អស់រយៈពេលជាងមួយទសវត្សរ៍បន្ទាប់ពីបានប្តេជ្ញាថានឹងបិទគម្លាតរវាងជនជាតិដើមភាគតិចអូស្ត្រាលីនិងក្រុមដទៃទៀតនៅក្នុងប្រទេស, រដ្ឋាភិបាលបានទទួលស្គាល់នៅថ្ងៃព្រហស្បតិ៍ថា វានៅតែមានភាពខ្វះខាត។
លោកនាយករដ្ឋមន្ត្រី Scott Morrison បាននិយាយថា មានតែគោលដៅពីរប៉ុណ្ណោះក្នុងចំណោមគោលដៅទាំង៧របស់រដ្ឋាភិបាលដើម្បីធ្វើឲ្យប្រសើរឡើងនូវទ្រព្យសម្បត្តិ សុខភាពនិងសុខុមាលភាពនៃជនជាតិអូស្ត្រាលីដើមដែលត្រូវបានបំពេញ។
កិច្ចខិតខំប្រឹងប្រែងដើម្បីកែលម្អការអប់រំនៅដំណាក់កាលដំបូងនិងអត្រានៃគុណភាពវិទ្យាល័យត្រូវបានអនុវត្តប៉ុន្តែទិសដៅក្នុងវិស័យដទៃទៀតដូចជាការជំរុញការងារនិងការបង្កើនអាយុកាលផងដែរនោះគឺបានធ្លាក់ចុះ។
លោក Morrison ប្រាប់សភាថា “ខ្ញុំចង់ឲ្យកុមារជនជាតិដើមភាគតិចនិងអ្នកកោះក្នុងឈូងសមុទ្រ Torres មានឱកាសដូចកុមារទាំងអស់ផ្សេងទៀតដែលធំធាត់នៅក្នុងប្រទេសអូស្ត្រាលី”។
លោកបាននិយាយនៅក្នុងសភាថា “ប៉ុន្តែវាមិនមែនជាការពិតសម្រាប់កុមារជនជាតិដើមភាគតិចនិងអ្នកកោះក្នុងឈូងសមុទ្រ Torres នៅប្រទេសអូស្ត្រាលីនាពេលសព្វថ្ងៃនេះទេ។ វាមិនដែលជាការពិតឡើយហើយខ្ញុំមិនដឹងថានៅពេលណាទើបវានឹងក្លាយជាការពិតនោះទេ។ ហើយនោះគឺជាការពិតដែលយើងត្រូវតែប្រឈមមុខជាថ្មីម្តងទៀតនៅថ្ងៃនេះ”។
ជនជាតិដើមភាគតិចអូស្ដ្រាលីមានប្រហែល៣ភាគរយក្នុងចំណោមចំនួនប្រជាជនសរុប២៥លាននាក់ប៉ុន្តែនៅតែជាសហគមន៍ដែលជួបការលំបាកបំផុតរបស់ប្រទេសនេះ។
អត្រាអ្នកគ្មានការងារធ្វើសម្រាប់ជនជាតិដើមភាគតិចគឺខ្ពស់ជាងមធ្យមភាគជាតិ៣ទៅ៤ដង។
យោងតាមការិយាល័យស្ថិតិអូស្ត្រាលីបានបង្ហាញថា អត្រាធ្វើអត្ដឃាតសម្រាប់កុមារជនជាតិដើមភាគតិចគឺខ្ពស់ជាងប្រជាជនដែលនៅសេសសល់ចំនួន៥ដង។
របាយការណ៍នៅថ្ងៃព្រហស្បតិ៍គឺកត់សម្គាល់ជារយៈពេល១១ឆ្នាំចាប់តាំងពីអតីតនាយករដ្ឋមន្ត្រីលោក Kevin Rudd បានធ្វើការសុំអភ័យទោសជាប្រវត្តិសាស្ត្រចំពោះជនជាតិដើមភាគតិចសម្រាប់ភាពអយុត្តិធម៌រយៈពេលរាប់សតវត្សរ៍៕ AFP
Source: Kampuchea Thmey Daily
0 Comments