កំពង់ស្ពឺ ៖ អគ្គិភ័យឆាបឆេះរថយន្តដឹកប្រេងមួយគ្រឿង នៅស្ថានីយប្រេងឥន្ធនៈសូគីមិច លឹម ឈុនទ្រី នៅផ្លូវជាតិលេខ០៤ សង្កាត់រការធំ ក្រុងច្បារមន ខេត្តកំពង់ស្ពឺ បង្កការភ្ញាក់ផ្អើលដល់បងប្អូនប្រជាពលរដ្ឋ ប៉ុន្តែត្រូវបានកងកម្លាំងនគរបាលចេញប្រតិបត្តិការគ្រប់គ្រងស្ថានការណ៍ពន្លត់ បានទាំងស្រុង។
ហេតុការណ៍គ្រោះអគ្គិភ័យគួរឲ្យភ័យខ្លាចនេះ កើតឡើងនៅថ្ងៃព្រហស្បតិ៍ ទី១៤ ខែកុម្ភៈ ឆ្នាំ២០១៩ វេលាម៉ោង១៣និង៥៧នាទី។
ករណីអគ្គិភ័យមួយនេះផ្តើមឡើងពីការឆាបឆេះរថយន្តមួយគ្រឿង ដឹកប្រេងនៅស្ថានីយប្រេងឥន្ធនៈ យីហោ សូគីមិច ស្ថិតក្នុងភូមិក្រាំងពលទេព សង្កាត់រការធំ ក្រុងច្បារមន ខេត្តកំពង់ស្ពឺ ម្ចាស់ស្ថានីយ ដែលមានម្ចាស់ ឈ្មោះ លឹម ឈុនទ្រី។
តាមថៅកែស្ថានីយបានបញ្ជាក់ថា ស្ថានីយប្រេងករណីអគ្គិភ័យនេះ ធ្លាប់កើតឡើង កាលពីឆ្នាំទៅមួយនៅស្ថានីយនេះដែរ ដោយសារតែជាងផ្សារដែកធ្វើសកម្មភាពប្រក់ដំបូលផ្សារដែកខ្ទាតផ្កាភ្លើងទៅប៉ះជាមួយប្រេងហូរហៀរនៅលើឥដ្ឋ ក៏បណ្ដាលឲ្យឆេះតែម្ដង។
សម្រាប់ការឆេះថ្ងៃនេះ មូលហេតុ គឺបណ្ដាលមកពីរថយន្តដឹកប្រេងខ្នាតតូច (ដឹកតាមប៊ីដុង) បង្កឲ្យហៀរប្រេងចេញក្រៅប៉ះជាមួយកម្ដៅម៉ាស៊ីន ក៏កើតមានការឆាបឆេះទៅជាអគ្គិភ័យតែម្ដង។
តាមការបញ្ជាក់ពី លោកឧត្ដមសេនីយ៍ត្រី អ៊ុម ប៊ុនធឿន ស្នងការរង បានឲ្យដឹងថា ក្នុងហេតុការណ៍គ្រោះថ្នាក់ឆេះឡានដឹកប្រេងនេះ រថយន្តអគ្គិភ័យរបស់ស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺ ចេញជួយអន្តរាគមន៍ចំនួន០៣គ្រឿង និងរថយន្តរបស់ម្ចាស់ស្ថានីយចំនួន០២គ្រឿង ប្រើទឹក និងទឹកសាប៊ូ អស់ចំនួន១០ឡាន ទើបអាចគ្រប់គ្រងស្ថានការណ៍បានទាំងស្រុង៕
Source: Kampuchea Thmey Daily
0 Comments