ្ធផលបឋមដែលផ្តល់ឲ្យលោក Bukele ជាអ្នកនាំមុខដាច់ជាមួយសំឡេង៥៣,៧៨ភាគរយនៃសន្លឹកឆ្នោត៨៧,៦៧ភាគរយដែលត្រូវបានរាប់។
លោក Bukele បានសន្យាថានឹងបង្កើនការវិនិយោគក្នុងវិស័យអប់រំនិងប្រយុទ្ធប្រឆាំងអំពើពុករលួយប៉ុន្តែភារកិច្ចចម្បងរបស់លោកគឺត្រូវអនុវត្តន៍កម្មវិធីថ្មីៗដើម្បីប្រឈមនឹងបញ្ហាអសន្តិសុខ។ លោកក៏នឹងត្រូវបង្កើតសម្ព័ន្ធភាពមួយផងដែរជាមួយក្រុមស្តាំនិយមដែលគ្រប់គ្រងសភា។
គូប្រជែងរបស់លោក Bukele គឺលោក Carlos Calleja នៃគណបក្សស្តាំនិយម Nationalist Republican Alliance (ARENA) និងលោក Hugo Martinez នៃគណបក្សឆ្វេងនិយម Farabundo Marti Front for National Liberation (FMLN) បានទទួលស្គាល់ជ័យជម្នះនេះ។ អស់រយៈពេលជិត ៣ទសវត្សរ៍មកហើយដែលគណបក្សរបស់ពួកគេបានគ្រប់គ្រងនយោបាយរបស់ប្រទេសអែលសាល់វ៉ាឌ័រ។
យោងតាមប្រធានអាជ្ញាធរបោះឆ្នោតលោក Julio Olivo បានឲ្យដឹងថា មនុស្សប្រហែល៥.២លាននាក់បានចូលរួមនៅក្នុងការបោះឆ្នោតនេះ។
អ្នកបោះឆ្នោតបានតម្រង់ជួរដ៏វែងនៅខាងក្រៅស្ថានីយ៍បោះឆ្នោតក្នុងផ្នែកខ្លះនៃរដ្ឋធានីដែលជាកន្លែងអំពើហិង្សានិងបញ្ហាអសន្ដិសុខកើតមាន។
ប្រទេសអែលសាល់វ៉ាឌ័រគឺស្ថិតក្នុងចំណោមប្រទេសដែលមានអំពើហិង្សាខ្លាំងបំផុតលើពិភពលោកដោយមានអត្រាឃាតកម្មចំនួន៥១នាក់ក្នុងចំណោម១០០,០០០នាក់៕ AFP
Source: Kampuchea Thmey Daily
0 Comments