អាជីពនយោបាយរបស់ម្ចាស់ក្សត្រីថៃ Ubolratana Rajakanya Sirivadhana Barnavadi មានរយៈពេលត្រឹមតែបីថ្ងៃប៉ុណ្ណោះប៉ុន្តែនៅពេលនោះ សេចក្តីប្រកាសរបស់ព្រះនាងដែលថា ព្រះនាងនឹងក្លាយជាបេក្ខជនសម្រាប់នាយករដ្ឋមន្ត្រីនៅក្នុងការបោះឆ្នោតខែមីនាបានធ្វើឲ្យព្រះរាជាណាចក្រមួយនេះមានការភ្ញាក់ផ្អើល។
ចំពោះបងស្រីរបស់ស្ដេច Maha Vajiralongkorn អង្គនេះ, ការចូលប្រឡូកក្នុងឆាកនយោបាយគឺជារឿងដ៏ភ្ញាក់ផ្អើលរួចទៅហើយប៉ុន្តែអ្វីដែលគំរាមកំហែងដល់នយោបាយថៃនោះគឺជាការពិតដែលថា ព្រះនាងបានប្រកាសពីបេក្ខជនរបស់ខ្លួនសម្រាប់គណបក្សប្រជានិយមមួយដែលមានទំនាក់ទំនងជាមួយអតីតនាយករដ្ឋមន្ត្រីនិរទេសខ្លួន។
កាលពីថ្ងៃចន្ទ គណកម្មាធិការបោះឆ្នោតរបស់ប្រទេសនេះបានដកហូតសិទ្ធិរបស់ម្ចាស់ក្សត្រីព្រះជន្ម៦៧វស្សាអង្គនេះពីការចូលរួមក្នុងការបោះឆ្នោតតាមព្រះរាជបន្ទូលផ្ទាល់របស់ព្រះមហាក្សត្រដែលមានបន្ទូលកាលពីថ្ងៃសុក្រថា បេក្ខភាពរបស់ម្ចាស់ក្សត្រីគឺ “មិនសមរម្យ”។
បើទោះបីជាម្ចាស់ក្សត្រីនឹងមិនក្លាយជាបេក្ខជននៅក្នុងការបោះឆ្នោតថ្ងៃទី២៤ខែមីនាក៏ដោយប៉ុន្តែមហិច្ឆតានយោបាយរបស់ព្រះនាងអាចដក់ជាប់ក្នុងចិត្តរបស់អ្នកបោះឆ្នោត។
ការបោះឆ្នោតនេះគឺជាលើកដំបូងចាប់តាំងពីរដ្ឋប្រហារយោធាឆ្នាំ២០១៤ហើយនឹងធ្វើឲ្យសម្ព័ន្ធមិត្តនៃអតីតនាយករដ្ឋមន្ត្រីលោកថាក់ស៊ីនស៊ីណាវ៉ាត្រាត្រូវប្រឆាំងនឹងក្រុមអ្នកគាំទ្រទីក្រុងនិងថ្នាក់កណ្តាលដែលមានការស្មោះស្ម័គ្រយ៉ាងខ្លាំងដល់ខ្សែរាជវង្សថៃ។ លោកថាក់ស៊ីនឬក្រុមរបស់គាត់បានឈ្នះគ្រប់ការបោះឆ្នោតនៅក្នុងប្រទេសថៃចាប់តាំងពីឆ្នាំ២០០១មក។
ជាមួយនឹងការតែងតាំងប្អូនស្រីរបស់ព្រះមហាក្សត្រសម្រាប់តំណែងនាយករដ្ឋមន្ត្រី, គណបក្សថៃរក្សាជាតិបានព្យាយាមលុបបំបាត់ការចោទប្រកាន់ជាយូរមកហើយដោយពួកអ្នកប្រឆាំងដែលថា លោកថាក់ស៊ីននិងសម្ព័ន្ធមិត្តរបស់គាត់មិនស្មោះត្រង់នឹងរាជវង្ស។
រាជវង្សានុវង្សត្រូវបានគោរពនៅក្នុងប្រទេសថៃ។ ការប្រមាថព្រះមហាក្សត្រគឺផ្ទុយនឹងច្បាប់ដែលត្រូវផ្តន្ទាទោសជាប់ពន្ធនាគាររហូតដល់១៥ឆ្នាំ។
តាមរយៈប្រពៃណីដ៏យូរអង្វែង រាជវង្សានុវង្សបានរក្សាខ្លួនឯងនៅខាងលើនយោបាយជានិមិត្តសញ្ញានៃវប្បធម៌ថៃ។ ចាប់តាំងពីឆ្នាំ២០០៥មក ក្រុមអ្នកតវ៉ាវណ្ណៈកណ្តាលនិងអ្នកទីក្រុងបានចាប់ផ្តើមធ្វើបាតុកម្មប្រឆាំងនឹងអំណាចរបស់លោកថាក់ស៊ីន។
ក្រុមអ្នកតវ៉ាដំបូងបានពាក់អាវលឿងដែលទាក់ទងជាមួយព្រះមហាក្សត្រ Bhumibol Adulyadej ដើម្បីបង្ហាញការគោរពចំពោះរាជាធិបតេយ្យនិងវប្បធម៌ថៃដែលពួកគេនិយាយថា លោកថាក់ស៊ីនបានគំរាមកំហែងតាមរយៈអំពើពុករលួយនិងការពង្រឹងអំណាចផ្ទាល់ខ្លួនរបស់គាត់។
យោធាបានទម្លាក់លោកថាក់ស៊ីននៅឆ្នាំ២០០៦ហើយចាប់តាំងពីពេលនោះមក នយោបាយថៃត្រូវជាប់នៅក្នុងវដ្តនៃសម្ព័ន្ធមិត្តរបស់គាត់ដែលបានឈ្នះការបោះឆ្នោតហើយក្រោយមកត្រូវបានបណ្តេញចេញពីអំណាចដោយការកាត់ក្តីរបស់តុលាការឬរដ្ឋប្រហារដែលកាលពីពេលថ្មីៗបំផុតគឺក្នុងឆ្នាំ២០១៤នៅពេលដែលកងទ័ពបានទម្លាក់សំណល់នៃរដ្ឋាភិបាលមួយដែលត្រូវបានដឹកនាំដោយប្អូនស្រីរបស់លោកថាក់ស៊ីនគឺលោកស្រីយីងឡាក់។
ការតែងតាំងម្ចាស់ក្សត្រី Udolratana គឺជាការប៉ុនប៉ងរបស់គណបក្សថៃរក្សាជាតិដើម្បីបើកទំព័រថ្មីនៃខ្សែរាជវង្សហើយក្លាយខ្លួនជាម្ចាស់ក្សត្រីប្រជានិយម។
ប៉ុន្តែគោលបំណងនេះត្រូវបានបំផ្លាញភ្លាមៗដោយប្អូនប្រុសរបស់ព្រះនាងដែលបានឡើងគ្រងរាជ្យនៅក្នុងឆ្នាំ២០១៦បន្ទាប់ពីការសោយទិវង្គតរបស់ព្រះបិតាហើយនឹងត្រូវឡើងគ្រងរាជសម្បត្តិជាផ្លូវការនៅក្នុងខែឧសភា៕ REUTERS
Source: Kampuchea Thmey Daily
0 Comments