Ad Code

មេបញ្ជាការ​អាវុធហត្ថ​រាជធានី​ភ្នំពេញ ប្រជុំ​ផ្សព្វផ្សាយ អនុសាសន៍​ សម្ដេច​តេ​ជោ​



ភ្នំពេញ ​៖​ លោក​ឧត្ដមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការ​រង កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស និង​ជា​មេបញ្ជាការ កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ បាន​បើក​កិច្ចប្រជុំ ដើម្បី​ផ្សព្វផ្សាយ​នូវ អនុសាសន៍ ១០​ចំណុច របស់ សម្ដេច​អគ្គ​មហា​សេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា ​ដែល​ថ្លែង​ក្នុង​ពិធី អបអរសាទរ​ខួប ២០​ឆ្នាំ នៃ​ថ្ងៃកំណើត​កងទ័ពជើងគោក ថ្ងៃទី​២៤ ខែមករា ឆ្នាំ​២១០៩ ជូន​ដល់​នាយទាហាន កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ​ទាំងអស់ បាន​យល់​ជ្រួតជ្រាប ដើម្បី​យកទៅអនុវត្ត​និង​ផ្សព្វផ្សាយ​បន្ត ព្រមទាំង​បាន ផ្សព្វផ្សាយ​ផែនការ ការពារ​សន្តិសុខ សណ្ដាប់ធ្នាប់ ជូន​បងប្អូន​ប្រជាពលរដ្ឋ ក្នុងឱកាស​បុណ្យចូលឆ្នាំ​ថ្មី​ប្រពៃណី ចិន​-​វៀតណាម ដែល​នឹង​ឈាន មក​ដល់​ក្នុងពេល​ខាងមុខនេះ​។​

ក្នុងឱកាស​ប្រជុំ​នាពេលនោះ​ផងដែរ លោក​ឧត្ដមសេនីយ៍​ឯក រ័ត្ន ស្រ៊ាង បាន​ឆ្លៀតឱកាស ដាស់​តឿន​ក្រើនរំលឹក នូវ​វិន័យ​សណ្ដាប់ធ្នាប់ របស់​កង​យោធពល​ខេមរភូមិន្ទ សភាពការណ៍​នយោបាយ​ជាតិ និង​អន្តរជាតិ ព្រមទាំង​លើកឡើង​អំពី​គំនិត​ទុច្ចរិត របស់​ក្រុម​ក្បត់ជាតិ ដែល​មាន​ទណ្ឌិត សម រង្សី ជា​មេ​ចលនា​បះបោរ និង​មាន​ជនបរទេស​នៅ​ពីក្រោយ តែងតែ​ញុះ​បង្ក​ចលាចល បំផ្លាញ​សុខ​សន្តិភាព​ក្នុង​សង្គម​កម្ពុជា​,​បន្ទច់បង្អាក់​នូវ​ការអភិវឌ្ឍ​ជាតិ ជាពិសេស តែងតែ​លាប​ពណ៌​រាជ​រដ្ឋាភិបាល​ស្របច្បាប់ ដែល​កើតឡើង​ដោយ​ការបោះឆ្នោត ដើម្បី​បោក​បញ្ឆោត​ពលរដ្ឋ​ស្លូតត្រង់​ឈាន​ទៅ​រក​ការ​ធ្វើ​បដិវត្ត​ពណ៌ បម្រើ​ឲ្យ​មហិច្ឆតា​ជនបរទេស​។

ថ្មីៗ​នេះ​ទៀតសោត ទណ្ឌិត សម រង្សី បាន​ញុះញង់​ម្តង​ហើយៗ​ម្តងទៀត ប្រកាស​ឲ្យ​កង​កម្លាំង​ប្រដាប់អាវុធ ក្រោក​ឡើង​ប្រឆាំងនឹង​រាជរដ្ឋាភិបាល​ស្របច្បាប់ ដែល​ដឹកនាំ​ដោយ ​សម្ដេច​អគ្គ​មហា​សេនាបតី តេ​ជោ ហ៊ុន សែន ជា​នាយករដ្ឋមន្ត្រី ដែល​ប្រសូត​ចេញពី​ការបោះឆ្នោត ពី​សំណាក់​ប្រជាពលរដ្ឋ​ស្ទើរ​ពេញ​នគរ​។ ការ​ញុះញង់​នេះ ក៏ត្រូវ​បាន​នាយ​ឧត្ដមសេនីយ៍ សៅ សុខា អគ្គ​មេ​បញ្ជាការ​រង កង​យោធពល​ខេមរភូមិន្ទ មេបញ្ជាការ កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស ធ្វើការ​ថ្កោល​ទោស​ដាច់អហង្ការ ចំពោះ​ការ​អំពាវនាវ​របស់ ទណ្ឌិត សម រង្សី​។​

ព្រមជាមួយ​គ្នា​នោះ អាវុធហត្ថ​រាជធានី​ភ្នំពេញ​ទាំងអស់ ​បាន​សម្តែង​នូវ​ការ​គាំទ្រ​ពេញទំហឹង ចំពោះ​ការ​ថ្កោលទោស របស់​នាយ​ឧត្ដមសេនីយ៍​ សៅ សុខា ទៅលើ​សម្តី​ញុះញង់​របស់​ទណ្ឌិត សម រង្សី និង​បាន​ប្រកាស​ត្រៀមខ្លួន​ជាស្រេច រង់ចាំ​ទទួល​គ្រប់​បទបញ្ជា​របស់​នាយ​ឧត្ដមសេនីយ៍ ប្ដេជ្ញា​ការពារ​ដាច់ខាត រាជរដ្ឋាភិបាល​ស្របច្បាប់ ដឹកនាំ​ដោយ ​សម្ដេច​អគ្គ​មហា​សេនាបតី តេ​ជោ ហ៊ុន សែន នាយ​ឧត្ដមសេនីយ៍ ផុត​លេខ​ផ្កាយ​មាស​៥ ជា​នាយករដ្ឋមន្ត្រី ដែល​បង្កើត​ឡើង​តាមរយៈ​ការ​បោះ​ឆ្នោត​ទូទាំងប្រទេស​៕


Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu